លោក​ហ៊ុន​សែន​អំពាវនាវ​ឱ្យមាន​ការចូលរួម​ទប់ស្កាត់​ជំងឺ​គ្រុនចាញ់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​

21-04-2018 5:17 pm 560
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គ្រប់​សកម្មភាព​ទាំងអស់​ដែល​បាន​កំពុង​អនុវត្ត​ក្នុង​ការជំរុញ និង​បំផុស​ការយល់ដឹង​ជា​សាធារណៈ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស ពិសេស​នៅតាម​ជនបទ ដើម្បី​ផ្លាស់ប្តូរ​ផ្នត់គំនិត និង​ទម្លាប់​ប្រជាជន​ក្នុង​ការប្រតិបត្តិ​លើ​ការរស់នៅ​ស្អាត ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺគ្រុនចាញ់ ។ លោក​បាន​ថ្លែង​បែបនេះ នៅ​ក្នុង​សារលិខិត​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ចុងខែ​មេសា ។​

​លោក​ហ៊ុន សែន ថ្លែងថា ជំងឺគ្រុនចាញ់​មិន​ត្រឹមតែ​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព ចំណាយ​លុយកាក់​តាមរយៈ​ការ​ចំណាយដោយ​ផ្ទាល់​លើ​ការព្យាបាល ការខាតបង់​ការងារ ការបាត់បង់​ផលិតភាព និង​អាយុជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ ។ យ៉ាងណាក៏ដោយ ស្រប​ពេល​ដំណើរ​វិវដ្ដ​នៃ​សភាពការណ៍​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​កំពុង​ពង្រីក​ការអភិវឌ្ឍ​តាម​ព្រំដែន និង​តំបន់​អេកូ​ទេសចរ​ធម្មជាតិ ព្រៃភ្នំ តំបន់​ទាំងនោះ ក៏​នៅតែ​កំពុង​ប្រឈម​នឹង​អត្រា​ឈឺ​-​ស្លាប់​ដោយ​ជំងឺគ្រុនចាញ់​នៅឡើយ ។ 

​កម្ពុជា​បាន​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់ ឆ្នាំ​២០១១-២០២៥ ដែល​ជា​ផែនទី​បង្ហាញផ្លូវ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការប្រតិបត្តិ​ជាក់ស្តែង ឈាន​ឆ្ពោះ​ទៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​ទូទាំងប្រទេស ។ ចាប់តាំងពី​ឆ្នាំ​២០១១ នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​របស់​រាជ​រដ្ឋាភិបាល តាម​ប្រភព​របាយការណ៍​ប្រចាំ​ឆ្នាំ​ក្នុង​សេវា​សុខាភិបាល​សាធារណៈ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ពី​ឆ្នាំ​២០១១-២០១៧ មាន​ចំនួន​ករណី​ឈឺ ត្រូវបាន​កាត់បន្ថយ​ពី ៦២.៥៨០​ករណី មក​នៅត្រឹម ៣៦.៤៥៦​ករណី និង​ចំនួន​ស្លាប់​បាន​កាត់បន្ថយ​ពី​៩៣​នាក់ មក​នៅត្រឹម​១​នាក់ បានន័យថា អត្រា​ស្លាប់​ក្នុង​ចំណោម​មនុស្ស ១​ម៉ឺន​នាក់ បាន​ថយចុះ​ពី ០,៦៥​នាក់ មក​នៅត្រឹម ០,០០៦​នាក់ ។​

​ដោយឡែក​កាលពី​អំឡុង​ដើមឆ្នាំ​២០១៨​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ដ្រ និង​បាណក​សាស្ដ្រ លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល បាន​ប្រកាស​អាសន្ន​ពី​ការរីក​រាលដាល​ជំងឺគ្រុនឈាម​ទូទាំងប្រទេស​។ លោក​ថ្លែងថា ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ដែល​ត្រូវ​ដល់​វដ្ដ​នៃ​ការផ្ទុះ ឬ​ការ​រាតត្បាត​ធំ​ម្ដងទៀត នៃ​ជំងឺ​គ្រុនឈាម ដោយ​៣​សប្ដាហ៍​ដើមឆ្នាំ​នេះ គឺ​សា្ថន​ភាព​ជំងឺគ្រុនឈាម មាន​ការកើនឡើង​រហូត​ដល់​ទៅ​១២០% ។​លោក​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ថែរក្សា​ការរស់នៅ​ស្អាត ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ និង​កម្ចាត់​នូវ​សំបុក​មូស​ខ្លា​ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺគ្រុនឈាម ។​

​យ៉ាងណាម៉ិញ ភ្នាក់ងារ​ចម្លង​ជំងឺគ្រុនចាញ់ កើត​ឡើង​ចេញ​ពី​សត្វ​មូស​ដែកគោល​ញី​ខាំ ដោយ​ចម្លង​ប៉ារ៉ាស៊ីត ចូល​ក្នុង​ឈាម​មនុស្ស ហើយ​អ្នក​ដែល​ត្រូវ​មូល​ខាំ ខ្លះ​មិន​ទាំង​ដឹងថា​ខ្លួន​មាន​ជំងឺគ្រុនចាញ់​នៅឡើយ ។ ក្នុង​រវាង​ពី ១​សប្តាហ៍ ទៅ ២​សប្តាហ៍ បន្ទាប់ពី​មនុស្ស​ឆ្លង​រួច រោគសញ្ញា​ដំបូង​នៃ​គ្រុនចាញ់​ក៏​លេចចេញ​ឡើង គឺ​ធម្មតា​មាន​គ្រុន ឈឺក្បាល រងា​ញាក់ និង​ក្អួតចង្អោរ​។​

​វិធានការ​ការពារ គឺ​ត្រូវ​ដេក​ក្នុង​មុង ការពារ​កុំឱ្យ​មាន​មូស​ខាំ​, ត្រូវ​ចិញ្ចឹម​ត្រី​ក្រឹម​ឬ​ត្រី​ប្រាំពីរ​ពណ៌​ក្នុង​ពាង​ឱ្យ​ស៊ី​ដង្កូវទឹក កុំ​ឱ្យ​មូស​កើត​បាន​, សម្លាប់​ដង្កូវទឹក នៅក្នុង​ទី​ស្អុយ ដោយ​ចាក់​ប្រេងកាត​, ទទួលទាន​ថ្នាំ​ដើម្បី​ការពារ​ជាមុន មុននឹង​ចូល​ទៅ​កន្លែង​ណា​ដែល​មាន​រោគ​គ្រុនឈាម​, សម្អាត​ព្រៃ​ជុំវិញ​ផ្ទះ ។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែង​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ទាំង​អស់ វិស័យ​ឯកជន អង្គការ​នានា ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន សហគមន៍ជាតិ​-​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍ ជា​ពិសេស​ប្រជាជន​គ្រប់រូប សូម​បន្ត​ចូលរួម និង​គាំទ្រ​ដល់​បេសកកម្ម​របស់​ក្រសួង​សុខាភិបាល ក្នុង​ការលុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា ឱ្យបាន​សម្រេច​តាម​គោលដៅ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ​២០២៥ ។​

​គូសបញ្ជាក់ថា ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ និង​ទិវា​គ្រុនចាញ់​ពិភពលោក នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨ ខាងមុខ ក្រោម​ប្រធានបទ ត្រៀម​រួចជាស្រេច ចូលរួម​លុបបំបាត់​ជំងឺគ្រុនចាញ់ ។ ទិវា​នេះ ប្រារព្វ​ឡើង​ក្នុង​គោលដៅ​ជំរុញ និង​បំផុស​ការយល់ដឹង និង​យកចិត្តទុកដាក់​កាន់តែ​ខ្ពស់​បន្ថែមទៀត ក្នុង​ការលើកកម្ពស់​សុខុមាលភាព​សង្គម និង​សំដៅ​រួមចំណែក​ដល់​ការថែរក្សា​សុខភាព​របស់​ប្រជាពលរដ្ឋ ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត