នាយក​ក្រុមហ៊ុន​​ចិន​ZTE​​នឹង​ចាត់វិធានការ​​ផ្លូវច្បាប់​​ប្រឆាំង​​អាមេរិក​

21-04-2018 10:52 am 912
ស្លាកសញ្ញាសម្គាល់នៃក្រុមហ៊ុនZTE​

​ប្រធាន​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ចិន ZTE​បាន​និយាយថា ក្រុមហ៊ុន​របស់លោក​នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ប្រឆាំង​បម្រាម​របស់​សហរដ្ឋអាមេរិក លើ​ការលក់​គ្រឿងបន្លាស់​ដល់​ក្រុមហ៊ុន​។ ថ្លែង​ពី​ទីស្នាក់ការ​កណ្ដាល​ក្នុង​ទីក្រុង Shenzhen​កាលពី​ថ្ងៃ​សុក្រ លោក Yin Yimin​សង្កត់ធ្ងន់ថា ការហាមឃាត់​នេះ​ពិតជា​គំរាមកំហែង​យ៉ាងខ្លាំង​ដល់​ការរស់រាន​របស់​ក្រុមហ៊ុន​។ លោក Yin បន្ដថា សកម្មភាព​អាមេរិក​ក៏​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ដៃគូ​របស់​ZTE ក្នុងនោះ​មាន​ក្រុមហ៊ុន​ជាច្រើន​របស់​អាមេរិក​ផងដែរ​។​

​នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក បានដាក់​បម្រាម​លើ​ក្រុមហ៊ុន​ZTE​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។ នាយកដ្ឋាន​អះអាងថា ក្រុមហ៊ុន​ZTE​រំលោភ​លើ​កិច្ចព្រមព្រៀងទ្វេភាគី បន្ទាប់ពី​ក្រុមហ៊ុន​ត្រូវបាន​រកឃើញថា បាន​នាំចេញ​បច្ចេកវិទ្យា​ខុសច្បាប់​ទៅ​ប្រទេស​អ៊ីរ៉ង់​និង​កូរ៉េខាងជើង​។ ជុំវិញ​ករណីនេះ​រដ្ឋាភិបាល​ចិន​ទំនង​នឹង​ចាត់វិធានការ​ដើម្បី​សងសឹក​អាមេរិក​វិញ​៕​

ព័ត៌មានផ្សេងទៀត