សង្ក្រាន្ត​វត្តភ្នំ​កំពុង​ទាក់ទាញ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ចូល​លេង​កម្សាន្ត​

14-04-2018 3:19 pm 1070
ពលរដ្ឋចូលរួមលេងកម្សាន្ត នៅផ្ទះកន្តាំង ដែលមានការដាក់តាំងបង្ហាញនូវឧបករណ៍ភ្លេងបុរាណខ្មែរ និងស្បែកធំនៅព្រឹកម៉ិញ ។ រូបថតដោយ គង់ ឧត្តម ។

​បើ​ទោះបីជា​ក្នុង​ទីក្រុង​ភ្នំពេញ តំបន់​ខ្លះ ពិសេស​តាម​ដងផ្លូវ ហាក់​មាន​សភាព​ប្រែ​មក​ជា​ស្ងប់ស្ងាត់​ក៏ដោយ តែ​នៅ​តំបន់​រមណីយដ្ឋាន​វត្ត​ភ្នំ​ឯណោះ​វិញ កំពុងតែ​មាន​សភាព​អ៊ូអរ ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​វត្តភ្នំ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មេសា ។​

​លោក ចាន់ ផល អនុប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ និង​ជា​អ្នកសម្របសម្រួល​រៀបចំ​ផ្នែក​កម្សាន្ត ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​វត្តភ្នំ បាន​ប្រាប់ថា សង្ក្រាន្ត​វត្តភ្នំ​រៀបចំឡើង​ដោយ​មាន​ការសហការ​រៀប​ចំ​រវាង​សាលាក្រុង​រាជធានី​ភ្នំពេញ និង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ សម្រាប់​៣​ថ្ងៃ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ។​

​លោក​បន្តថា ចាប់​ពី​ព្រឹក​ថ្ងៃទី​១៤ ខែ​មេសា ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ បាន​ចូលរួម​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​លេង​កម្សាន្ត​នូវ​ល្បែង​ប្រជាប្រិយ​ខ្មែរ​យ៉ាង​ច្រើន​កុះករ​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​…
​សំឡេង​លោក ចាន់ ផល ៖

​អ្នកសម្របសម្រួល​រៀបចំ​ផ្នែក​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​វត្តភ្នំ​រូបនេះ ប្រាប់​បន្តថា ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​កម្មវិធី​សង្ក្រាន្ត​វត្តភ្នំ មាន​កម្មវិធី​ច្រៀង រាំ​លេង​កម្សាន្ត និង​លេងល្បែង​ប្រជាប្រិយ​ផ្សេងៗ​ទៀត …
​សំឡេង​លោក ចាន់ ផល ៖

​លោក​បញ្ជាក់ថា កម្មវិធី​សង្ក្រាន្ត​នឹង​ចាប់ផ្តើម​ចាប់ពី​ម៉ោង​៨​ព្រឹក រហូតដល់​យប់​តែ​ម្តង ជារួម ទាល់តែ​អស់​ប្រជាពលរដ្ឋ​លេង​កម្សាន្ត ទើប​បញ្ចប់ ។ លោក ចាន់ ផល សំណូមពរ​ដល់​ពលរដ្ឋ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ទាំងអស់ ចូលរួម​លេង​សង្ក្រាន្ត​វត្តភ្នំ​ចំនួន​៣​ថ្ងៃ ឱ្យបាន​ច្រើន​កុះករ ក៏ដូចជា​អរគុណ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចូលរួម​កម្សាន្ត​នៅ​ព្រឹក​ថ្ងៃ​ដំបូង​…
​សំឡេង​លោក ចាន់ ផល ៖

​គូសបញ្ជាក់ថា សង្ក្រាន្ត​វត្តភ្នំ កំពុង​ប្រារព្ធ​ធ្វើឡើង ចាប់ពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨ ក្នុង​បរិវេណ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​ផ្តល់​ការកម្សាន្ត​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​មក​ដើរ​លេង​កម្សាន្ត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ។​

​នៅក្នុង​បរិវេណ​នៃ​រមណីយដ្ឋាន​វត្តភ្នំ ត្រូវបាន​បែងចែក​ជា​២​ផ្នែក ផ្នែក​ខាងកើត និង​ផ្នែក​ខាងលិច ។ ផ្នែក​ខាងកើត​នាឡិកា​ធំ​រមណីយដ្ឋាន​វត្តភ្នំ មាន​ការតាំង​បង្ហាញ​តាម​រោង ឬ​រាន និង​របៀប​ជា​ផ្ទះ​ខ្មែរ​បុរាណ​ផ្សេងៗ​ដូចជា ផ្ទះកន្តាំង​មាន​ការតាំង​បង្ហាញ​នូវ​សម្ភារៈ​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​និង​ស្បែក​ធំ​,  ផ្ទះ​គំនូរ​របស់​វិចិត្រករ​ជនជាតិ​ជប៉ុន​ម្នាក់​ ​អង្គុយ​គូ​យក​ភ្លាម​, ផ្ទះ​ដាក់​តាំង​ផលិតផល ផលិត​ពី​ដីឥដ្ឋ​ដូចជា​ផើង ឬ​ឆ្នាំងដី​ជាដើម​, ផ្ទះ​តាំង​បង្ហាញ​នូវ​ក្រមា និង​សម្លៀក​បំពាក់​បែប​ខ្មែរ​, រាន​តាំង​បង្ហាញ​នូវ​សម្លៀក​បំពាក់​និង​មួក​ខ្មែរ​, រាន​រំដួល​ដាក់តាំង​បង្ហាញ​នូវ​គ្រឿង​អលង្ការ​, រាន​ឈូក​ដាក់តាំង​បង្ហាញ​នូវ​ចម្លាក់​ឈើ​ផ្សេងៗ​, រាន​តាំង​បង្ហាញ​នូវ​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ខ្មែរ​, ដាក់តាំង​បង្ហាញ​នូវ​ផលិតផល​កសិកម្ម​ជា​ផ្លែ​ឈើ​របស់​ខ្មែរ​, រាន​តាំង​បង្ហាញ​នូវ​សម្លៀក​បំពាក់ សម្រាប់​អបអរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដូច​ជា​អាវយឺត​អម​ជាមួយ​នឹង​អក្សរ​សរសេរថា មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ជាដើម​, រាន​តាំង​បង្ហាញ​នូវ​នំ​ខ្មែរ​គ្រប់​ប្រភេទ ក៏​ដូចជា​ការដាក់​បង្ហា​ញ​នូវ​ប្រភេទ​ជញ្ជាំង​ផ្ទះ​ខ្មែរ ដែល​យើង​ធ្លាប់​ប្រើប្រាស់ ដូចជា​ប្រភេទ​ជញ្ជាំង​ឫស្សី​, ជញ្ជាំង​ស្លឹក​, ជញ្ជាំង​ដីឥដ្ឋ និង​ជញ្ជាំង​ប​បោស ។ ទីធ្លា​នេះ ក៏​ត្រូវបាន​រៀបចំ​ឱ្យ​មាន​ទីតាំង​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ទីតាំង​ស្រង់​ព្រះ​ពុទ្ធបដិមា និង​ពិធី​ពូន​ភ្នំខ្សាច់ ជាងនេះទៅទៀត ក៏​មាន​ការរៀបចំ​នូវ​ឆាក​តន្ត្រីសម័យ​ដើម្បី​ប្រគុំ​ច្រៀង​លេង​កម្សាន្ត​ផង​ដែរ ។​

​ចំណែកឯ​ចាប់ពី​ផ្នែក​ខាង​លិច​ឆៀង​ខាងត្បូង​នាឡិកា​ធំ​វត្តភ្នំ​តទៅ មាន​រៀបចំ​នូវ​ស្តង់​បង្ហាញ​គ្រឿងសាស្ត្រាវុធ​ខ្មែរ​បុរាណ​, ការ​សាក់​យ័ន្ត និង​ស្តង់​លក់​ឧបករណ៍ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ពី​ដើមត្នោត ដែល​ផលិត​ចេញពី​ដៃ​ជាដើម ។ ជាមួយគ្នានេះ ក៏​មាន​ស្តង់​តូចៗ​ជាច្រើន​ទៀត បាន​រៀបចំ​ដាក់​លក់​ជា​អាហារ​ហូបចុក​ផ្សេងៗ របៀប​ជា​ខ្មែរ​ដែរ ។ ផ្នែក​ខាង​លិច​នៃ​វត្តភ្នំ​ចំ ក៏​មាន​រៀបចំ​ឆាក​កម្សាន្ត​មួយកន្លែង​ទៀត ជាទី​តាំង​លើក​យក​នូវ​ល្បែង​បុរាណ​ខ្មែរ និង​រាំ​កម្សាន្ត​នៅ​ពេល​ថ្ងៃ​ដែរ ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត