វត្តមាន​​ជន​ជាតិចិន​​អាច​ក្លាយ​ជា​មុខសញ្ញា​​វាយប្រហារ​​អ្នកនយោបាយ ​បន្ទាប់​ពី​វៀត​ណាម​​

26-04-2018 3:30 pm 709
  ស្តាប់
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។
ស្តាប់ជាសំឡេង

​បច្ចុប្បន្ន​វត្តមាន​ជន​ជាតិចិន ចូលមក​ស្នាក់នៅ និង ប្រកប​ការងារ ច្រើន​សន្ធឹកសន្ធាប់ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស ក្នុង​តំបន់​ទេសចរណ៍​។ លំហូរ​នៃ​ជនជាតិ​ចិន​នេះ ជាទូទៅ​មាន​មជ្ឈដ្ឋាន​មួយចំនួន រួមទាំង​ក្រុម​ចលនា​ប្រឆាំង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លើក​មក​រិះគន់​ស្ទើ​គ្រប់​វេទិកា​។ តើ​នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី របស់​អ្នកនយោបាយ​ខ្មែរ​ឬ​? សូម​ស្តាប់​បទ​វិភាគ ដោយ គួន សំបូរ​៖

​ការកើនឡើង​នូវ​ចំនួន​ជន​ជាតិចិន ដែល​ចូលមក​ស្នាក់នៅ និង ប្រកប​ការងារ ក្នុងប្រទេស​កម្ពុជា​សព្វ​ថ្ងៃ អាច​ក្លាយជា​មុខសញ្ញា​នៃ​យុទ្ធសាស្ត្រ​ថ្មី​របស់​អ្នកនយោបាយ​ខ្មែរ ជាពិសេស​ក្រុម​អ្នកប្រឆាំង​នៅឯ​ក្រៅប្រទេស​។
​មូលហេតុ​? គេ​ពិនិយ្យឃើញថា ស្ទើតែ​គ្រប់​វេទិកា វត្តមាន​អន្តោប្រវេសន៍​ចិន​លើ​ទឹកដី​ខ្មែរ ត្រូវ​អ្នកនយោបាយ យកមក​ដាក់​នៅលើ​តុ ហើយ​បកស្រាយ​ថា រាជរដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន បើកដៃ​ឱ្យ​ជន​ជាតិចិន យក​ដី យក​កោះ យក​អំណាច  ជា​ថ្នូរ​នឹង​ជំនួយ​របស់​ចិន និង ការពារ​អំណាច​របស់​រដ្ឋាភិបាល​។​

​ការវាយប្រហារ​របស់​អ្នកនយោបាយ​នេះ ធ្វើឱ្យ​វត្ត​មាននៃ​ជន​ជាតិចិន កាន់តែ​មាន​ការចាប់ អារម្មណ៍​ជាខ្លាំង​ពី​សាធារណៈជន​ខ្មែរ ស្របពេល​ជន​ជាតិចិន​ខ្លះទៀត បង្ហាញ​នូវ​អាកប្បកិរិយា​មិនល្អ​ក្នុង​ការរស់នៅ ហើយ​បង្ក​ជា​អសន្តិសុខ ក្នុង​តំបន់​ទេសចរ​របស់​កម្ពុជា និង ខ្លះទៀត​បាន​យក​កម្ពុជា ជា​កន្លែង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ អ៊ី​ន​ធឺ​ណេត​ថែមទៀត​។​

​ក្នុងពេល​អ្នកនយោបាយ​បែរ​យុទ្ធសាស្ត្រ​រិះគន់​លើ​ចិន  ចលករ​នេះ​បាន​ជំរុញ​ឱ្យ​គំនិត​ស្អប់​ជនជាតិ​វៀតណាម ហាក់​ត្រូវ​ស្ងាត់ ខុសពី​ប៉ុន្មាន​ឆ្នាំមុនៗ ដែល​ជនជាតិ​វៀតណាម ត្រូវបាន​អ្នកនយោបាយ លើកយក​មក​វាយប្រហា​រ​គ្នា​ទៅវិញទៅមក ហើយ​បញ្ហា​នេះ ស្ទើ​ក្លាយជា​ជំងឺមហារីក​សម្រាប់​សង្គម​ខ្មែរ​។​

​កាល​ដើម​អាណត្តិ​ទី​៥ ទស្សនៈ​រើសអើង​ប្រឆាំង​ជនជាតិ​វៀតណាម គឺជា​រឿង​គួរឱ្យ​ព្រួយបារម្ភ​មួយ ហើយ​ស្ទើ​ក្លាយទៅជា​ការរើសអើង​ប្រឆាំង​ពូជសាសន៍​។ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​ជាង​នេះ គឺ​ការ​លាប​ពណ៌​ខ្មែរ​គ្នាឯង​ថា ជា​វៀតណាម បាន​កើតមាន​ពេញ​ក្នុងសង្គម ជាពិសេស ក្នុង​ឆាកនយោបាយ​ខ្មែរ​។ ជំងឺ​ទាំងអស់នេះ សុទ្ធ​សឹក​បង្កឡើង​ដោយសារ តែ​យុទ្ធសាស្ត្រ​របស់​អ្នកនយោបាយ ដើម្បី​វាយប្រហារ​ដៃ​គូប្រកួត​។​

​រីឯ​បញ្ហា​ជនជាតិ​ចិន​សព្វថ្ងៃ​វិញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​អ្នក​រិះគន់ថា ជា​អំពើ​ឆ្កួត​លីលា ព្រោះថា​ចិន​មក​នៅ​ស្រុក​ខ្មែរ​រហូត​នោះទេ អ្នក​ទាំងនោះ​នឹង​ទៅ​ស្រុក​វិញ ក្រោយពេល​បញ្ចប់​ការងារ​នៅ​កម្ពុជា​។  បើតាម​លោក​ហ៊ុន សែន សព្វថ្ងៃ​ទេសចរ​ចិន​មក​កម្ពុជា​១​លាន ២​សែន​នាក់ និង មាន​ក្រុមហ៊ុន​ចិន​ច្រើន មក​វិនិយោគ​នៅ​កម្ពុជា ហើយ​កំពុង​អភិវឌ្ឍ​សាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជាច្រើន​។​ដូច្នេះ លោក​ស្នើ​កុំ​មាន​ការព្រួយបារម្ភ​។​

​ជា​ការពិត កំណើន​អ្នកវិនិយោគ និង ទេសចរ​ចិន វា​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​មួយ សម្រាប់​សេដ្ឋកិច្ច​របស់​កម្ពុជា ខណៈ​កម្ពុជា​ខ្លួនឯង កំពុង​ត្រូវ​ការអភិវឌ្ឍ​បន្ថែម ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ ទឹក និង ប្រព័ន្ធ​ភ្លើង​ជាដើម​។ ប៉ុន្តែ​និយាយ​បែបនេះ មិនមែន​ចាត់ទុក​អ្នក​រិះគន់​ទាំងអស់​សុទ្ធតែ​ខុស​នោះទេ ឱ្យតែ​ការរិះគន់​នោះ មិនមែន​ជាការ​កុហក បោកប្រាស់​ប្រជាជន ដើម្បី​ផលប្រយោជន៍ ផ្នែក​នយោបាយ​។​

​បទពិសោធន៍​ស្រដៀង​គ្នា​នេះ ធ្លាប់​កើតមាន​ម្តង​រួចមកហើយ លើ​វត្តមាន​ជនអន្តោប្រវេសន៍​វៀតណាម អ្នកនយោបាយ​ព្យាយាម​កេងចំនេញ​អស់​មិនតិច​ឡើង រហូត​ធ្វើឱ្យ​ក្លាយជា​ជំងឺ​សង្គម គួបផ្សុំ​នឹងរឿង​ប្រវត្តិសាស្ត្រ និង​បង្ក​ជា​ជម្លោះផ្ទៃក្នុង​។ ចង់​មិន​ចង់ ទំនាស់​ផ្ទៃក្នុង​ខ្លួន ឯង មិនបាន​ធ្វើឱ្យ​កម្ពុជា​រីកចំរើន និង​អភិវឌ្ឍ​បាន​ស្រួល​បួស​នោះទេ​។​

​ជារួម​កម្ពុជា​មាន​មោទនភាព ចំពោះ​ភ្ញៀវ​ទេសចរណ៍​បរទេស ជាពិសេស​ចិន ដែល មក​ទស្សនា និង ធ្វើ​ការវិនិយោគ​លើ​វិស័យ​នានា នៅ​ប្រទេស​កម្ពុជា​។​ទទួលស្គាល់ថា វា​លំបាក តែ​កម្ពុជា​ត្រូវតែ​ចេះ​ទាញយក​កំណើន​ទាំងនេះ ដើម្បី​អភិវឌ្ឍ​ជាតិ និង​ទុកជា​មេរៀន​នា​ពេលអនាគត​។​

​ការរិះគន់​ទោះជា​យុទ្ធសាស្ត្រ​នយោបាយ​ថ្មី  តែ​ការរិះគន់​នេះ ក៏​ជា​ផ្នែក​មួយ សម្រាប់​ពញ្ញា​ក់ដា​ស់អារ​ម្មណ៍ ដល់​អ្នកពាក់ព័ន្ធ លើ​ជនអន្តោប្រវេសន៍​ទូទៅ ជាពិសេស ជន​ជាតិចិន ដែល​កំពុង​កើនឡើង​។​

​ដូច្នេះ អាជ្ញាធរ​ជំនាញ គួរ​ទាញយក​បទពិសោធន៍​ពី​វិធានការ និង ការរៀបចំ​លើ​ជនជាតិ​វៀតណាម ក្នុងន័យ ទប់ស្កាត់​ការវាយប្រហារ តាមផ្លូវ​នយោបាយ​ផង និង ដើម្បី​ផលប្រយោជន៍​ជាតិ​ផង​។ ម្យ៉ាងវិញទៀត គួរ​ពង្រឹង​លើ​ការគ្រប់គ្រង ការអនុវត្ត​ច្បាប់ ការទិញ​លក់ ឬ​ការផ្ទេរសិទ្ធិ ការរៀបចំ​រចនាបទ​ក្នុង​ការសាងសង និង ការសរសេរ​អក្សរ​តាម​ទីសាធារណៈ ព្រោះ​ទាំងនេះ សុទ្ធតែជា​ចំណុចរសើប ហើយ​ងាយ​រង​ការរិះគន់​។ កាលណា​ពង្រឹង​ច្បាប់​ល្អ ការប្រព្រឹត្ត​បទល្មើស ក៏​អាច​នឹងត្រូវ​កាត់បន្ថយ ចំណែក​យុទ្ធសាស្ត្រ​នៃ​វាយប្រហារ​តាមផ្លូវ​នយោបាយ ក៏​មិនមាន​ប្រសិទ្ធភាព​ដែរ​៕

ព័ត៌មានផ្សេងទៀត