ខ្វះ​គ្រឹះ​អប់រំ​​ពី​កំណើត​​ទើប​​កើត​ជា​បញ្ហា​​«​សំរាម​»​​នៅក្នុង​​សង្គម​ខ្មែរ​​?

19-04-2018 4:11 pm 1024
  ស្តាប់
សំរាមមុខប្រាសាទអង្គរវត្ត ក្រោយអង្គរសង្ក្រាន្តបានចប់។ រូបភាពពី សប្បាយ
ស្តាប់ជាសំឡេង

​ដូច​រៀងរាល់ឆ្នាំ​កន្លងមក​ដែរ នៅក្នុង​អំឡុង​ពិធីបុណ្យ​ធំៗ​ម្តងៗ គេ​នៅតែ​ឃើញ​មានការ​បោះចោល​សំរាម​ពាសវាល​ពាសកាល​នៅតាម​ទីសាធារណៈ​។ ការ​បោះចោល និង ចាក់ចោល​សំរាម​ពី​សំណាក់​ពលរដ្ឋ​កម្ពុជា​នេះ វា​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​បរិស្ថាន អនាម័យ សោភ័ណភាព សណ្ដាប់ធ្នាប់​នៅ​ក្នុងសង្គម និង ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​។ ហេតុអ្វី​សំរាម​នៅតែ​កើតមាន​នៅ​ក្នុងសង្គម​ខ្មែរ​? តើ​គួរ​ចូលរួម​នាំគ្នា​ដោះស្រាយ​ដោយ​របៀប​ណា​? សូម​ស្តាប់​បទ​វិភាគ​ដោយ​គួន​សំបូរ​៖

​ការ​បោះចោល និង ចាក់ចោល​សំរាម​នៅតាម​ទីសាធារណៈ ពី​សំណាក់​ពលរដ្ឋ​កម្ពុជា​វា​មិនមែនជា​រឿង​ថ្មី​នោះ​ឡើយ សម្រាប់​សង្គម​មួយ​នេះ​។ មែនទែនទៅ ទម្លាប់​អាក្រក់​នៃ​ការ​ចោល​សំរាម គេ​តែងតែ​ឃើញ​ស្ទើរតែ​គ្រប់​ទីកន្លែង​ទៅហើយ នៅ​ទូទាំងប្រទេស​កម្ពុជា​។ ការ​បោះចោល​សំរាម​ពាសវាល​ពាសកាល ត្រូវបាន​គេ​ប្រទះឃើញ ទាំង​នៅ​រាជធានី​ភ្នំពេញ ទីប្រជុំជន តំបន់​រមណីយដ្ឋាន និង តំបន់​ជនបទ​ចុងកាត់មាត់ញក ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់ បរិស្ថាន អនាម័យ សោភណភាព នៅតាម​តំបន់​នី​មួយៗ​។​

​ជាទូទៅ ការ​បោះចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់ ត្រូវបាន​គេ​ប្រទះឃើញ​ជា​ញឹកញាប់ដែរ បន្ទាប់ពី​មាន​ពិធីបុណ្យ​ធំៗ​របស់​ជាតិ​បាន​បិទ​បញ្ចប់​។ ជាក់ស្តែង​ថ្មីៗ​នេះ ក្រោយពី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​បានបញ្ចប់​នៅលើ​ទឹកដី​ខេត្តសៀមរាប គេ​ឃើញ​នៅតាម​តំបន់​រមណីយដ្ឋាន​មួយចំនួន រួមទាំង​ប្រាសាទអង្គរវត្ត​ផង ត្រូវបាន​បំពុល​ដោយ​កាកសំណល់​សំរាម​ផ្សេងៗ​មានដូចជា ដប​ទឹក​សុទ្ធ កំប៉ុង​ទឹកក្រូច កំប៉ុង​ស្រា​បៀ​រ ប្រអប់​ស្នោ​រដាក់​អាហារ ថង់​ផ្លា​ស្ទីក និង កាកសំណល់​ចំណីអាហារ​ជាដើម​។​

​ក្រៅតែពី​ការ​បោះចោល​សំរាម​នៅនឹងកន្លែង ក៏មានដែរ​ការ​បោះចោល​សំរាម​ចេញពី​យាន​នៅតាម​ដងផ្លូវ​។ អ្នក​បោះចោល​សំរាម​ខ្លះ គឺជា​ម្ចាស់​រថយន្ត​ដ៏​ល្អ​ប្រណីត ឯ​អ្នក​ខ្លះទៀត គឺជា​អ្នកធ្វើដំណើរ​តាម​រថយន្តឈ្នួល​។ ការ​បោះចោល​សំរាម​ខ្លះ បាន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​អ្នកដំណើរ​នៅលើ​ដងផ្លូវ​ជាមួយគ្នា និង ពេលខ្លះទៀត បាន​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​ផង​ក៏មាន​។​

​តើ​ហេតុអ្វី​បានជា​ដូច្នេះ​? តើ​ចូរនាំគ្នា​ដោះស្រាយ​ដោយ​របៀប​ណា​? មូលហេតុ​ចម្បង​ដំបូង​គេ គឺអាច​បណ្តាលមកពី​អ្នក​បោះចោល​សំរាម​ពាសវាល​ពាស​កាលនោះ ខ្វះ​ការអប់រំ​ពី​កំណើត​ជាពិសេស ការអប់រំ​នៅក្នុង​គ្រួសារ​ផ្ទាល់​។ ការអប់រំ​ពី​ឪពុកម្តាយ អាណាព្យាបាល ឬ​មនុស្ស​ចាស់ទុំ ក្នុង​គ្រួសារ គឺ​សំខាន់​សម្រាប់​កូនចៅ​។ ដូច្នេះ​បើ​កុមារ យុវជន និង ពលរដ្ឋ​មួយចំនួន មាន​ទម្លាប់​អាក្រក់​នៃ​ការ​ចោល​សំរាម គឺអាច​បណ្តាលមកពី​ពួកគេ មិនបាន​ទទួល​ការអប់រំ​ពី ឪពុកម្តាយ អាណាព្យាបាល​។​

​ការមិន​បាន​អប់រំ​ដល់​កូនចៅ​ជា​រឿង​មួយ ហើយ​ឫសគល់​មួយទៀត​នោះ គឺមាន​មនុស្ស​ចាស់​ក្នុង​គ្រួសារ​តែម្តង បាន​ធ្វើជា​គំរូ​អាក្រក់​សម្រាប់​កូនៗ​ក៏មាន ពោល​ពួកគាត់​គិតតែ​ពី​ការរក​លុយ​ចិញ្ចិម​ក្រពះ​រៀងៗ​ខ្លួន មិន​ខ្វល់ខ្វាយ​ពី​រឿង​បរិស្ថាន​ឡើយ​។ ម៉្លោះ​ហើយ ការ​ចោល​សំរាម​នេះ​បាន​ក្លាយជា​ទម្លាប់​អាក្រក់​មួយ​នៅ​ក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ន​។​

​ក្រៅពី​ខ្វះ​គ្រឹះ​អប់រំ​ពី​កំណើត នៅតាម​សាលារៀន​ជា​កន្លែង​អប់រំ​ទី​២ អាច​កង្វះ​ការអប់រំ​អំពី​បរិស្ថាន  ធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន មិន​យកចិត្តទុកដាក់ អំពី​ការ​បោះចោល​សំរាម និង ការគ្រប់គ្រង​សំរាម​។ ពេលខ្លះ​គ្រូ ឬ​នាយក​សាលា​ខ្លួនឯង ក៏​មិនបាន​ធ្វើជា​គំរូ​ល្អ​ដល់​សិស្ស​ទៅទៀត​។​

​ចំណែក​យុវជន ​ឬ​ពលរដ្ឋ​ខ្លះទៀត តែងតែ​អួត​ខ្លួនឯង​ជា​អ្នក​ស្រឡាញ់​បរិស្ថាន ហើយ​ត្អូញត្អែរ​អំពី​ផលប៉ះពាល់​ដែល​បណ្តាលមកពី​សំរាម ប៉ុន្តែ​ពួកគេ​មិន​ចូលរួម​សំអាត ឬ​គ្រប់គ្រង​សំរាម​អោយមាន​របៀបរៀបរយ​នោះទេ​។ ថា​មិនបាន​ចូលរួម​សម្អាត នៅតាម​ទីសាធារណៈ​មិន​អី​ទេ តែ​ពេលខ្លះ​នៅតាម​ផ្ទះសំបែង​របស់​ពួកគេ ក៏​មិនបាន​រៀប​ទុកដាក់​ឱ្យបាន​សមរម្យ​ទៅទៀត​។ 

​តែ​យ៉ាងណាក៏ដោយ ការ​បោះចោល​សំរាម​មិនមែនជា​បញ្ហា​របស់​ប្រជាពលរដ្ឋ​តែម្នាក់ឯង​នោះឡើយ​។ វា​ក៏​ជា​បញ្ហា​របស់​អាជ្ញាធរ​ផងដែរ​។ ទទួលស្គាល់ថា នៅ​រយៈពេល​ចុះ​ក្រោយ អាជ្ញាធរ​បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​ដោះស្រាយ​កាកសំណល់​សំរាម តែ​ការខិតខំ​នេះ មិន​ឈ្លះ​អ្នកពង្រាយ​ឡើយ​។ ដូច្នេះ​បន្ថែម​ពី​ការអប់រំ​អាជ្ញាធរ គប្បី​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការគ្រប់គ្រង​ទុកដាក់ និង ចោល​សំរាម​ដោយ​បន្ថែម​នូវ ធុងសំរាម ឬ​រៀបចំ​ទីតាំង​ណាមួយ​សម្រាប់​បោះ​សំរាម ឱ្យ​ច្រើន​តាមតែ​អាច​ធ្វើទៅបាន ព្រោះ​កន្លែង​ខ្លះ ប្រជាជន​កាន់តែច្រើន តម្រូវការ​កាន់​តែមាន ម៉្លោះ​ហើយ សំរាម​កាន់តែច្រើន​ដែរ​។ រីឯ​ភ្នាក់ងារ​សេវា​ដឹកជញ្ជូន​សំរាម​យឹត​យ៉ាវ ក៏​ជាហេតុ​ដែលនាំឱ្យ​សំរាម​ក្លាយជា​បញ្ហា​នៅក្នុង​សង្គម​ផងដែរ​។​

​ជារួម​មកវិញ ការ​បោះចោល​សំរាម​ពាសវាល​ពាសកាល គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង ពី​ចំណេះដឹង មារយាទ និង ការទទួលខុសត្រូវរ​បស់​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​និង អាជ្ញាធរ​ពាក់ព័ន្ធ​។ ទម្លាប់​អាក្រក់​បែបនេះ បាន​ធ្វើអោយប៉ះពាល់​ដល់​កិត្តិយស ភាពថ្លៃថ្នូរ និង សោភ័ណភាព​របស់​ប្រទេសជាតិ ព្រមទាំង​អាច​ជាន់ពន្លិច​វិស័យ​ទេសចរណ៍ ដែលជា​ប្រភព​ប្រាក់ចំណូល​របស់​ជាតិ​ទៀតផង​។​

​ជា​ដំណោះស្រាយ មានតែ​ការចូលរួម​ទាំងអស់គ្នា​ទេ ទើប​អាច​ទៅបាន ពោលគឺ​ទាំង​ប្រជាពលរដ្ឋ និង អាជ្ជា​ធរ​ពាក់ព័ន្ធ ត្រូវគោរព​តាម​តួនាទី​របស់ខ្លួន​ឱ្យ​ខ្ជាប់ខ្ជួន និង ប្តេជ្ញាចិត្ត​រួមគ្នា​ថា «​ត្រូវ​លុបបំបាត់​សំរាម​ចេញពី​ប្រទេសជាតិ​យើង​»​។ មានន័យថា ឪពុកម្តាយ អាណាព្យាបាល ឬ មនុស្ស​ចាស់ គ្រូបង្រៀន និង អាជ្ញាធរ ត្រូវធ្វើ​ជា​គំរូ​ល្អ​ដល់ កុមារ យុវជន សិស្ស ក្នុងន័យ​ឱ្យ​គាត់​ចេះ​ស្រឡាញ់​បរិស្ថាន និង សោភ័ណភាព​របស់​ប្រទេស​។​

​ជាមួយគ្នានេះ ការផាកពិន័យ​ឱ្យ​ខ្លាំង​ជាង​នេះ ទៅលើ​អ្នក​ចោល​សំរាម​ពាសវាល​ពាសកាល​ការប្រមូល​សំរាម​ឱ្យ​ទាន់ពេលវេលា និង ដាក់​ធុងសំរាម​ច្រើន​នៅតាម​ទីសាធារណៈ គឺជា​រឿង​ចាំបាច់ ដែល​តម្រូវឱ្យ​អាជ្ញាធរ​យកចិត្តទុកដាក់​បន្ថែម​។ ប្រសិនបើ​ធ្វើ​យ៉ាងនេះ​បាន  មារយាទ​មិនសូវ​ល្អ​របស់​ពលរដ្ឋ អាច​នឹង​ផ្លាស់ប្តូរ​ច្រើន ហើយ​ការគិតគូ​ស្រឡាញ់ សោភ័ណភាព​របស់​ប្រទេស នឹង​អាច​កើតមាន​លឿន​ហួស​ពី​ការ​រំពឹងទុក​របស់រាជរ​ដ្ឋា​ភិ​បាលក៏ថា​បាន​៕

ព័ត៌មានផ្សេងទៀត