អ្វី​នៅ​ពីក្រោយ​​នយោបាយ​​ការទូត​​ដ៏​ទន់ភ្លន់​​របស់​លោក គីម ជុង​អ៊ុន​​?​

27-04-2018 3:42 pm 1829
  ស្តាប់
មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន។
ស្តាប់ជាសំឡេង

​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន នៅ​រយៈពេល​ចុងក្រោយ​នេះ បានបង្ហាញ​នូវ​ឥរិយាបថ​ទន់ភ្លន់​ដ៏​កម្រ ជាមួយ​មេដឹកនាំ​សំខាន់ៗ​នៅលើ​ពិភពលោក​។ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​លោក គីម បានធ្វើឱ្យ​ពិភពលោក​កាន់តែ​ភ្ញាក់ផ្អើល គឺ​លោក​ដើរ​ឆ្លងកាត់​ខ្សែបន្ទាត់​បែងចែក​ឧបទ្វីប​កូរ៉េ​អស់​រយៈពេល​៦៥​ឆ្នាំ ចូលមក​កូរ៉េខាងត្បូង ដើម្បី​ចូលរួម​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែ​អ៊ីន​។ តើ​អ្វី​នៅ​ពីក្រោយ​នយោបាយ​ការទូត​ដ៏​ទន់ភ្លន់ របស់​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង​រួប​នេះ​?​

​វា​ជា​លើកដំបូង​ចាប់តាំងពី​សង្គ្រាម​ឧបទ្វីប​កូរ៉េ​បិទ​បញ្ចប់​នៅ​ឆ្នាំ ១៩៥៣ ដែល​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ដើរ​ឆ្លងកាត់​ខ្សែបន្ទាត់ ដែល​បែងចែក​ឧបទ្វីប​កូរ៉េ​អស់​រយៈពេល​៦៥​ឆ្នាំ ចូលមក​កូរ៉េខាងត្បូង ហើយ​ឥរិយាបថ​នេះ ត្រូវបាន​សារព៏ត៌​ជាច្រើន នៅលើ​ពិភពលោក យកមក​ចាក់ផ្សាយ​យ៉ាង​ព្រោងព្រាត​។​

​បន្ទាប់ពី​បាន​ឆ្លងកាត់​បន្ទាត់ លោក​គីម បាន​ចូលទៅ​អគារ​សន្តិភាព​នៅ​ខាងលិច​នៃ​ព្រំដែន និង បាន​ចុះហត្ថលេខា​លើ​សៀវភៅ​ស្វាគមន៍​មួយ​ដោយមាន​សារលិខិត​ថា "​ប្រវត្តិសាស្ត្រ​ថ្មី​ចាប់ពីពេលនេះ​ទៅ យើង​កំពុង​ចាប់ផ្តើម​សម័យ​សន្តិភាព​ជា​ប្រវត្តិសាស្ត្រ​" ។ មេដឹកនាំ​កូរ៉េខាងជើង​វ័យ​៣៤ ឆ្នាំ​រូបនេះ បាន​សង្កត់ធ្ងន់ថា  "​ចូរ​យើង​កាន់​ដៃ​គ្នា ហើយ​ដើរ​ឆ្ពោះទៅ​អនាគត​"​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែ​អ៊ីន បាន​សម្តែង​នូវ​ការគោរព ចំពោះ​ការសម្រេចចិត្ត​ដ៏​ក្លាហាន​របស់លោក គីម ជុង​អ៊ុន​។ លោក​មូន និយាយថា លោក​គីម មាន​ឆន្ទៈ​ចង់​ពិភាក្សា អំពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ និង ការដក​កងទ័ព​អាមេរិក ចេញពី​ឧបទ្វីប​កូរ៉េ​។​

​គួរ​បញ្ជាក់ថា មុននឹង​មកជួប​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក គីម ជុង​អ៊ុន បាន​ជួប​ជាមួយ​ប្រធានា​ធីបតិ​ចិន លោក​ស៊ី ជីន​ពីង ដែល​គេ​ស្គាល់​ថា ជា​បងធំ​របស់ កូរ៉េខាងជើង តាំងពី​បាន​ចូលប្រឡូក​ក្នុង​សមរភូមិ​រួមគ្នា​នៅក្នុង​សម័យ​សង្គ្រាម​កូរ៉េ​ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៥៣​។ ហើយ​លោក គីម ក៏​គ្រោង​ជួប​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណាល់ ត្រាំ នា​ដំណាច់​ខែឧសភា​ផងដែរ​។​

​និ​យាយ​ជារួម នយោបាយ​ការទូត​យ៉ាង​ទន់ភ្លន់​របស់លោក គីម ជុង​អ៊ុន​នេះ អាចជា​យុទ្ធសាស្ត្រ​ការទូត​ថ្មី​របស់​របប​កុ​ម្មុយ​និស្ត​ទីក្រុង​ព្យុងយ៉ាង​។ លោក គីម ជុង​អ៊ុន ទំនងជា​ចង់​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ និង ចង់បាន​ឧបទ្វីប​កូរ៉េ​គ្មាន​នុយក្លេអ៊ែ​រ តាម​ចង់បាន​របស់​សហគម​ន៍​អន្តរជាតិ ដើម្បី​អភិវឌ្ឍ​ប្រទេស និង រំដោះ​ភាពក្រីក្រ​របស់​ប្រជាជន ខណៈដែល​ទណ្ឌកម្ម​ពី​អន្តរជាតិ កំពុង​ដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​មកលើ​កូរ៉េខាងជើង​។​

​ម្ប៉ាង​វិញ​ទៀត អ្វីដែល​មេដឹកនាំ​កូរ៉េខាងជើង​វ័យ ៣០​ឆ្នាំ​ប្លាយ ត្រូវការ​ជា​អាទិភាព គឺ​ការធានា​សន្តិសុខ​ពី​ចិន ចំពោះ​របប​កុ​ម្មុយ​និស្ត​របស់ខ្លួន ព្រោះថា ចិន​ជា​ប្រទេសជិតខាង ជា​សម្ព័ន្ធមិត្ត​ប្រពៃណី និង ជា​ខ្នងបង្អែក​ផ្នែក​សេដ្ឋកិច្ច​ដ៏​ធំ របស់​របប​កុ​ម្មុយ​និស្ត​ទីក្រុង​ព្យុងយ៉ាង​។

​គួររម្លឹកថា នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទំនាក់ទំនង​រវាង​ចិន និង កូរ៉េខាងជើង​ក្នុង​ជំនាន់​លោក គីម ជុង​អ៊ុន ហាក់​តានតឹង​ខ្លាំង​។ ភាព​តានតឹង​នេះ ដោយសារតែ​កូរ៉េខាងជើង រឹងទទឹង​នៅតែ​បាញ់​សាកល្បង​អាវុធ នុយក្លេអ៊ែ​រ បង្ក​ជា​អសន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ ធ្វើឱ្យ​ក្រុង​ប៉េកាំង មានការ​ទើសទាល់​ចិត្តជា​ខ្លាំងណាស់ ចំពោះ​ទង្វើ​ផ្គើន​ដល់​សហគមន៍​អន្តរជាតិ​។​

​សម្រាប់​មហា​យក្ស​ចិន មិន​ចង់ឱ្យ​ឧបទ្វីប​កូរ៉េ​មាន​នុយក្លេអ៊ែរ​ទេ  ហើយ​ក៏មិង​ចង់ឃើញ បងប្អូន​កូរ៉េ​ទាំងពីរ បាន​រួបរួម​កូរ៉េ​តែមួយ​ដែរ  ព្រោះ​ចិន​ខ្លាច អាមេរិក​លើក​កងទ័ព​មក​ឈរជើង​ក្នុង​ទឹកដី​កូរ៉េខាងត្បូង ដែលមាន​ទីតាំង​នៅក្បែរ​ព្រំដែន​ខ្លួន​។ ម្លោះ​ហើយ ក្រុង​ប៉េកាំង​បារម្ភ​ខ្លាំង ខ្លាច​របប​កុ​ម្មុយ​និស្ត​នៅក្រុង​ព្យុងយ៉ាង ដួលរលំ ព្រមទាំង​អាច​បង្កឱ្យមាន​ជនភៀសខ្លួន​ហូរ​ចូលក្នុង​ទឹកដី​របស់​ចិន​។​

​ដូច្នេះ ជំនួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ចេ​អ៊ីន និង គម្រោង​ជួ​ប​ជាមួយ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ នា​ដំណាច់​ខែឧសភា​ខាងមុខ លោក គីម ជុង​អ៊ុន អាច​នឹងត្រូវ​បានការ​ផ្តល់ ជា​មតិយោបល់ ការណែនាំ ដំបូលន្មាន និង ការគាំទ្រ​ពី​បងធំ​ចិន លោក ស៊ី ជីន​ពីង​។​

​មុន​ថ្ងៃជំនួប​ឈាន​មកដល់ វ៉ាស៊ីនតោន និង ប៉េកាំង បានដាក់​លក្ខខណ្ឌ​ថា ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក ដូ​ណាល់ ត្រាំ និង លោក គីម ជុង​អ៊ុន នឹង​សម្រេច​ទៅបាន ដរាបណា​តែ​កូរ៉េខាងជើង គោរព​ពាក្យសន្យា​របស់​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន ក្នុង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ ទាំងស្រុង និង បញ្ចប់​រាល់​ការសាកល្បង​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល​។​

​យ៉ាងណាក្តី ចំពោះ​ឥរិយាបថ​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​នេះ អ្នកជំនាញ​បរទេស​ខ្លះ សម្តែ​ការព្រួយបារម្ភ ខ្លាច​របប​កុ​ម្មុយ​និស្ត​ទីក្រុង​ព្យុងយ៉ាង មិន​គោរព​តាម​ការសន្យា ដូច​កាលពី​ឆ្នាំ​២០១២​។ ព្រោះ​មេដឹកនាំ​វ័យក្មេង​រូបនេះ ពិបាក​នឹង​ស្មានចិត្ត​ដឹង​ណាស់​។​ដូច្នេះ​គេ​នឹង​រង់ចាំ​មើលថា​តើ លោក គីម ជុង​អ៊ុន ព្រម​រំសាយ​អាវុធ​នុយក្លេអ៊ែរ ដើម្បី​សេដ្ឋកិច្ច ប្រទេស ឬក៏​ធ្វើឡើង​គ្រាន់តែ​បំភ័ន​ភ្នែក​អន្តរជាតិ​?

 

 


ព័ត៌មានផ្សេងទៀត