ទីបំផុត​​លោក​ដូណាល់ ត្រាំ​​បញ្ជា​ឲ្យ​បើ​ក​ការវាយប្រហារ​​លើ​ប្រទេស​​ស៊ី​រី​ហើយ​

14-04-2018 9:07 am 12237
  ស្តាប់
លោកដូណាល់ ត្រាំ​ពេលថ្លែង​សុន្ទរកថា​ពីសេតវិមាន
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា លោក​បាន​បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​បើក​ការវាយប្រហា​រលើ​ប្រទេស​ស៊ី​រី ឆ្លើយតប​នឹង​ការប្រើប្រាស់​អាវុធ​គីមី​សម្លាប់​ប្រជាជន​ស្លូតត្រង់​កាលពី​ចុង​សប្ដាហ៍​មុន​។ ថ្លែង​ពី​បន្ទប់​ក្នុង​សេត​វិមាន​លោក​ត្រាំ​ថា “​ខ្ញុំ​បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​បើក​ការវាយប្រហារ​ទៅលើ​គោលដៅ ដែល​ពាក់ព័ន្ធ​នឹង​អាវុធ​គីមី​របស់​មេដឹកនាំ​ផ្ដាច់ការ​ស៊ី​រី​បា​សា អាល់​អាសាដ​។​”

​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង នាវាចម្បាំង​ត្រូវបាន​ប្រើប្រាស់​ក្នុង​ការវាយប្រហារ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ដ្រី​ក្រសួង​ការពារជាតិ​អាមេរិក​។ លោក​ត្រាំ​និយាយថា ការវាយប្រហារ​ទទួល​បាន​កិច្ចសហការ​សម្របសម្រួល​ជាមួយ​បារាំង​និង​អង់គ្លេស ហើយ​គោលដៅ​នៃ​បេសកកម្ម​នេះ ដើម្បី​បង្កើត​ការរារាំង​ដ៏​ខ្លាំងក្លា​ប្រឆាំងនឹង​ការផលិត ការរីក​រាលដាល និង​ការប្រើប្រាស់​អាវុធ​គីមី​។​

​ប្រធានាធិបតី​អាមេរិក​សង្កត់ធ្ងន់ថា “​ការឆ្លើយតប​រួមគ្នា​រវាង​អាមេរិក បារាំង និង​អង់គ្លេស ចំពោះ​អំពើ​ឃោ​ឃៅ​ទាំងនេះ​នឹង​រួមបញ្ចូល​យុទ្ធសាស្ដ្រ​សំខាន់ៗ​មានដូចជា​យោធា សេដ្ឋកិច្ច និង​ការទូត​។​” ចំណែក​នាយករដ្ឋមន្ដ្រី​អង់គ្លេស​វិញ​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា លោកស្រី​អនុញ្ញាតឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​ចក្រភព​អង់គ្លេស ចាត់វិធានការ​កម្ទេច​គោលដៅ​រួម បំផ្លាញ​សមត្ថភាព​អាវុធ​គីមី​នៃ​របប​គ្រប់គ្រង​ស៊ី​រី និង​បង្អាក់​ការប្រើប្រាស់​របស់​ពួកគេ​ផងដែរ​។​

​ទាក់ទង​បញ្ហា​នេះ​លោក​ត្រាំ​បន្ថែមថា ការវាយប្រហារ​នឹង​បន្ដធ្វើ​រហូតដល់​ការប្រើប្រាស់​អាវុធ​គីមី​របស់​របប​គ្រប់គ្រង​ស៊ី​រី​ត្រូវ​បានបញ្ចប់​។ លោក​ទទូចថា​អាមេរិក​នឹងមិន​ផ្សារភ្ជាប់​ជាមួយ​ស៊ី​រី​ជា​រៀងរហូត ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ លោក​ក៏បាន​រិះគន់​រុស្ស៊ី​ដែល​គាំទ្រ​របប​គ្រប់គ្រង​ស៊ី​រី ហើយ​ថា​រុស្ស៊ី​ត្រូវតែ​មើល​ឲ្យបាន​ច្បាស់ ថា​ខ្លួន​ត្រូវ​ដើរ​តាមផ្លូវ​ណា តាមផ្លូវ​ថ្មី​ឬក៏​ផ្លូវ​ងងឹត​បែបនេះ​រហូត​។ លោក​ត្រាំ​បាន​អំពាវនាវ​ឲ្យ​រុស្ស៊ី​ធ្វើតាម​ការសន្យា​របស់ខ្លួន​កាលពី​ឆ្នាំ​២០១៣ ដែល​ធានា​នូវ​ការលុបបំបាត់​អាវុធ​គីមី​៕

ព័ត៌មានផ្សេងទៀត