ពិធី​ស្រង់​ព្រះ​ជម្រះ​នូវ​មន្ទិល​សៅហ្មង​ក្នុង​ឆ្នាំ​ចាស់​ឆ្លង​ចូល​ឆ្នាំ​ថ្មី​

15-04-2018 11:31 am
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃ​ទី​៣​នៃ​បុណ្យចូលឆ្នាំ ពិធី​សំខាន់​ដែល​មិន​អាច​អត់​បាន​គឺ​ពិធី​ស្រង់​ព្រះ​។​វត្ត​អារាម​នីមួយៗ​តែងតែ ប្រារព្ធ​ពិធី​នេះ​។​តាម​តំណាល អ្នក​ដែល​បាន​ផ្ងូត​ទឹក​ឲ្យ​មាតា បិតា គ្រូ​ឧបជ្ឈាយ៍ អាចារ្យ​ឬ​ព្រះសង្ឃ​ក្នុង​ឱកាស​សង្ក្រាន្ត​នោះ រមែង​ជា​ស្តេច​ម្ចាស់ផែនដី មាន​ឫទ្ធិ​ដ៏​មហិមា​សំបូរ​ដោយ​រតនៈ ៧ ប្រការ ដែល​មាន​រូបឆោម​ល្អ​និង និង​ជា​អ្នក​បាន​សេចក្តីសុខ​គ្រប់យ៉ាង​។ នេះ​បើ​តាម​ការ​សំដែង​របស់​ព្រះពុទ្ធ ។ ផល្លានិសង្ស​ដែល​បាន​ស្រង់​ព្រះសង្ឃ អ្នក​នោះ​ទោះ​ទៅ​កើត​ក្នុង​ភព​ណាៗ រមែង​មាន​រូបឆោម​ល្អ​ជា​ទី​ជ្រះថ្លា ដល់​អ្នក​បាន​ឃើញ ជា​អ្នក​មាន​សំបុរ​កាយ​ផូរផង់​ជាទី​គាប់ចិត្ត​ជាទី​គួរ​ឲ្យមើល ជា​អ្នក​មាន​ប្រាជ្ញា​ស្រួច​ជា​អ្នកក្លាហាន ជា​អ្នក​មាន​បុត្រ ភរិយា សុទ្ធតែ​ជា​អ្នក​ឧត្តម​ថ្លៃថ្លា​។ ទាំងនេះ​ជា​អានិសង្ស​ផ្ងូត​ទឹក​ក្នុងពេល​ពិធីបុណ្យ ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ។ 

​ដោយឡែក​ដើម្បី​ចាប់ផ្តើម​ពិធី​នេះ វត្ត​នីមួយៗ​នឹង​ទូងស្គរ​បី​ចប់ ដើម្បី​ប្រកាស​ជូន​ពុទ្ធបរិស័ទ ឲ្យបាន​ដឹង និង​ត្រៀម​បំរុង នៅ​គ្រឿង​បរិក្ខារ​ដែល​ចាំបាច់​។ ពុទ្ធរូប​ដែល​នៅក្នុង​វត្ត ត្រូវបាន​តម្កល់​នៅ​ទីតាំង​មួយ​។ រីឯ​ប្រជាពលរដ្ឋ​វិញ ត្រូវមាន  ទឹកអប់ ផ្កា​ភ្ញី ដើម្បី​ដាក់ចូល​ក្នុង​ទឹក​ផ្តល់នូវ​ភាព​ក្រអូប​។​បន្ទាប់មក​ទៀត​គេ​នឹង​ដើរ​ដង្ហែ​ទិ​ក្សិណ​ជុំវិញ​ព្រះវិហារ​រួច​ប្រមូលផ្តុំ​នៅមុខ​ពុទ្ធរូប​។ តាម​លំដាប់​ភិក្ខុ​ដល់​សាមណេ​គង់នៅ​ក្នុង​វត្ត​ស្រង់​រួច ទើប​ពុទ្ធបរិស័ទ​ស្រង់​ព្រះ​។ ពុទ្ធបរិស័ទ​យក​ទឹកអប់​ស្រោចស្រង់​លើ​ពុទ្ធ​រូប​។ ក្រោយ​ពិធី​ស្រង់​ព្រះ​រួចស្រេច ព្រះសង្ឃ​បន្ត​ស្រង់ ឬ​លាង​ដៃជើង ជូន​ព្រះចៅអធិការ​វត្ត ដែល​បាន​បំបួស បង្រៀន​អក្សរ និង​ធម៌​ដល់​ខ្លួន​។ វត្ត​អារាម​ខ្លះ​ក៏​មាន​ផ្ងូត​ទឹក​ដល់​ព្រះ​តាជី យាយជី រឺ​អ្នក​មាន​វ័យ​ចំណាស់​ផងដែរ​។ បន្ទាប់​ទៀត​ទឹកមន្ត​ដែល​នៅសល់ ពុទ្ធបរិស័ទ​នាំយក​ទៅ​ផ្ទះ​ធ្វើ​ពិធី​លាងដៃ​ជើង​ជូន​យាយ​តា ឪពុក​ម្តាយ​សម្តែង​ពី​ទឹកចិត្ត​ដឹង​នូវ​គុណ ដែល​លោក​បាន​បីបាច់​ថែរក្សា​ខ្លួន​ជូន​ដល់​អ្នក​ដ៏​មានគុណ​។​

​គួរបញ្ជាក់​ថា ពិធី​ស្រង់​ព្រះ​នេះ គេ​ក៏​អាច​ធ្វើ​នៅ​តាម​ផ្ទះ ដែល​ជា​ទូទៅ​ហៅថា​ស្រង់​ព្រះ​រស់​។ កូនចៅ​អាច​ងូតទឹក​ជូន​ឳ​ពុក​ម្តាយ រឺ​អ្នក​មាន​វ័យ​ចំណាស់​នៅក្នុង​ភូមិ​ស្រុក​។ ក្រៅពី​ងូតទឹក​លាងជម្រះ​កាយ​ហើយ​នោះ កូនៗ អាច​ជូន​ជា​សំពត់ ខោអាវ ថ្មី និង​ប្រាក់កាស ដល់​ចាស់ទុំ ដើម្បី​សម្តែង​ការដឹងគុណ និង​ការគោរព​ផងដែរ​។  

ព័ត៌មានផ្សេងទៀត