រុស្ស៊ី​ចេញមុខ​​បដិសេធ​ជាថ្មី​ថា​​គ្មាន​ការប្រើ​អាវុធ​គីមី​​នៅ​ស៊ី​រី​​ដូច​ការ​ចោទ​​របស់​អាមេរិក​ទេ​

14-04-2018 11:02 am 2487
  ស្តាប់
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោកIgor Konashenkov
ស្តាប់ជាសំឡេង

​ប្រទេស​រុស្ស៊ី​បាន​បដិសេធ​ជាថ្មី​ម្ដងទៀត ទាក់ទង​នឹង​ការវាយប្រហារ​ដោយ​អាវុធ​គីមី​នៅក្នុង​ប្រទេស​ស៊ី​រី ដោយ​បង្ហាញ​ពី​រូបភាព​នៃ​អ្វីដែល​គេ​ហៅថា ជា​សក្ខីភាព​របស់​ប្រជាជន​ស៊ី​រី​។ អាមេរិក​និង​ប្រទេស​ដទៃទៀត​បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្កា និង​ចោទថា​ស៊ី​រី​ជា​អ្នក​ប្រើ​អាវុធ​គី​មីនេះ​។

នៅក្នុង​សន្និសីទកាសែត​មួយ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​បានបង្ហាញ​វីដេអូ ទាក់ទង​នឹង​ការសម្ភាសន៍​បុរស​ពីរ​នាក់​។ បុរស​ទាំងពីរ​នាក់​និយាយថា ខណៈដែល​ពួកគេ​កំពុង​ផ្ដល់ជំនួយ​ជា​លើកដំបូង​នៅ​មន្ទីរពេទ្យ ក្រុមមនុស្ស​ដែល​មិន​ស្គាល់​អត្ដ​សញ្ញាណ​បាន​ចូលក្នុង​មន្ទីរពេទ្យ ដោយ​ស្រែកថា​មាន​ការវាយប្រហារ​ដោយ​អាវុធ​គីមី​។

​ក្រុម​នេះ​ត្រូវបាន​គេ​និយាយថា បាន​ថត​វីដេអូ​នៅក្នុង​មន្ទីរពេទ្យ ខណៈ​ប្រជាជន​ឯទៀត​កំពុង​ភ័យ​ស្លន់ស្លោ​។ បុរស​ទាំងពីរ​នាក់​បាន​បដិសេធ​ពី​ការប្រើ​អាវុធ​គីមី ព្រោះថា​គ្មាន​នរណាម្នាក់​មាន​អា​ការៈពុល ឬ​មាន​រោគសញ្ញា​រងគ្រោះ​ដោយសារ​អាវុធ​គីមី​ទេ​។ ដូច្នេះ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​និយាយថា ការវាយប្រហារ​ត្រូវបាន​គេ​យក​ជា​លេស​មួយ សម្រាប់​ចោទប្រកាន់​លើ​យោធា​ស៊ី​រី​។​

​លោក​ថា​ក្រសួង​មាន​ភស្ដុតាង​បង្ហាញ​យ៉ាង​ច្បាស់លាស់ គឺ​ចក្រភព​អង់គ្លេស​បាន​ចូលរួម​ដោយផ្ទាល់ ក្នុង​ការរៀបចំ​នូវ​ផែនការ​បង្កហេតុ​។ អង់គ្លេស​និង​រុស្ស៊ី​កំពុងតែ​ប្រឈមមុខ​ដាក់គ្នា ជុំវិញ​ករណី​ប្រើ​សារ​ធាតុគីមី​បំពុល​អតីតមន្ដ្រី​ចារកម្ម​រុស្ស៊ី​និង​កូនស្រី​នៅ​អង់គ្លេស​។​

​គួរបញ្ជាក់​ផងដែ​រថា ការឆ្លើយ​បដិសេធ​របស់​រុស្ស៊ី​ជុំវិញ​ការប្រើ​អាវុធ​គីមី​នៅ​ស៊ី​រី ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ប្រកាសថា អាមេរិក​បាន​សហការ​ជាមួយ​បារាំង​និង​អង់គ្លេស បើក​ការវាយប្រហា​រលើ​ប្រទេស​ស៊ី​រី​។ ការវាយប្រហារ​ដើម្បី​ឆ្លើយតប​នឹង​ការប្រើ​អាវុធ​គីមី​សម្លាប់​ប្រជាជន​ស្លូតត្រង់​៕

ព័ត៌មានផ្សេងទៀត