លោក​គង់​មុនី​កា​៖​គណបក្ស​ឆន្ទៈ​ខ្មែរ​គឺជា​ប៉ូល​នយោបាយ​ថ្មី​ដាច់ដោយឡែក​ពី​អតីត​CNRP

26-04-2018 3:29 pm 739
  ស្តាប់
លោក គង់ មុនីកា អំឡុងពេលចុះឈ្មោះបោះឆ្នោតនាពេលកន្លងមក ។ រូបថតពី ហ្វេសប៊ុក លោក គង់ មុនីកា ។
ស្តាប់ជាសំឡេង

​លោក គង់ មុនី​កា  ដែល​ត្រូវជា​កូនប្រុស​ពៅ​របស់លោក គង់ គាំ បាន​ប្រកាស​បង្កើត គណបក្ស​ឆន្ទៈ​ខ្មែរ តាម​សេចក្តីប្រកាស​និង​អំពាវនាវ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា ។ លិខិត​សេចក្តីប្រកាស​ដែល​រៀបចំឡើង​ដោយ​លោក គង់ មុនី​កា  បាន​សរសេរ​បញ្ជាក់ថា បើទោះបីជា​មាន​ការ​ជួញ​ជ្រោមជ្រែង​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ដើម្បី​ឱ្យមាន​ភាព​ស្រុះស្រួល​អាច​ទទួលបាន ចំពោះ​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៨ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា ពិសេស​ប្រើប្រាស់​គ្រប់​មធ្យោបាយ ទាមទារ​ឱ្យ​មេដឹកនាំ និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​វត្តមាន​នៅ​ពេល​បោះ​ឆ្នោត​ខាង​មុខ​យ៉ាងណាក៏ដោយ ក៏​ក្រុម​លោក​គ្មាន​សុ​ទិដ្ឋិ​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​ជា​គណបក្ស​ឈរ​ឈ្មោះ និង​ដាក់​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ នេះ​បាន​ទាន់​ពេល​នោះ​ឡើយ ។​

​យ៉ាងណាក៏ដោយ ការ​ចេញ​មក​បង្កើត​គ​ណ​បក្ស​ថ្មី​នេះ លោក គង់ មុនី​កា ប្រាប់ថា គណបក្ស​ឆន្ទៈ​ខ្មែរ គឺជា​ប៉ូល​នយោបាយ​ថ្មី​ដាច់ដោយឡែក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។ លោក​អះអាង​ថា គោលបំណង​នៃ​គណបក្ស​ថ្មី​នេះ គឺ​ចង់ឱ្យ​ខ្មែរ​មាន​ទំនាក់ទំនង​គ្នា សម្រេច​កិច្ចកា​រងារ​ធំៗ​រួមគ្នា​ដើម្បី​ការអភិវឌ្ឍ​ប្រទេសជាតិ​ទៅ​ថ្ងៃមុខ​…
​សំឡេង​៖

​លោក​ប្រាប់​បន្តថា បច្ចុប្បន្ន គណៈបក្ស​ឆន្ទៈ​ខ្មែរ មាន​សហ​ស្ថាបនិក​ភាគច្រើន មាន​ប្រភព​ចេញ​ពី​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។ តែ​យ៉ាងណាក៏ដោយ លោក​មិន​ទាន់​អាច​បញ្ជាក់ប្រាប់​បានទេ​ថា តើ​ជា​អ្នកណាខ្លះ​… 
​សំឡេង​៖

​ក្រោយ​ប្រកាស​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ កាល​ពី​ម្សិលម៉ិញ លោក​មើលឃើញថា មាន​ការគាំទ្រ​ពី​សំណាក់​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​មួយចំនួន ជាហេតុ​ធ្វើឱ្យ​លោក​មាន​សុទ្ធិដ្ឋិ​ថា នឹង​អាច​ប្រមូល​ចំនួន​ស្នាម​មេដៃ​គាំទ្រ ដើម្បី​ចុះបញ្ជី​បង្កើត​គណបក្ស​ទៅ​ក្រសួង​មហាផ្ទៃ​ទាន់ពេល ហើយ​និង​អាច​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ។​

​លោក គង់ មុនី​កា ថា គណបក្ស​ឆន្ទៈ​ខ្មែរ ជា​រូប​កាយ​ថ្មី តែ​ព្រលឹង​ស្មារតី​ពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៧ របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រួម​កាយ រួមចិត្ត​ជា​ធ្លុង​មួយ ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យមាន​ការផ្លាស់ប្តូរ​នោះ ប្រាកដ​ជា​ដណ្តើមបាន​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ និង​ត្រចះត្រចង់ នៅ​ឆ្នាំ​២០១៨​នេះ​ជាក់​ជា​មិនខានឡើយ ។​

​យ៉ាងណាក៏ដោយ គម្រោង​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ របស់​កូនប្រុស​ពៅ លោក គង់ គាំ រូបនេះ ត្រូវបាន​សមាជិក​មន្ត្រី និង​សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​មិនសូវ​សាទរ​នឹង​គម្រោង​នេះ​ឡើយ ដោយ​ពួកគេ​បាន​លើកឡើង​ថា ការបង្កើត​គណបក្ស​ថ្មី​ក្នុង​កាលៈទេសៈ​នេះ គឺជា​អន្ទាក់​ដែល​រឹតតែ​វ័ណ្ត​ក​ទ្វេ​ឡើង ។​

​ជាមួយគ្នានេះ សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ក្រៅ​ប្រទេស លោក ប៉ាង សុខឿន ហៅ​ខ្មែរ​សុវណ្ណ​ភូមិ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុកខ្លួន សំដៅ​ដល់​លោក​គង់ គាំ មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​កូនប្រុស​ពៅ​របស់លោក គឺ​លោក គង់ មុនី​កា  ក្នុង​ន័យ​ដើម​ថា ការបើក​បក្សនយោបាយ វា​គឺជា​សិទ្ធិ​បុគ្គល​យ៉ាង​ពិតប្រាកដ តែ​ក្នុង​បរិបទ​សព្វថ្ងៃ លោក​គង់ គាំ និង​កូនចៅ មិនគួរ​បើក​បក្ស​ឡើយ ព្រោះ​វា​បាន​ត្រឹមតែ​ជា​ផ្កា​លម្អ​សួន ឬ​ដើរតួ​ជា​អ្នក​បំពេញ​ភាពស្របច្បាប់​ឱ្យ​គណបក្សកាន់អំណាច​សព្វ​ថ្ងៃ​ប៉ុណ្ណោះ ។​

​យ៉ាងណាម៉ិញ លោក អេង ឆៃអ៊ាង មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុកខ្លួន បែប​សំដៅ​ទៅ​ដល់​គម្រោង​ដំណើរការ​បង្កើត​គណបក្ស​ថ្មី​នេះ​ថា « ចិត្ត​មនុស្ស​ពិតជា​មិន​អាច​វាស់​បាន​មែន ដូច​ពាក្យចាស់​លោក​បាន​ពោលថា ជម្រៅ​ទឹក​សមុទ្ទ គេ​អាច​វា​ស់បាន តែ​ជម្រៅ​ចិត្ត​មនុស្ស មិន​អាច​វាស់​បានឡើយ ។ យ៉ាងណាមិញ ចិត្ត​អ្នកនយោបាយ ក៏​ដូច្នោះ​ដែរ ចិត្ត​ពី​ដំបូង​ធ្វើ​នយោបាយ​ដើម្បី​សង្គ្រោះ​ជាតិ​ទាំងអស់គ្នា ដល់​ពេល​សង្គ្រោះ​ជាតិ​ជួប​ឧបសគ្គ បាន​ប្រែចិត្ត ទៅ​សង្គ្រោះ​គ្រួសារ ឬ​ទ្រព្យសម្បត្តិ​វិញ ។​»

​ស្រដៀង​គ្នា​នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​ប្រាប់​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​លោក អេង ឆៃអ៊ាង ថា ការបង្កើត​បក្ស​ថ្មី និង​បក្ស​ផ្សេងៗ​ទៀត ដើម្បី​ប្រកួតប្រជែង​ការបោះឆ្នោត បញ្ជាក់​ច្បាស់​ថា នៅ​កម្ពុជា មិនមែន​មាន​តែ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្សប្រឆាំង​ផ្តាច់មុខ​ទេ នៅ​មាន​បក្ស​ជាច្រើន​ទៀត ក៏​អាច​ថា​ជា​បក្សប្រឆាំង​ដែរ ។ ម្យ៉ាងទៀត ឃើញ​គេ​នៅ​ស្ងៀម មិន​មែន​គេ​ចេះ​តែ​ដើរ​តាម​ខ្លួន ដែល​ដឹកនាំ​បរាជ័យ​រហូត​នោះ​ទេ ។ ការបង្កើត​បក្ស​ថ្មី ក៏​ជា​ការ​ទាញ​ញញាក់​ស្មារតី ក្រុម​អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កុំឱ្យ​មាន​មោទនភាព​បុគ្គល​ខ្លាំងពេក បើ​ក្រៅពី​ខ្លួន គ្មាន​អ្នកណា​អាច​បង្កើត​បក្ស​ថ្មី​បាន​នោះ ។ 

​លោក គង់ មុនី​កា បាន​អះអាង​ថា លោក​មិន​មាន​ប្រតិកម្ម​ទៅ​នឹង​មតិ​មិន​ពេញចិត្ត​ជាច្រើន​ពី​សំណាក់​សកម្មជន អ្នកគាំទ្រ អតីត​បក្ស​សង្គ្រោះ​ជាតិ​នោះទេ ពីព្រោះ​គោលបំណង​នៃ​ការបង្កើត​គណបក្ស​នេះ ដើម្បី​ឱ្យ​ខ្មែរ​និង​ខ្មែរ​ចេះ​ជជែក​គ្នា ធ្វើការ​រួមគ្នា ក្នុង​គោលដៅ​អភិវឌ្ឍ​សង្គមជាតិ​… 
​សំឡេង​៖

ព័ត៌មានផ្សេងទៀត