លោក​ហ៊ុន ម៉ា​នី ប្រគល់​ពានរង្វាន់​ឆ្នើម​ដល់​អតីត​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​យុវជន​អាស៊ី​

14-04-2018 5:53 pm 540
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អញ្ជើញ​ប្រគល់​ពានរង្វាន់​ឆ្នើម ដល់​អតីត​ប្រធាន និង​អនុប្រធាន​ក្រុមប្រឹក្សា​យុវជន​អាស៊ី​ចំនួន ៥​រូប ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ និង​មហាសន្និបាត ដែល​រៀបចំ​ធ្វើ​នៅ​ខេត្តសៀមរាប​។ កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​ជា​លើកទីមួយ និង​ស្របពេល​ដែល​លោក ហ៊ុន ម៉ា​នី បាន​ទទួល​តំណែង ជា​ប្រធាន​ក្រុមប្រឹក្សា​យុវជន​អាស៊ី​អាណត្តិ​ទី​៣ ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩​។​

លោក ហ៊ុន ម៉ា​នី បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​១៣ ខែ​មេសា នៅ​សណ្ឋាគារ​សុខា​សៀមរាប​ថា អតីត​ប្រធាន និង​អនុប្រធាន ក្រុមប្រឹក្សា​យុវជន​អាស៊ី ជា​បុគ្គល​ឆ្នើម​ទាំង​៥​រូប គឺ​ជា​ឥស្សរៈជន​ជាន់ខ្ពស់ និង​បាន​លះបង់​ពេលវេលា​ជាច្រើន​ក្នុង​ការដឹកនាំ​យុវជន ក៏ដូចជា​ក្រុមប្រឹក្សា​យុវជន​អាស៊ី​ផងដែរ​។ 

​សូមបញ្ជាក់​ថា ក្រុមប្រឹក្សា​យុវជន​អាស៊ី គឺជា​អង្គការក្រៅរដ្ឋាភិបាល​កម្រិត​តំបន់​បម្រើឱ្យ​យុវជន ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​១៩៩២ ដើម្បី​ជំរុញ​សាមគ្គីភាព និង​ស្មារតី​ក្នុង​លក្ខណៈ​ជា​គ្រួសារ​ក្នុង​មជ្ឈមណ្ឌល​យុវជន​វ័យក្មេង​ក្នុង​អាស៊ី ព្រមទាំង​ដើម្បី​ពង្រឹង​អង្គការ​យុវជន​ថ្នាក់ជាតិ​នី​មួយៗ​ក្នុង​តំបន់​។ សមាជិភាព​នៃ​ក្រុមប្រឹក្សា​យុវជន​អាស៊ី រួមមាន​អង្គការ​យុវជន​ថ្នាក់ជាតិ​នានា​ក្នុង​អាស៊ី​។ បច្ចុប្បន្ន អង្គការ​នេះ មាន​២០​ប្រទេស​ជា​សមាជិក ដែល​រួមមាន​÷ ទី​១- កម្ពុជា ទី​២- ប្រ៊ុយណេ ទី​៣- ឥណ្ឌូណេស៊ី ទី​៤- ម៉ាឡេស៊ី ទី​៥- ហ្វីលីពីន ទី​៦- សិង្ហ​បុរី ទី​៧- ថៃ ទី​៨- បង់​ក្លា​ដែស ទី​៩- ចិន ទី​១០- ហ្វី​ជី ទី​១១- ឥណ្ឌា ទី​១២- ជប៉ុន ទី​១៣- កូរ៉េ ទី​១៤- ម៉ាល់​ឌី​វ ទី​១៥- ម៉ុង​ហ្គោលី ទី​១៦- នេ​ប៉ាល់ ទី​១៧- ប៉ា​គី​ស្ថាន ទី​១៨- សាម័រ ទី​១៩- ស្រីលង្កា និង​ទី​២០- យេ​ម៉េន​។ 

​នៅក្នុង​កិច្ចប្រជុំ​ឆ្នាំ​២០១៦ មហាសន្និបាត​ក្រុមប្រឹក្សា​យុវជន​អាស៊ី បាន​បោះឆ្នោត​ជ្រើសរើស​ជា​ឯកច្ឆ័ន្ទ​ដល់​បង​ប្រធាន ហ៊ុន ម៉ា​នី ដែល​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ទទួល​តំណែង​ជា​ប្រធាន​សម្រាប់​អាណត្ដិទី​៣ ពី​ឆ្នាំ​២០១៦ ដល់​២០១៩៕ (​ប្រភពៈ Seng Sovannara)

ព័ត៌មានផ្សេងទៀត