ប្រវត្តិ​នៃ​ការកកើត​និង​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​

14-04-2018 3:34 pm
  ស្តាប់
ស្តាប់ជាសំឡេង

​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ បាន​កំពុង​ប្រារព្ធ​ធ្វើឡើង ដូច​សព្វដង តាម​កាលកំណត់​ក្នុង​ខែ​ចេត្រ ត្រូវ​នឹង​ប្រតិទិន​សុរិយគតិ ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣​រហូត​ដល់​ថ្ងៃ​ទី​១៥ ឬ​ថ្ងៃ​ទី​១៤​រហូត​ដល់​ថ្ងៃ​ទី​១៦​ខែ​មេសា តាំងពី​បុរាណកាល​មក​ជា​រៀងរាល់ឆ្នាំ ។ មូលហេតុ​នៃ​ការ​ជ្រើស​យក​ខែ​ចេត្រ ឬ​រដូវប្រាំង​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ​នេះ ដោយសារ​រដូវ​នេះ ប្រជាកសិករ​ខ្មែរ​ទូទាំង​ប្រទេស បានសម្រេច​ប្រមូល​ផល​កសិកម្ម​រួចរាល់ ហើយក៏​ជា​ពេលវេលា​នៃ​រដូវ​ឈប់សម្រាក​ផង ។ យើង​បាន​ប្រទះ​នូវ​ឯកសារ​ជាច្រើន ក៏ដូចជា​ការនិទាន​សេចក្តី​ពី​ប្រវត្តិ​ពិធី​បុណ្យចូលឆ្នាំ​ជារឿយៗ​ពី​សំណាក់​ចាស់ព្រឹទ្ធាចារ្យ ។ តទៅ​នេះ សូម​ស្តាប់ គង់ ឧត្តម រៀបចំ​លើកឡើង​ពី​ប្រវត្តិ​ទាក់ទង​នឹង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ...

​មាន​រឿងតំណាល​ថា សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ​ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​ចំណេះវិជ្ជា​ដ៏​វិសេស រៀន​ចេះ​ចប់​ត្រៃវេទ​តាំងពី​អាយុ​៧​ឆ្នាំ​មក​ម្ល៉េះ ។ សេដ្ឋី​ជា​បិតា​បាន​សាង​ប្រាសាទ​ឱ្យ​នៅ​ក្បែរ​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរទន្លេ ដែល​ជា​ទីស្នាក់អាស្រ័យ​នៃ​បក្សី​ទាំងពួង ។​ធម្មបាល​កុមារ​បាន​ចេះ​ទាំង​ភាសា​បក្សី​ទាំងពួង​ផង និង​ជា​អាចារ្យ​សម្ដែង​មង្គល​ផ្សេងៗ​ដល់​មនុស្ស​ទាំងពួង​ផង ។ គ្រា​នោះ​មនុស្សលោក​រមែង​រាប់អាន​ព្រះ​មហាព្រហ្ម និង​កបិល​មហាព្រហ្ម​១​អង្គ​ទៀត​ដែលជា​អ្នក​សម្ដែង​មង្គល​ដល់​មនុស្ស​ទាំងពួង ។​

​ពេល​នោះ​កបិល​មហាព្រហ្ម​បាន​ជ្រាប​ព័ត៌‌មានក៏​ចុះ​មក​សាកសួ​រល្បង​បញ្ញា​នឹង​ធម្មបាល​កុមារ ៣«​ខ​» ដោយ​សន្យាថា បើ​ដោះប្រស្នា​បាន​ព្រះអង្គ​នឹង​កាត់​ព្រះ​សិរ​ទ្រង់​ដើម្បី​បូជា​ចំពោះ​ធម្មបាល​កុមារ តែបើ​ដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ ។ ធម្មបាល​កុមារ​សុំ​ឱ្យ​ពន្យារពេល​ចំនួន​៧​ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា ។ លុះ​កន្លងទៅ​៦​ថ្ងៃ​ហើយ​ក៏​នៅ​តែ​គិត​មិនឃើញ ដឹងខ្លួន​ថា ព្រឹក​នេះ​នឹង​ត្រូវ​ស្លាប់​ដោយ​អាជ្ញា​កបិល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ ។ ដូច្នេះ​គួរតែរ​ត់ទៅ​លាក់​ខ្លួន​ពួន​អាត្មា​ឱ្យស្លាប់​ដោយ​ខ្លួនឯង​ប្រសើរ​ជាង ទើប​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅ​ក្រោម​ដើម​ត្នោត​មួយគូ ។ នៅ​លើ​ដើមត្នោត​នោះ មាន​សត្វ​ឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក​អាស្រ័យ​នៅ វេលាយប់​ឥន្ទ្រី​ញី​សួរ​ឥន្ទ្រី​ឈ្មោល​ថា «​ព្រឹក​នេះ​យើង​បាន​អាហារ​ពី​ណា​ស៊ី​?» ឥន្ទ្រី​ឈ្មោល​ឆ្លើយថា «​យើង​នឹង​ស៊ីសាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កបិល​មហាព្រហ្ម​សម្លាប់ ព្រោះ​ដោះប្រស្នា​មិន​រួច​» ។ ឥន្ទ្រី​ញី​សួរថា «​ប្រស្នា​នោះ​ដូចម្ដេច​?» ឥន្ទ្រី​ឈ្មោល​ឆ្លើយថា ខ​១ «​វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិតនៅ​ទីណា​?» ត្រូវ​ឆ្លើយ​ថា «​នៅមុខ ហេតុនេះ​ទើប​មនុស្ស​ទាំងឡាយ​ត្រូវ​យក​ទឹក​លុបមុខ​» ។ ខ​១​ទៀតថា «​ថ្ងៃត្រង់​សិរី​ស្ថិតនៅ​ត្រង់​ណា​?» ត្រូវ​ឆ្លើយ​ថា «​នៅ​ទ្រូង ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង​» ។ និង​ខ​១ ទៀតថា «​វេលា​ល្ងាច​សិរី​ស្ថិតនៅ​ទីណា​?» ត្រូវ​ឆ្លើយ​ថា «​នៅ​ជើង ហេតុនេះ​ទើប​មនុស្ស​ទាំងឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​» ។ ធម្ម​បាល​កុមារ​បាន​ឮ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ​ភ្លាម ។​

​ព្រឹក​ឡើង​កបិល​មហាព្រហ្ម​ក៏​មក​សួរ​ប្រស្នា ធម្មបាល​កុមារ​ឆ្លើយ​ដោះស្រាយ​តាម​ដែល​បានឮ​មក ។ កបិល​មហាព្រហ្ម ហៅ​ទេពធីតា​ទាំង​៧​នាក់​ដែល​ត្រូវ​ជា​ស្រី​អ្នកបម្រើ​របស់​ព្រះឥន្ទ្រ​មក​ប្រាប់ថា «​ឥឡូវ​បិតា​ត្រូវ​កាត់​ព្រះ​សិរ​ដើម្បី​បូជា​ចំពោះ​ធម្មបាល​កុមារ តែបើ​ដាក់​ក្បាល​នៅ​លើ​ផែនដី នោះ​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅលើ​អាកាស​ភ្លៀង​នឹង​រាំង បើ​ចោល​ក្នុង​មហាសមុទ្រ​នោះ​ទឹកនឹង​រីងស្ងួត​ហួត​អស់ ដូច្នេះ​សូម​ឱ្យ​កូន​ទាំង​៧​នាក់​យកពាន​មក​ទទួល​ព្រះ​សិរ​បិតា​» ។ ថា​ហើយ​កបិល​មហាព្រហ្ម​ក៏​កាត់​ព្រះ​សិរ​ហុច​ទៅ​ឱ្យ​ព្រះ​នាង «​ទុ​ង្សា​» ដែល​ត្រូវជា​កូនច្បង​។ ព្រះ​នាង​ទុ​ង្សា​បាន​យកពាន​មក​ទទួល​ព្រះ​សិរ​បិតា រួច​ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​៦០​នាទី ទើប​អញ្ជើញ​ទៅ​តម្កល់​ទុក​ក្នុង​មណ្ឌល​នៅក្នុង​គុហា​គន្ធ​មា​លី ភ្នំ​កៃលាស បូជា​គ្រឿង​ទិព្វ​ផ្សេងៗ ។ ព្រះ​វិស្សកម្ម​ទេវ​បុត្រ ក៏​និមិត្ត​រោង​ទិព្វ​ធ្វើ​ពី​កែវ ៧​ប្រការ ឈ្មោះថា «​ភគវតី​សភា​» ឱ្យ​ជា​ទីប្រជុំ​នៃ​ទេវតា លុះ​ដល់​គម្រប់​១​ឆ្នាំ​ជា​សង្ក្រាន្ត នាង​ទេពធីតា​ទាំង​៧​ក៏​ផ្លាស់​វេន​គ្នា​មក​អញ្ជើញ​ព្រះ​សិរ​កបិល​មហាព្រហ្ម​ចេញ​មក​ហែ​ប្រទក្សិណ ភ្នំ​ព្រះ​សុមេរុ​ជា​រៀងរាល់ឆ្នាំ ហើយ​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​ដើម្បី​តម្កល់​វិញ ។ បើ​និយាយ​អំពី​ឈ្មោះ​ទេពធីតា​ទាំង​៧ រាប់​ចាប់ពី​កូនច្បង​រួមមាន នាង​ទុ​ង្សា​ទេវី​, នាង​គោ​រាគ​ទេវី​, នាង​រាក្យ​សា​ទេវី​, នាង​មណ្ឌា​ទេវី​, នាង​កិ​រិណីទេវី​, នាង​កិ​មិរា​ទេវី​និង​នាងម​ហោទរា​ទេវី ។ ត​តាំង​ពី​រៀង​នោះមក ទេពធីតា​ទាំង​៧​អង្គ ក៏​បាន​ផ្លាស់​វេន​គ្នា​មក​ដឹកនាំ ឃុំគ្រង ថែរក្សា ទឹកដី និង​ពលរដ្ឋ​ខ្មែរ​រហូត​មក ។​

​តាម​ទំនៀមទម្លាប់​ចូលឆ្នាំ​ខ្មែរ​គឺ​បាន​ប្រព្រឹត្ត​ទៅ​ចំនួន​៣​ថ្ងៃ ។ ថ្ងៃទី​១ ហៅថា ថ្ងៃ​មហាសង្ក្រាន្ត ឬ​ថ្ងៃ​ចូលឆ្នាំ​, ថ្ងៃទី​២ ហៅថា ថ្ងៃ​វណ​បត ឬ​វរៈ​វណ​បត ឬ​ថ្ងៃ​ខ្វាក់ ថ្ងៃ​កណ្តាល និង​ថ្ងៃ​ទី​៣ ហៅ​ថា​ថ្ងៃ​ឡើង​ស័ក ឬ​វរៈ​ឡើង​ស័ក ឬ​ថ្ងៃ​ផ្លាស់​ឆ្នាំ​ថ្មី ឬ​ថ្ងៃ​ផ្លាស់​ស័ក​ថ្មី ។ ចំណែកឯ​ការ​កំណត់​ថ្ងៃ ខែ ម៉ោង នាទី ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី គេ​អាច​ដឹង​បាន​យ៉ាង​ទៀងទាត់ ដោយ​អាស្រ័យ​តាម​ក្បួន​ហោរាសាស្ត្រ បែប​បុរាណ គឺ​ក្បួន​មហាសង្ក្រាន្ត​នេះ​តែម្តង ។​

​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ត្រូវបាន​ធ្វើឡើង​លើកទីមួយ តាំងពី​ដើម​រហូត​ដល់​សម័យអង្គរ ។ កាលនោះ រដូវចូលឆ្នាំ​គឺ​ចំ​ខែ មគ្គ​សិរ ជា​ខែ​ទី​១ ឯ​ខែកត្តិក ជា​ខែ​ទី​១២​នៃ​ឆ្នាំ​។ ការ​ធ្វើ​ដូចនេះ ក៏​ព្រោះ​មក​ពី​សម័យ​នោះ​ខ្មែរ​យើង​ប្រើ​ប្រតិទិន​ចន្ទ​គតិ (​ដំណើរ​ព្រះ​ចន្ទ​)​។​លើក​ទី​ពីរ ចាប់​ពីក្រោយ​សម័យអង្គ​រ​រហូតដល់​បច្ចុប្បន្ន​ខ្មែរ​យើង​កំណត់​យក​ថ្ងៃ​ចូលឆ្នាំ​ក្នុង​ខែ​ចែ​ត្រ​(​ខែ​ទី​៥) ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មេសា ជួនកាល​ថ្ងៃទី​១៤ ប៉ុន្តែ​នៅក្នុង​រវាង​១​ខែ គឺ​មិន​មុន​ថ្ងៃ​៤ កើត​ខែ​ចេត្រ និង​មិន​ហួស​ថ្ងៃ​៤ កើត​ខែ​ពិសាខ​ទេ ដូចនេះ​យើង​ឃើញ​សង្ក្រាន្ត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ​ក៏មាន​។ ការផ្លាស់ប្តូរ​នេះ ក៏​ព្រោះ​ខ្មែរ​យើង​ដូរ​មក​ប្រើ ប្រតិទិន​សុរិយគតិ (​ដំណើរ​ព្រះអាទិត្យ​) ជំនួស​វិញ ។​

​នៅ​មុន​ចូលឆ្នាំ គេ​នាំគ្នា​ប្រុងប្រៀប រក​ស្បៀងអាហារ​សម្អាត​ផ្ទះសំបែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក កាត់​សំលៀកបំពាក់​ថ្មី​ជាដើម ដើម្បី​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី ក៏​ដូចជា​ទទួលបាន​នូវ​ពរជ័យ សិរី​សួស្តី ជោគជ័យ សប្បាយ សំបូរហូរហៀរ​មុន​ឆ្នាំ​ថ្មី​ចូលមក​ដល់ ។​

​ថ្ងៃ​ចូលឆ្នាំ​មកដល់ គេ​រៀប​គ្រឿង​សក្ការៈបូជា សម្រាប់​ទទួល​ទេវតា​ថ្មី​មាន​ដូចជា បាយសី​មួយគូ ស្លា​ធម៌​១​គូ គូ​ប​៥ ទៀន​៥ ទឹកអប់​១​គូ ផ្កា​ភ្ញី លា​ជ ទឹក​មួយ​ផ្តិល ភេសជ្ជៈ នំ​នែក ផ្លែឈើ​គ្រប់មុខ ។ នៅ​ផ្ទះ​គេ​រៀបចំ​តុបតែង​រំលេច​ដោយ​អំពូល​អគ្គិសនី​ខ្សែ​តូចៗ​ចម្រុះ​ពណ៌ ឬ​ចង្កៀងគោម​គ្រប់​ពណ៌​សម្រាប់​ទទួល​ទេវតា​ថ្មី ។ លុះដល់​វេលា​កំណត់​ទេវតា​ថ្មី​ចុះ​មក​ហើយ ពលរដ្ឋ​ខ្មែរ​នាំ​កូនចៅ​អង្គុយ​ជុំគ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ អុជ​ទៀន ដុត​ធូប បាញ់​ទឹកអប់ បន់ស្រន់​សុំ​សេចក្តីសុខ​ចម្រើន​គ្រប់ប្រការ​ពី​ទេវតា​ថ្មី ។​ចំពោះ​គ្រឿង​សក្ការៈ និង​ក្រយា​សោយ​ដាក់ថ្វាយ​ទេវតា គេ​និយម​តម្រូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ត្រូវ​ក្នុង​ឆ្នាំ​នីមួយៗ ។​

​ចំណែក​ឯ​ពិធី​៣​ថ្ងៃ​នៃ​ថ្ងៃ​ចូលឆ្នាំ​នោះ​គឺ ថ្ងៃទី​១ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេ​នាំគ្នា​ជញ្ជូន​ខ្សាច់​ដើម្បី​ពូន​ជា​ភ្នំ​ខ្សាច់ នៅ​ចេតិយ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ៍​ណាមួយ​នៅក្នុង​វត្ត​នោះ ។ ពេល​ព្រលប់​គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​លោក​ចម្រើន​ព្រះ​បរិត្ត និង​សម្តែង​ធម្ម​ទេសនា ។ ថ្ងៃទី​២ កូនចៅ​ជូន​សម្លៀកបំពាក់ នំចំណី លុយកាក់​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជីដូន​ជីតា​ជាដើម ។ ជួនកាល ធ្វើ​ទាន​ដល់​មនុស្ស​បម្រើ ឬ​អ្នកក្រីក្រ​ក៏មាន ។ ពេល​រសៀល​គេ​នាំគ្នា​ទៅ​ពូន​ភ្នំខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់ ដោយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូនមគ្គ​ផល​ដល់​វិញ្ញាក្ខន្ធប​ងឬ​ប្អូន​ដែល​បាន​ស្លាប់​ទៅ ។ ថ្ងៃទី​៣ ពេលព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំ​ខ្សាច់ ។ ពេល​ល្ងាច​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់​ព្រះ​ពុទ្ធរូប ។ 

​ដោយឡែក នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ ពលរដ្ឋ​ខ្មែរ​យើង គេ​នាំគ្នា​លេងល្បែង​ប្រជាប្រិយ​កម្សាន្ត​សប្បាយ​ជាច្រើន ដូចជា​លេង​បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់កូនខ្លែង​ជាដើម និង​មាន​សម្តែង​របាំ​ត្រុដិ​ផងដែរ ជាងនេះទៅទៀត គេ​និយម​លេង​រាំវង់ រាំ​ក្បាច់ ទៅតាម​ការនិយម​ចូល​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ ខ្លះទៀត ក៏​និយម​នាំគ្នា​ដើរ​កម្សាន្ត​ធ្វើ​បុណ្យទាន​តាម​វត្ត​អារាម ឬ​ទៅ​ដើរ​កម្សាន្ត​តាម​ផ្ទះ​សាច់ញាតិ​ក៏មាន ។​

​ពិធី​បុណ្យចូលឆ្នាំថ្មី ក៏​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​នូវ​ការរីកចម្រើន​របស់​ប្រជាជន មន្ត្រីរាជការ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លងមក ។ វា​ក៏​ជា​ថ្ងៃ​នៃ​ការ​បូក​សរុប​សមិទ្ធិផល​នានា និង​ជា​ពេលវេលា​ដែល​ត្រូវ​កំណត់​ទិសដៅ​សម្រាប់​ឆ្នាំ​ថ្មី​។​ការរីកចម្រើន​ផ្នែក​សង្គម វប្បធម៌ សេដ្ឋកិច្ច និង​នយោបាយ​ត្រូវបាន​គេ​មើលឃើញ​ច្បាស់​នៅ​ពេល​នេះ ។ ពិធី​បុណ្យចូលឆ្នាំថ្មី គឺជា​សកម្មភាព​នៃ​ការលើកទឹកចិត្ត​ដល់​មនុស្ស​ឧស្សាហ៍​ព្យាយាម និង​ជា​ការ​ដាស់តឿន​ឱ្យ​អ្នក​ដែល​មាន​ភាព​ខ្ជិល​ច្រអូស ដែល​កំពុងតែ​ដើរ​ផ្លូវខុស ងាក​មក​រក​ផ្លូវ​ត្រឹមត្រូវ​ដូច​គេ​ឯង​វិញ ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត