ហេតុ​អ្វី​ថៃ​ប្រគល់​ខ្លួន​លោក​សម សេរី ឲ្យ​រដ្ឋាភិបាល​ដា​ណឺម៉ា​កមិន​ឲ្យ​កម្ពុជា​?

27-04-2018 6:03 pm 16502
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោកសម សេរី ដែល​ត្រូវបាន​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​បញ្ហា​ទិដ្ឋាការ​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ ត្រូវបាន​អាជ្ញាធរ​ថៃ សម្រេច​ដោះលែង និង​បញ្ជូន​ទៅ​ប្រទេស​ដា​ណឺ​ម៉ាក កាលពី​វេលា​យប់​រំលង​អាធ្រា​ត ឈានចូល​ថ្ងៃ​ទី​២៧ មេសា​នេះ ក្រោយពី​មាន​កិច្ច​អន្តរាគមន៍ ពី​រដ្ឋាភិបាល​ដា​ណឺ​ម៉ាក និង​អង្គការ​សហប្រជាជាតិ​។ នេះ​បើ​តាម​ការអះអាង​ពី​សមាជិក​នៃ​ចលនា​រំដោះ​ជាតិ​ខ្មែរ ប្រាប់​ដល់​សារព័ត៌មាន​ក្នុងស្រុក​។​

​ការសម្រេច​ពី​ភាគី​ថៃ​បែបនេះ ធ្វើឡើង​ខណៈដែល​អាជ្ញាធរ​កម្ពុជា ក៏​បាន​ដាក់​សំណើរ​ស្នើសុំ​បញ្ជូន​ខ្លួន លោក​សម សេរី មក​កាន់​កម្ពុជា​ផងដែរ ដើម្បី​មក​ទទួល​ទោស​ដែល​បាន​ប្រព្រឹត្ត​។​តើ​ហេតុអ្វី​បានជា​ថៃ សម្រេច​ប្រគល់​ខ្លួន​លោក​សម សេរី ឲ្យទៅដា​ណឺ​ម៉ាក មិន​ឲ្យ​កម្ពុជា​?

​លោក គិន ភា សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា កម្ពុជា និង​ថៃ មាន​កិច្ចព្រមព្រៀង​បត្យាប័ន ក្នុង​ការផ្លាស់ប្ដូរ​អ្នកទោស ប៉ុន្តែ​សម្រាប់​ករណី​លោក​សម សេរី គឺ​លោក​មើល​ឃើញ​ទិដ្ឋភាព​ចំនួន​២ គឺ​ភាព​មិន​ទាន់​ត្រូវបាន​កាត់ទោស ដែល​មាន​សាលក្រម​ស្ថាពរ​ពី​តុលាការ​កម្ពុជា និង​មួយទៀត ថៃ​ជា​ប្រទេស​ដែល​គិតគូ ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ច្រើន​ជាង​មិត្តភាព ជាមួយ​ប្រទេស​ជិតខាង​។​

​សំឡេង

​លោក សម សេរី ត្រូវបាន​នគរបាល​អន្តោប្រវេសន៍​ថៃ ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៥ មេសា ហើយ​ត្រូវ​បញ្ជូន​ទៅ​ទីក្រុង​បាងកក នៅពេល​កំពុង​តែ​បន្ត​ទិដ្ឋាការ​របស់​លោក​។ លោក សម សេរី ក៏​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា តាម​ចាប់ខ្លួន​រឿង​ចោទប្រកាន់​ធ្វើ​អំពើ​ភេរវកម្ម​, និង​ករណី​នៃ​ការរៀបចំ​គម្រោង​ប៉ុនប៉ង​បំផ្ទុះ​គ្រាប់បែក នៅក្នុង​អំឡុង​ចូលឆ្នាំ​ខ្មែរ នៅ​រមណីដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ក្រុងភ្នំពេញ និង​ខេត្ត​សៀមរាប​។ 

​ភ្លាមៗ​ក្រោយ​ទទួលដំណឹង​ពី​ការឃាត់ខ្លួន លោក​សម សេរី នៅ​ប្រទេស​ថៃ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើ​សំណើ​ជា​ផ្លូវការ ទៅ​អាជ្ញាធរ​ថៃ ដើម្បី​ស្នើសុំ​បញ្ជូន​បុគ្គល សម សេរី មក​ទទួល​ទោស​នៅ​កម្ពុជា ដែល​ការស្នើ​នេះ​បាន​ធ្វើឡើង​មួយថ្ងៃ ក្រោយ​ការចាប់ខ្លួន​។​

​លោក​ឯម វណ្ណា​រ៉ា អ្នកវិភាគ​នយោបាយ បាន​បញ្ជាក់​ប្រាប់​VOD​ថា រដ្ឋាភិបាល​ដា​ណឺម៉ា​កមាន​សិទ្ធិ អាច​នាំ​លោក សម សេរី ទៅ​ប្រទេស​របស់​ខ្លួន​បាន ស្របតាម​គោលការណ៍​សញ្ជាតិ ខណៈ​ប្រទេស​នេះ បាន​ស្នើសុំ​មុន បើទោះបីជា​ថៃ និង​កម្ពុជា បាន​ចុះ​កិច្ច​ព្រមព្រៀង​ធ្វើ​បត្យាប័ន​ជាមួយ​គ្នា​ក៏​ដោយ​។ លោក​ថា ករណីនេះ មកពី​លិខិត​ស្នើ​សុំ​របស់​រដ្ឋាភិបាល​ដា​ណឺ​ម៉ាក បញ្ជូន​ទៅ​ដល់​ថៃ មុន​សំណើរ​របស់​កម្ពុជា ទើប​គេ​សម្រេច​បញ្ជូន​ទៅ​ដា​ណឺ​ម៉ាក​។​

​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ មានប្រសាសន៍ថា ករណីនេះ មិន​ទាក់ទង​នឹង​សំណើ​រដាក់​មុន ឬ​ក្រោយ​នោះទេ​។ បើ​គេ​មិនឲ្យ ទោះបីជា​សរសេរ​សំណើរ ៤ ឬ​៥​ទំព័រ​ទៀត​ក៏​គេ​មិន​ឲ្យ​ដែរ​។ តែ​យ៉ាងណាក៏ដោយ កម្ពុជា​មិនមែន​អ្វី​ទៅ​ប្រតិកម្ម នឹង​រដ្ឋាភិបាល​ថៃ​នោះទេ ព្រោះនេះ​ជា​សិទ្ធិ​សម្រេច​របស់​ថៃ​។​

សំឡេង

​សូមបញ្ជាក់​ថា លោក សម សេរី ប្រធាន​ចលនា​រំដោះ​ជាតិ​ខ្មែរ ត្រូវបាន​តុលាការ​កម្ពុជា​កាត់ទោស​កំបាំង​មុខ​ឲ្យ​ជាប់ពន្ធនាគារ​៩​ឆ្នាំ​កាល​ពី​ឆ្នាំ ២០១៤ ជាមួយ​សមាជិក​ចលនា​រំដោះ​ជាតិ​ខ្មែរ​ជាង ១០ នាក់​ផ្សេង​ទៀត​ក្នុង​សំណុំរឿង​រួមគំនិត​ក្បត់​។​

​លោក សម សេរី គឺជា​ស្ថាបនិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ (KNLF) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក ដែល​ត្រូវបាន​ប្រកាស​ខ្លួន ជា​ជនភៀសខ្លួន​នយោបាយ ហើយ​ច្រាន​ចោល​ការចោទប្រកាន់​នានា ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្នុង​អំឡុង​ខែ​តុលា​ឆ្នាំ ២០១៦ លោក​បាន​ប្រកាស​បង្កើត​រដ្ឋាភិបាល​ជាតិ​ខ្មែរ​និរទេស ដែល​មាន​សមាជិក​រដ្ឋាភិបាល​ស្រមោល​ចំនួន ៥៦ នាក់​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត