ប្រភេទ​ពូជ​ទា និង​ការជ្រើសរើស​ពូជ​ចិញ្ចឹម​

14-04-2018 4:21 pm 992

​ប្រភេទ​ពូជ​ទា​៖
១. ទា​អង្កាម​៖ ទា​ញី​សម្បុរ​ប្រផេះ ស លាយ​ខ្មៅ ។ ឈ្មោល មាន​សម្បុរ​ខៀវ លាយ​ខ្មៅ​ត្រង់​ក និង​ខ្នង​មាន​ចំពុះ​លឿង និង​ខៀវ ។ ទា​ប្រភេទ​នេះ មាន​ទម្ងន់​ពី​១.៤ - ១.៦ គីឡូក្រាម ក្នុង​មួយ​ក្បាល និង​អាច​ពង​ចន្លោះ​ពី ២២០ - ២២៥ គ្រាប់​ក្នុង​មួយ​ឆ្នាំ ។ 

២. ទា​សំពៅ​៖ ទា​ញី​មាន​សម្បុរ​សំបក​អំពៅ ស្ទើរ​ពេញ​ខ្លួន​ទាំងអស់ រីឯ​ទា​ឈ្មោល​មាន​ក្បាល​ខៀវចាស់ កមាន​ក្រវ៉ាត់​ស ដើមទ្រូង​លាយ​ក្រហម ដងខ្លួន​ប្រផេះ ចំណែក​ពោះ​ស ចំពុះ​ប្រផេះ និង​ជើង​ពណ៌​លឿងចាស់ ។ ទា​ប្រភេទ​នេះ អាច​ពង​នៅ​អាយុ​៥ - ៦ ខែ ។​

៣. ទា​កាគី​៖ ទា​ញី​មាន​ភ្នែក​ពណ៌​ត្នោត​ក្រ​ម៉ៅ និង​ចំពុះ​បៃតង ហើយ​មាន​អុជ​ខ្មៅៗ ជើង​និង​ម្រាម​បាតជើង មាន​ពណ៌​ត្នោត ចំណែកឯ​ទា​ឈ្មោល​រោម​ខ្នង ស្លាប ទ្រូង និង​កន្ទុយ​ពណ៌​កាគី​ត្នោត ជើង​និង​ម្រាម បាតជើង​មាន​ពណ៌​ទឹកក្រូច ។ ទា​ឈ្មោល​ពេញវ័យ មាន​ទម្ងន់ ២.១ គីឡូក្រាម ទា​ញី​មាន​ទម្ងន់ ១.៨ គីឡូក្រាម ។ ទា​ប្រភេទ​នេះ ចាប់​ពង​នៅ​អាយុ​៥​ខែ ហើយ​ក្នុង​មួយ​ក្បាល​អាច​ផ្តល់​ពង​ចំនួន ៣០០​គ្រាប់ ក្នុង​មួយ​ឆ្នាំ ។​

៤. ទា​ប៉េកាំង​៖ ទា​ញី និង​ឈ្មោល​មាន​សម្បុរ​ស ជើង​លឿង ឬ​ទឹកក្រូច ព្រមទាំង​ស្បែក​ពណ៌​ស ចំពុះ​លឿង ភ្នែក​ពណ៌​ផ្ទៃមេឃ​ក្រ​ម៉ៅ ។ នៅ​អាយុ​៧-៨​សប្តាហ៍ ទា​នេះ​មាន​ទម្ងន់​២​គីឡូក្រាម (​ទា​សាច់​) និង​អាច​ពង​បាន​ចំនួន ១៨០ - ២៤០ គ្រាប់​ក្នុង​មួយ​ឆ្នាំ ។​

​ពូជ​ដែល​គួរ​ជ្រើសរើស​៖
- ពូជ​ផលិត​ស៊ុត​ច្រើន ទំហំ​ស៊ុត​ធំ សំបក​ក្រាស​
- ស្គាល់​ប្រវត្តិ (​ឧទាហរណ៍​៖ មកពី​កន្លែង​ដែល​មិន​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ ជាពិសេស​ផ្តាសាយ​បក្សី​)
- ភ្នែក​ថ្លា ដំណើរ​រវៀសរវៃ 
- ទម្ងន់​ធ្ងន់​
- មាន​សុខភាព​ល្អ សាំ​និង​អាកាសធាតុ​ចំពោះ​តំបន់​ដែល​ត្រូវ​យក​ទៅ​ចិញ្ចឹម 

​ចំណាំ​៖
១. ចំពោះ​ពូជ​ក្នុងស្រុក​៖ ងាយ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ធន​នឹង​ជំងឺ ងាយ​បន្សាំ​នឹង​អាកាសធាតុ តែ​មាន​ការលូតលាស់​យឺត ។​
២. ចំពោះ​ពូជ​នាំចូល​៖ ត្រូវ​ការថែទាំ​ខ្ពស់ (​ចំណី ថ្នាំ​) មាន​ភាព​សាំ​នឹង​ជំងឺ និង​អាកាសធាតុ​តិចតួច​តែមាន​មាឌ​ធំ និង​ការលូតលាស់​លឿន និង​ទទួលបាន​ផល​ចំណេញ​ខ្ពស់​បើ​គោរព​តាម​ការចិញ្ចឹម​បច្ចេកទេស ៕

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម | ដកស្រង់​ចេញពី សៀវភៅ​កន្ត្រក​នៃ​ជម្រើស​សំរាប់​សន្តិសុខ​ស្បៀង​)

ព័ត៌មានផ្សេងទៀត