រាជបន្ទូល​​ព្រះមហាក្សត្រ៖​គោរព​ច្បាប់​​បានល្អ ​ជា​គន្លឹះ​​សម្រាប់​​ស្ថិរភាព​​សង្គមជាតិ​​

23-04-2018 5:56 pm 2609
  ស្តាប់
ព្រះករុណា ព្រះបាទ សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងសម័យប្រជុំ​លើ​ដំបូង​របស់ព្រឹទ្ធសភា នីតិកាល​ទី​៤​។រូបពី ព្រឹទ្ធសភា
ស្តាប់ជាសំឡេង

ដូច​ការគ្រោងទុក​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៨ ព្រឹទ្ធសភាជាតិ បាន​បើក​សម័យប្រជុំ​របស់ខ្លួន​លើ​ដំបូង​ក្នុង​នីតិកាល​ទី​៤​។ សម័យប្រជុំ​លើកដំបូង​នេះ ដំណើរការ​ទៅ​ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ទៀត​។ នៅក្នុង​សា​លិខិត ព្រះមហាក្សត្រ បាន​មាន​ព្រះរាជបន្ទូល​ថា កំណែទម្រង់​ដ៏​ស៊ីជម្រៅ និង ការអភិវឌ្ឍ​ប្រទេសជាតិ​គ្រប់​វិស័យ​បាន តម្រូវឱ្យ​មានច្បាប់ និង ការគោរព​ច្បាប់​បានល្អ ដែល​ព្រះអង្គ​មាន​ព្រះរាជតម្រិះ​ថា ជា​គន្លឹះ​សម្រាប់​ស្ថិរភាព​សង្គម​។ អ្នកវិភាគ​យល់ថា ព្រះរាជបន្ទូល​របស់​ព្រះអង្គ គឺ​ពិតជា​ត្រូវ និង មានតម្លៃ​ខ្ពស់​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​។

​ក្រៅពី​មាន​ព្រះរាជបន្ទូល​អបអរសាទ​ដល់​សមាជិក​ព្រឹទ្ធសភា​ដែល​បាន​ជាប់ឆ្នោត ព្រះករុណា ព្រះបាទ សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​វាយតម្លៃ​បន្ថែមថា ចាប់តាំងពី​ព្រឹទ្ធសភា​បដិសន្ធិ​នៅ​ឆ្នាំ​១៩៩៩ រហូតមកដល់​បច្ចុប្បន្ន ស្ថាប័ន​មួយ​នេះ​បាន​ធ្វើដំណើ​រលើ​មហាវិថី​សន្តិភាព និង ការអភិវឌ្ឍ ក្រោម​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង ប្រជា​ធីបតេយ្យ សេរី​ពហុបក្ស ដោយ​រលូន​។​

​ព្រះអង្គ បាន​គូសបញ្ជាក់​ទៀតថា តាមរយៈ​ព្រឹទ្ធសភាជាតិ ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ប្រជាពលរដ្ឋ គណបក្សនយោបាយ ប្រព័ន្ធ​ព័ត៌មាន និង សង្គម​ស៊ីវិល មាន​ឱ្យ​កាស​កាន់តែច្រើន ដើម្បី​សម្តែង​មតិ និង ឆ្លុះបញ្ចាំង​យ៉ាង​ទូលាយ​នូវ​ទស្សនៈ ជំហរ​នយោបាយ ឬ​បំណងប្រាថ្នា​របស់ខ្លួន ញុំ​ា​ង​ឱ្យ​លទ្ធិប្រជាធិបតេយ្យ របស់​កម្ពុជា​កាន់តែ​រីកចម្រើន​។​

​ទាក់ទង​នឹង​ការ​កំណែទម្រង់​ស៊ីជម្រៅ​វិញ ព្រះមហាក្សត្រ ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូល​ថា កំណែទម្រង់​រដ្ឋ​ដ៏​ស៊ីជម្រៅ និង ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ គឺ​តម្រូវ​មានច្បាប់​ព្រមទាំង​ការគោរព និង ការប្រតិបត្តិ​ច្បាប់​ឱ្យបាន​ល្អ​ប្រពៃ ដែល​ព្រះអង្គ​មាន​ព្រះរាជតម្រិះ​ថា ជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​ស្ថិរភាព សន្តិភាព ការអភិវឌ្ឍ និង ការថែរក្សា​ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី វប្បធម៌ ប្រពៃណី រួមទាំង​ធនធានធម្មជាតិ​ប្រទេស​កម្ពុជា​បាន​កាន់តែ​ល្អប្រសើរ ដើម្បី​ឆ្លើយ​ត​បសេចក្តីត្រូវការ​របស់​ប្រជាជន​។​

​លោក​បណ្ឌិត សាម អ៊ី​ន អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន យល់ថា ព្រះរាជបន្ទូល​របស់​ព្រះមហាក្សត្រ​ខ្មែរ មាន​អត្ថន័យ​ជ្រៅ និង មាន​ចក្ខុវិស័យ​វែងឆ្ងាយ ដើម្បី​ដឹកនាំ​ប្រទេសជាតិ ដោយ​ផ្អែក​ការគោរព​ច្បាប់​ដ៏​ត្រឹមត្រូវ សម្រាប់​អនាគត​កម្ពុជា​។ ប៉ុន្តែ​លោក​ពិនិត្យឃើញថា ព្រឹទ្ធសភា​ដែល​ដំណើរការ​បច្ចុប្បន្ន មិន​បានរៀបចំ​ឱ្យ​ស្របតាម​ការចង់បាន​របស់​ព្រះមហាក្សត្រ​ទេ ដោយសារតែ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​យក​កៅអី​របស់​បក្ស​នេះ​ទៅ​ចែក​ឱ្យ​គណបក្ស​ផ្សេង​។​

​សំឡេង​៖

​ចំណែកឯ​លោក​បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្ដរជាតិ នៃ​រាជបណ្ឌិត្យសភា   កម្ពុជា យល់ថា ព្រះរាជបន្ទូល​របស់​ព្រះមហាក្សត្រ​ខ្មែរ ពិតជា​ត្រឹមត្រូវ​។ ប៉ុន្តែ​លោក​មានគំនិត​ផ្ទុយ​ពី​លោក សាម អ៊ី​ន ហើយ​ថា រដ្ឋាភិបាល​កម្ពុជា​សព្វ​ថ្ងៃ កំពុង​ដឹកនាំ​លើ​ផ្លូវត្រូវ ដោយ​អនុវត្តតាម​ផ្លូវច្បាប់ និង ប្រកាន់​គោលការណ៍​និតិរដ្ឋ​បានល្អ ខុសពី​ការលើកឡើង​របស់ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែលថា បរាជ័យ​។​

​សំឡេង​៖

​គួរ​បញ្ជាក់ថា ការបើក​សម័យប្រជុំ​លើ​ដំបូង នៃ​ព្រឹទ្ធសភា និតិ​កាល​ទី​៤ ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ គឺ​ដើម្បី​ប្រកាស​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​ព្រឹទ្ធសភា​នីមួយៗ ក្នុង​នីតិកាល​ទី​៤ និង​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន អនុប្រធាន​ទី​១ និង​អនុប្រធាន​ទី​២​នៃ​ព្រឹទ្ធសភា​។​

​ដំណើរការ​ព្រឹទ្ធសភា​នេះ ធ្វើឡើង​ក្រោម​មតិ​រិះគន់​ពី អតីត​គណបក្សប្រឆាំង រួមទាំង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ព្រោះ​មិនមាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពួកគេ​យល់ថា ធ្វើឱ្យប៉ះពាល់​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ ប៉ុន្តែ​រដ្ឋាភិបាល ធ្លាប់​ថ្លែង​ការពារ​ខ្លួន​ថា ការរំលាយ​បក្សប្រឆាំង គឺជា​ការអនុវត្ត​ច្បាប់ និង​ទប់ទល់​ការជ្រាតជ្រែក​ពី​បរទេស​៕

ព័ត៌មានផ្សេងទៀត