យុវជន​លែង​សង្វាត​ល្បែង​ប្រជាប្រិយ រវល់​ជាប់ដៃ​ជល់​កែវ​ផឹក​

14-04-2018 3:43 pm 1426
  ស្តាប់
ស្តាប់ជាសំឡេង

​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ជា​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ដ៏​ធំ​មួយ សម្រាប់​ប្រជាជាតិ​ខ្មែរ ពលរដ្ឋ​ខ្មែរ​។ អត្ថន័យ​នៃ​ពិធីបុណ្យ​ជាតិ​មួយ​នេះ គឺ​ពិតជា​មាន​សារៈសំខាន់ និង​ជា​អត្តសញ្ញាណ​ជាតិ​មួយ​ផងដែរ​។ ការ​ប្រារព្ធ ពិធី​បុណ្យ​ចូល​ឆ្នាំ​របស់​ខ្មែរ កាល​គ្រា​មុន តែងតែ​ផ្សារភ្ជាប់​ទៅ​នឹង​ការជួបជុំ និង​ការ​លេងល្បែង​ប្រពៃណី​នានា​។ នៅ​គ្រប់​ទី​វត្ត​អារាម តាម​បណ្តា​ភូមិ ឃុំ គឺជា​ទីលាន​នៃ​ការ​លេងល្បែង​ប្រជាប្រិយ មានដូចជា បោះ​អង្គុ​ញ លាក់​កន្សែង ចោល​ឈូង វាយ​ក្អម ទាញ​ព្រ័ត​....​ជាដើម​។ យ៉ាងណា​ក៏​ដោយ​ការពេញនិយម ល្បែង​ប្រជាប្រិយ​ទាំងនេះ ហាក់​សាបរលាប​បន្តិច​ម្តងៗ និង​នៅ​មាន​វត្ត​អារាម​តិចតួច​ប៉ុណ្ណោះ បាន​ប្រារព្ធ និង​ផ្ចុងផ្តើម​ឲ្យមាន​ការ​លេងល្បែង​ប្រជាប្រិយ​នេះ​នៅក្នុង​វត្ត​អារាម​របស់ខ្លួន​។ យុវជន​លែង​និយម​ល្បែង ប្រជាប្រិយ អាច​មាន​មូលហេតុ​និង​ដើមចម​ច្រើន ប៉ុន្តែ​ក្នុង​នោះ​គេ​បែរ​ជា​ឃើញ​យុវជន ជ្រើសរើស យក​ការ​គប់​ទឹក បាត​ម្សៅ ផឹក​គ្រឿង​ស្រវឹង​ជា​របៀប​និយម​ទៅវិញ​។ តើ​នេះ​បង្កឡើង​ដោយ​មូលហេតុ​អ្វី​? តើ​យើង​គួរ​ចូលរួម​ដោះស្រាយ​ដោយ​របៀប​ណា​? សូម​ស្តាប់​បទ​វិភាគ​ដោយ​ខាត់ សុធី​៖

​ល្បែង​ប្រជាប្រិយ​ខ្មែរ​មាន​ដូចជា​៖ បោះ​អង្គុ​ញ លាក់​កន្សែង ស្តេច​ចង់ ទាញ​ព្រ័ត្រ ក្រុង​មេមាន់ វាយ​ក្អម ចោល​ឈូង ឆ្មា​ចាប់​កណ្តុរ ដណ្តើម​ស្លឹកឈើ ពង្រត់​កូនក្រមុំ ចាប់កូនខ្លែង​ជាដើម ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ជំនាន់​ដើម តែង​ជួបជុំគ្នា​លេង​នៅក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​ជា​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​សម្រាប់​ប្រទេស​កម្ពុជា​។ នៅតាម​តំបន់​ខ្លះ ល្បែង​ប្រជាប្រិយ​ខ្មែរ​ទាំងអស់​នេះ ត្រូវបាន​ពលរដ្ឋ​យក​មក​លេង មុន​បុណ្យចូលឆ្នាំ​មួយខែ ទៅ​ពីរ​ខែ​ថែមទៀត​ផង​។ 

​ប៉ុន្តែ​បើ​យើង​ក្រឡេក​មក​មើល​បច្ចុប្បន្ន​វិញ ការជួបជុំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ហាក់​មាន​ភាព​ធ្លាក់ចុះ​។ ធ្លាក់​ចុះ​ក៏​ព្រោះតែ ពលរដ្ឋ​ខ្មែរ​ដូច​មិនសូវ​ចាប់អារម្មណ៍​នាំគ្នា​លេង​ល្បែង​នេះ​ឡើយ ជា​ពិសេស​យុវជន​។ ផ្ទុយទៅវិញ គេ​បែរ​នាំគ្នា​ទៅ​លេង​ល្បែង​ខុស​ពី​ប្រពៃណី​ជាតិខ្មែរ​ដូចជា​៖ ជុំ​គ្នា​លេងបៀរ លេង​គប់​ទឹក​ដាក់គ្នា ប៉ាត​ម្សៅ​ជាដើម​។ ល្បែង​ទាំងអស់នេះ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​លេង និង​អ្នក​ដែល​ត្រូវ​គេ​លេង​។ 

​រាល់​ឆ្នាំ​យើង​សង្កេតឃើញថា ឲ្យតែ​ជិត​ដល់​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ម្តងៗ រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ តែ​ប្រកាសប្រាប់​ដល់​ពលរដ្ឋ​ខ្លួន មេត្តា​កុំ​នាំ​គ្នា​លេង​ល្បែង​ទាំងនេះ​។ ជាង​នេះ​ទៀត​នោះ គេ​ក៏​ឃើញ​ផង​ដែរ ពី​ការ​ជុំគ្នា ផឹក​គ្រឿង​ស្រវឹង​តាម​តូប ទាម ហាង​និង​តាម​ផ្ទះ ក្នុង​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​នេះ​។ ដូច្នេះ​មិន​ចម្លែក​ទេ ដែល​គ្រោះថ្នាក់​ចរាចរណ៍ និង​អំពើរ​អសន្តិសុខ ហិង្សា​បាន​កើតឡើង​នៅ​រយៈ ពេល​បុណ្យចូលឆ្នាំ​ខ្មែរ ។​
​តើ​នេះ​បង្កឡើង​ដោយ​មូលហេតុ​អ្វី​? 

​ទី​១​ការ​ចំណាកស្រុក​៖ ច្បាស់​ណាស់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ជីវភាព​ក្រីក្រ​អត់​ការងារ​ធ្វើ ជាពិសេស​នៅ​តាម​បណ្តា​ភូមិ​ឃុំ​ដាច់ស្រយាល បាន​គេ​នាំគ្នា​ចំណាកស្រុក ទៅ​ខេត្ត​ដ៏​ទៃ រឺ​បណ្តា​ប្រទេស​មួយចំនួន​។ ភាសា​សាមញ្ញ​ដែល​គេ​តែង​ប្រើ គឺ​យុវជន​ចំណាកស្រុក ស្ងាត់​ភូមិ ខ្លះ​ក៏​មិន​អាច​ត្រឡប់​មក​ភូមិ​ស្រុក​ខ្លួន​វិញ​។ ម្យ៉ាង​ការ​ចំណាកស្រុក​នេះ ធ្វើឲ្យ​យុវជន​ទាំងនេះ ស្គាល់​ពី​អ្វី​ដែល​នៅ​ខាងក្រៅ ជាពិសេស វប្បធម៌​បរទេស និង​លំហូរ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​។ ក្រៅពីនេះ ការ​ចំណាកស្រុក បាន​បង្ក​ឲ្យ​បាត់ភាព ស្និទ្ធស្នាល​ក្នុងនាម អ្នកជិតខាង ភូម​ផង​របង​តែមួយ​។​

​ទី​២ ការបង្រៀន​ឲ្យ​យុវជន​ចេះ​ផឹកស្រា​៖ ត្រូវតែ​ទទួលស្គាល់​ថា យុវជន​បច្ចុប្បន្ននិយម​សេព​គ្រឿង​ស្រវឹង ក្នុង​ពិធី​ជួបជុំ​របស់ខ្លួន រហូត​អាច​និយាយបាន​ថា ស្រា​ជា​និមិត្តសញ្ញា​នៃ​ការជួបគ្នា រឺ​ទាល់តែ​មាន ស្រា​ទើប​មាន​មិត្ត ដូច្នេះ​ហើយ​យុវជន​ខ្លះ ត្រូវបាន​បង្ខំ ក្នុង​រូបភាព កុំឲ្យ​បាត់បង់​ទំនាក់ទំនង ស៊ូ​រៀន​សេព គ្រឿង​ស្រវឹង​ក៏មាន​។ យូរៗ​ទៅ​យុវជន លែង​ចំណាយពេល​ទៅ​វត្ត​អារាម លែង​ចំណាយពេល លេងល្បែង​ប្រជាប្រិយ ជ្រើស​យក​ការសេព​គ្រឿង​ស្រវឹង​ជាង រហូត​ធ្វើឲ្យ​ការ​លេងល្បែង​ប្រជាប្រិយ ក្លាយជា​រឿង​មិន​ពេញ​និយម​។​

​ទី​៣​ខ្វះ​អ្នក​ដឹកនាំ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​៖ ពី​ដើមឡើយ​ក្នុង​ភូមិ​មួយ គេ​មាន​អ្នកដឹកនាំ​លេង និង​អ្នកជំរុញ​ឲ្យ​លេង​។ ចាស់ទុំ​នៅក្នុង​ភូមិ មេឃុំ មេភូមិ រឺ​គណៈកម្មាការ​វត្ត តែងតែ​ខ្នះខ្នែង ផ្ចុងផ្តើម​នៅ​ទីតាំង ណាមួយ​ដើម្បី​ប្រារព្ធ​ពិធី​។ បច្ចុប្បន្ន​មិន​សូវ​មាន​ឡើយ​អ្នក​ដឹកនាំ រឺ​អ្នក​ផ្តួចផ្តើម​កម្មវិធី ដែល​អាចមកពី ការចំណាយ បញ្ហា​ហិង្សា និង​ការឈ្លោះប្រកែក ត្បិត​នៅពេល​យុវជន​ចំណាកស្រុក ហើយ​ត្រឡប់​មក វិញ​មិន​សូវ​ទម្លាប់ រឺ​មិន​ចុះសំរុង នេះ​ហៅថា​ភាព​ទំនើរ​។ 

​ទី​៤ លំហូរ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ជា​ឬ​សគស់​ធំ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ បំភ្លេច​ចោល​ប្រពៃណីជាតិ​ខ្លួន ដោយ​បែរ​ទៅ​នាំ​គ្នា បង្អួត​តែ​វត្តុ​ទំនើបៗ ដែល​ខ្លួន​មាន​។ ឬ​សគល់​ទាំងនេះ ដែល​បង្ក​ឲ្យ​ការ​លេងល្បែង ប្រជាប្រិយ​ខ្មែរ​ធ្លាក់ចុះ ត្បិត​ម្នាក់ៗ​ជាប់ដៃ​នឹង​ទូរ​សព្ទ​ដៃ ជាង​ការនាំគ្នា​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​។​

​តែ​យ៉ាងណាក៌ដោយ យើង​សង្កេតឃើញថា នៅក្នុង​រយៈពេល​ចុះ​ក្រោយនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​នូវ​សកម្មភាព ក្នុងន័យ​ស្រោចស្រង់​ប្រពៃណី​វប្បធម៌​ជាតិ​ឡើងវិញ​។ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី កូនប្រុស​ពៅ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​នាំយក ល្បែង​ប្រជាប្រិយ​ខ្មែរ មក​លេង​កម្សាន្ត​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ស្គាល់​លើ​ទឹកដី​អង្គរ ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​។ ចំណែក​ក្រុម​យុវជន ដែល​ចូលរួម​អង្គរ​សង្ក្រាន្ត សម្តែង​អារម្មណ៍​របស់​ខ្លួន​ថា  បេ្តជ្ញាចិត្ត ថែរក្សា​ល្បែង​ប្រជាប្រិយ​ខ្មែរ​។ កាលពី​ឆ្នាំ​២០១៦​អង្គការ UNESCO ប្រកាស​ទទួលស្គាល់​ល្បែង​ទាញព្រ័ត្រ​របស់​កម្ពុជា ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​មនុស្សជាតិ​។ នេះ​ជា​សកម្មភាព​យ៉ាង​ប្រពៃ​សម្រាប់​ប្រជាជាតិ​ទាំងមូល​។​

​ពិតណាស់ ល្បែង​ប្រជាប្រិយ​ខ្មែរ ជា​តំណាងឲ្យ​ប្រជាជាតិ​ខ្មែរ កាលណា​ពលរដ្ឋ​នាំគ្នា​លើកកម្ពស់ វប្បធម៌ ប្រពៃណី​របស់​ខ្មែរ មានន័យ​ថា កំពុងតែ​លើកកម្ពស់​វប្បធម៌ ប្រពៃណី​ជាតិ​អី​ញ្ចឹង​ដែរ​។ សរុប​មក​វិញ បើទោះបី​យើង​រស់​ក្នុង​សង្គម​ដែល​មាន​លំហូរ​ពី​បរទេ​សក្តី ក៏​យើង​មិន​អាច​ទាត់ចោល​បាន​ទេពីរ វប្បធម៌ ប្រពៃណី​របស់​ខ្មែរ ។ ដូច្នេះ​ពលរដ្ឋ​ខ្មែរ ត្រូវតែ​នាំគ្នា​ល្បែង​ប្រជាប្រិយ​ខ្មែរ ដើម្បី​លើកកម្ពស់​វប្បធម៌​ជាតិ ហើយ​ត្រូវ​ចៀសវាង​ល្បែង​ណា​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដៃ​ទេ​។ 

​នៅតាម​បណ្តា​រាជធានី ខេត្ត ស្រុក ឃុំ ភូមិ គួរតែ​មាន​រៀបចំ​កម្មវិធី​ជួបជុំ និង​ផ្ចុងផ្តើម នូវ​ការ​លេងល្បែង ប្រជាប្រិយ​ទាំងនេះ​។​ចំណែក​រដ្ឋាភិបាល តាមរយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សីល្បៈ ត្រូវ​បន្ត​ការផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ដល់​ពលរដ្ឋ ឲ្យ​ពួកគេ​ចូលរួម​ថែរក្សា​វប្បធម៌ ប្រពៃណី​។ បន្ថែម​ពី​នេះ ត្រូវ​មាន​ការណែនាំ​ដល់ ម្ចាស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស​នៅ​កម្ពុជា ត្រូវ​លើកទឹកចិត្ត​ដល់​ន​យោជិ​ក​របស់​ខ្លួន​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ដើម្បី​លើកស្ទួយ​វប្បធម៌​ជាតិ​ទាំងមូល ឲ្យ​សម​នឹង​ពាក្យស្លោក​មួយ​បាន​ពោល​ថា «​វប្បធម៌​រលំ ជាតិ​រលាយ វប្បធម៌ ពណ្ណ​រា ជាតិ​ថ្កើងថ្កាន​»

ព័ត៌មានផ្សេងទៀត