ការ​បំផ្ទុះ​កើតឡើង​​ក្នុង​រដ្ឋធានី​​ប្រទេស​ស៊ី​រី​​បន្ទាប់ពី​​អាមេរិក បារាំង អង់គ្លេស​​ចាប់ផ្ដើម​វាយប្រហារ​

14-04-2018 10:29 am 4472
រូបភាព​អណ្ដាតភ្លើង​ផ្ទុះឡើង​នៅស៊ីរី

​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័របាន​រាយការណ៍​ថា នៅក្នុង​រដ្ឋធានី​ដា​ម៉ាស​នៃ​ប្រទេស​ស៊ី​រី​មានការ​បំផ្ទុះ​កើតឡើង​។ ការ​បំផ្ទុះ​នេះ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ប្រកាសថា​អាមេរិក​បាន​សហការ​ជាមួយ​បារាំង​និង​អង់គ្លេស​បើក​ការវាយប្រហារ​នៅ​ស៊ី​រី ឆ្លើយតប​នឹង​ការប្រើ​អាវុធ​គីមី​សម្លាប់​មនុស្ស​កាលពី​ចុង​សប្ដាហ៍​មុន​។ រូបភាព​ដែល​បង្ហាញ​នៅក្នុង​បណ្ដាញ​សង្គម គេ​ឃើញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ស៊ី​រី​បាន​ឆ្លើយតប​នឹង​ការវាយប្រហារ​ផងដែរ​។​

​តាម​សាក្សី​ឃើញ​ហេតុការណ៍​និយាយថា ខណ្ឌ​មួយ​នៅក្នុង​រដ្ឋធានី​ដា​ម៉ាស គឺជា​គោលដៅ​វាយប្រហារ​របស់​អាមេរិក បារាំង និង​អង់គ្លេស ដោយ​មានការ​បំផ្ទុះ​ទ្រង់ទ្រាយ​ធំ​កើតឡើង​ជាច្រើនលើក និង​មាន​ផ្សែងហុយ​ចេញពី​តំបន់​ភាគ​ខាងកើត​រដ្ឋធានី​។ តាម​សេចក្ដីរាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស៊ី​រី​វិញ ការវាយប្រហារ​របស់​អាមេរិក បារាំង និង​អង់គ្លេស ធ្វើឡើង​នៅក្នុង​ទីក្រុង​ដា​ម៉ាស​និង​តំបន់​ជុំវិញ​មួយចំនួន ហើយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ស៊ី​រី​បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​ចំនួន​១៣​គ្រាប់ នៅ​តំបន់​ភាគខាងត្បូង​រដ្ឋ​ធានី​ដា​ម៉ាស​។ មិនទាន់មាន​ការ​បញ្ជាក់ពី​ការខូច​ខាត​ឬ​មនុស្ស​ស្លាប់​និង​របួស​ទេ​៕

ព័ត៌មានផ្សេងទៀត