រឿងនិទាន​តំណាល​នៃ​ពិធី​ពូន​ភ្នំខ្សាច់​ដើម្បី​ផ្តាច់​កម្ម​ពៀរ​

15-04-2018 11:40 am 2270
  ស្តាប់
ស្តាប់ជាសំឡេង

​ការ​ពូន​ភ្នំខ្សាច់​នេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កន្ដាល​ទីធ្លា​ដែល​គេ​បាន​កំនត់ រួច​ពូន​អោយ​ចេញ​ជា​រាង​ចេតិយ​បែរមុខ​ទៅ​ទិស​ខាងកើត​ហើយ​គេ​ស​ន្ម​ត់​ហៅ​ថា «​វាលុកចេតិយ​»​ឬក៏​ពាក្យ​សាមញ្ញ​ហៅថា «​ពូន​ភ្នំខ្សាច់​» ។ តើ​ពិធី​ពូន​ភ្នំខ្សាច់​នេះ​មាន​ប្រវត្តិ​បែបណា​? ជា​បន្ត​សូម​ស្តាប់​ខាត់ សុធី ​តំណាល ពី​ប្រវត្តិ​នេះ​ដូចតទៅ​៖

​តទៅ​នេះ​ខ្ញុំបាទ​សូម​លើកយក​រឿងតំណាល​ដែល​ពាក់​ពន្ធ័​នឹង​ពិធីពូន​ភ្នំខ្សាច់​៖

​មាន​រឿងនិទាន​មួយ​បាន​តំណាល​ថា មាន​អ្នកនេសាទ​ម្នាក់ បាន​ធ្វើ​តែ​បាប សំលាប់សត្វ​បរិភោគ​តាំង​ពី​តូច​រហូតដល់​ចាស់​មិនដែល​បាន​ធ្វើ​បុណ្យ​ម្តង​សោះឡើយ ។ នា​ថ្ងៃ​មួយ មាន​ភិក្ខុសង្ឃ ១​រូប​នឹក​អាណិត​នាយ​នេសាទ​ខ្លាំងណាស់​ក៏​គិត​រក​ឧបាយ​ឲ្យ​គាត់​បាន​សាង​បុណ្យ​កុសល​ខ្លះ ។ លុះ​គិត​រួច​ហើយ​ភិក្ខុ​អង្គ​នោះ​ក៏​គ្រងចីវរ​កាន់​យក​នូវ បាត្រ​ដើរ​ទៅ​រង់ចាំ​ផ្លូវ​នាយ​នេសាទ ។​ថ្ងៃ​នោះ​វេលា​ព្រឹក​នាយ​នេសាទ​លី​លំពែង ១ និង វិច​បាយ​១​កញ្ចប់​ចេញទៅ​ព្រៃ​ដើម្បី​ស្វែងរក​សត្វ​មក​ចិញ្ចឹមជីវិត​ដូច​កាល​សព្វដង ។ ដំបូង​នាយ​នេសាទ​ប្រកែក​ដាច់​ខាត់​ថា មិន​ព្រម​ប្រគេន​តែ​ភិក្ខុ​នោះ​ចេះ​តែ​ទទូច​សុំ ។ អត់​មិនបាន​ក៏​រំលែក​បាយ ១ ពំនូត​ប្រគេន ។​ក្រោយមក កាល​នាយ​នេសាទ​រំលាយ​ខន្ធ​ស្លាប់​ទៅ​ត្រូវ​ពួក​យមបាល ឬ​យម​ភូបាល​យក​ខ្លួន​ទៅ​សួរ​យក​ចម្លើយ​អំពី​រឿង​កាល​នៅ​មនុស្ស​លោក​នោះ​បាន​ធ្វើ​បុណ្យ​ខ្លះ​ទេ ?

​នាយ​នេសាទ​តប​ថា ៖​មិនបាន​ធ្វើ​បុណ្យ​ទេ ធ្វើ​តែ​បាប​តាំងពី​តូច​មក ។​ពួក​យមបាល​ក៏​នាំគ្នា​ចាប់​បោះ​ទៅ​ក្នុង​រណ្តៅ​ភ្លើង​ន​រក តែ​មិន​ឆេះ​ត្រលប់​ជា​ខ្ទាត​ចេញ​មក​វិញ យមបាល​នឹក​ឆ្ងល់ ក៏​សួរ​បញ្ជាក់​ថែម​ទៀត ។​ទទួល​នាយ​នេសាទ​ក្រលេក​ទៅ​ឃើញ​អណ្តាតភ្លើង​មាន​ពណ៌​ដូច​ចីវរ​លោកសង្ឃ​ក៏​នឹកឃើញ​ដល់​ទាន​ដែល​ខ្លួន​បានធ្វើ ទើប​ឆ្លើយថា​កាល​នៅ​មនុស្ស​លោក​បាន​ធ្វើ​ទាន​បាយ​មួយ​ពំនូត​ដល់​ភិក្ខុ ១​រូប​ដែរ ។​ពួក​យមបាល​ប្រាប់ថា បើ​ដូច្នេះ​អ្នកឯង​ត្រូវ​ទៅ​កើត​ឯ​ឋានសួគ៌​មួយអាទិត្យ​លុះដល់​ថ្ងៃទី ៨ យើង​នឹង​យក​ខ្លួន​មក​ទទួល​ទោស​នៅ​ឋាននរក​នេះ​វិញ ។​ក្នុង​មួយ​រំពេច​នោះ​វិញ្ញាណ​របស់​នាយ​នេសាទ ក៏​បាន​ទៅ​កើត​នៅ​ឋានសួគ៌​បាន​បរិបូណ៌​ទៅដោយ​សម្បត្តិ និង ស្រី​ទេពកញ្ញា​បំរើ​ត្រៀបត្រា​។ ទេវបុត្រ​នោះ សោយ​សម្បត្តិ​បាន ៦​ថ្ងៃ នឹកឃើញ​ដល់​ពាក្យ​របស់​យមបាល ក៏​កើត​សេចក្តី​ទុក្ខទោមនស្ស​ពន់ពេក​ហើយ​ចូល​ទៅ​ដេក​ទួញ​យំ នាង​សុវណ្ណ​ឱ​រ៉ៃ ឃើញ​ដូច្នេះ​ក៏​ចូល​ទៅ​សួរ​ទេវបុត្រ​ក៏​រ៉ា​យ​រឿង​ប្រាប់​តាំងពី​ដើម​រហូត​ដល់​ចប់ ។ នាង​សុវណ្ណ​ឱរ៉ៃ​លួងលោម​ថា​បើ​ដូច្នោះ​សូម​ព្រះអង្គ​កុំ​ជា​ទុក្ខទោមនស្ស​ឡើយ​ត្បិត​ព្រះពុទ្ធ​សំដែង​ថា «​ទោះ​អ្នក​ណា​ធ្វើបាប​អម្បាលម៉ាន​ក្តី​បើ​ចង់​ឲ្យ​រួច​អំពី​កម្ម​ពៀរ​ដែល​ខ្លួន​ធ្វើ​ហើយ​គប្បី​សាង​វាលុកចេតិយ​ធ្វើបុណ្យ​ឆ្លង​ហើយ​និង​ង​រួច​អំពី​កម្ម​ពៀរ​នោះ​ហោង​» ហេតុ​នេះ​សូម​ព្រះអង្គ​ធ្វើ​តាម​ព្រះពុទ្ធ​បន្ទូល​នេះ​ចុះ​ទៀង​ជា​ដោះ​រួច​ចាក​កម្ម​ពៀរ​ជាមិនខាន ។​

ទេវបុត្រ​បានឮ​ដូច្នោះ​ក៏​សោមនស្ស​ទើប​ចាត់ការ​សាង​វាលុកចេតិយ និង ធ្វើបុណ្យ​ឆ្លង​ហើយ​ស្រេច​ក្នុង​រវាង ៧ ថ្ងៃនោះ ។​លុះដល់​ថ្ងៃ​ទី ៨ វេលា​ព្រឹក​ព្រហាម​ពួក​យមបាល​ក៏​ទៅដល់​ស្រែក​ហៅ​រក​ទេវបុត្រ​ឲ្យចេញ​មក​គ្រា​នោះ​ទេវបុត្រ​គេច​មុខ​ចេញ​ទុក​ឲ្យ​នាង​សុវណ្ណ​ឱរ៉ៃ​ចេញ​មក​ទទួល​។​នាង​បដិសេធ​យមបាល​ដោយ​មិន​ព្រម​បើក​យក​ស្វាមី​របស់​នាង​ទៅ​ឡើយ​។ នាង​អះអាង​ថា​៖​ស្វាមី​របស់​យើង​បាន​សាង​វាលុកចេតិយ និង ធ្វើបុណ្យ​ឆ្លង​រួចហើយ​។​បាបកម្ម​ទាំងពួង​ក៏​ជ្រះ​អស់​អំពី​ខ្លួន​ហើយ​តែ​បើ​នៅ​តែ​ត្រូវ​ការយក​ខ្លួន​គាត់​ទៅ​ធ្វើ​ទោស ចូរ​រាប់​ខ្សាច់​១​ពែង​នេះ​ឲ្យអស់ ទើប​អាច​យក​ទៅ​បាន ។ យមបាល​តប​ថា ៖ មិន​ពិបាក​អ្វី​ទេ​ការរាប់​ខ្សាច់ ១ ពែ​ង ប៉ុណ្ណោះ ។​រួច​នាំ​គ្នា​រាប់​តាំងពីព្រឹក​រហូត​ដល់​ថ្ងៃត្រង់ ។​គ្រាប់​ខ្សាច់​ដែល​យក​ចេញពី​ពែង​រាប់​ដាក់​ទៅ​ខាងក្រៅ​ទៅជា​គំនរ​យ៉ាង​ធំ​កំពស់​ស្មើ​ចុង​ត្នោត តែ​ខ្សាច់​ក្នុង​ពែង​នៅ​ដដែល​គ្មាន​ស្រកស្រុត​ទៅ​ណា​សោះឡើយ ។ ពួក​យមបាល​ទាល់​ចំណេះ​មិន​រាប់​តទៅទៀត​ក៏​នាំគ្នា​ត្រលប់​ទៅ​យមលោក​វិញ ។​រីឯ​ទេវបុត្រ​បាន​នៅ​សោយ​សម្បត្តិ​ក្នុង​ទេវលោក​អស់កាល​អង្វែង​ត​មក​ទៀត ។​គាត់​មិន​បាន​ទៅ​សោយទុក្ខ​ក្នុង​នរក​ដូច​ដែល​យមបាល​កំនត់​ទុក​នោះទេ ។​

​តាម​ការពិនិត្យ​មើល និង វិភាគ​នូវ​កិច្ច​ខាង​សាសនា​ទាំងអស់​ដែល​ធ្វើឡើង​ក្នុងពេល​ពូន​ភ្នំខ្សាច់​ឬ​កិច្ច​ដទៃ​ទៀត​ខាង​សាសនា​យើង​អាច​សន្និដ្ឋានបាន​ថា វា​ជា​កិច្ច​ខាង​សាសនាព្រាហ្មណ៍​ដែល​បន្សល់ទុក​នៅ​ក្នុង​ទំនៀមទម្លាប់​របស់​ខ្មែរ​ព្រោះ​ខ្មែរ​បាន​ទទួលរង​ឥទ្ធិពល​លទ្ធិព្រាហ្មណ៍​ជាច្រើន​រយ​ឆ្នាំ ។​ដូច្នេះ ទោះបីជា​ខ្មែរ​បែរ​មក​កាន់​ព្រះពុទ្ធ​សាសនា​ក៏​ដោយ ក៏​ល្បែង​របាំ​និង ប្រពៃណី​របស់​សាសនាព្រាហ្មណ៍​នៅ​បន្ត​មាន​សេសសល់​ក្នុង​ផ្នត់គំនិត​និង កិច្ច​នានា​ខាង​សាសនា​ផងដែរ ។ 

​ដោយសារ​តែ​ប្រជាជន​ខ្មែរ​ភាគច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ដើម្បី​រក្សា​ទុក​នូវ​កិច្ច​ទាំងឡាយ​ខាង​សាសនាព្រាហ្មណ៍​កុំឲ្យ​សាបសូន្យ​អ្នកនិពន្ធ​បានប្រឌិត​រឿង​ជាច្រើន​ដោយ​ភ្ជាប់​សាច់រឿង​ទៅ​នឹង​តួអង្គ​ព្រះពុទ្ធ ឬ​ព្រះពុទ្ធសាសនា ។​កាល​កើត​មាន​រឿង​សំដែង​អំពី​អានិសង្ស​នៃ​ការ​ពូន​ភ្នំខ្សាច់​ដូច្នេះហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ យើង​បានដឹង​រឿង​ទាំងនេះហើយ ក៏​កើត​សេចក្តី​ជឿ និង ជ្រះថ្លា​ទើប​បាន​នាំគ្នា​ពូន​ភ្នំខ្សាច់​ជាប់​ជា​ប្រវេណីដ​រាបម​កដល់​បច្ចុប្បន្ន​កាលនេះ​ជារៀល​រហូតមក​៕

ព័ត៌មានផ្សេងទៀត