យ៉ាងហោចណាស់ មនុស្សស្លាប់៦នាក់ ស្រី២នាក់, របួសធ្ងន់១៨នាក់ ស្រី២នាក់, របួសស្រាល៩នាក់ ស្រី៦នាក់ និងមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់១០នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ចំនួន១៥លើក នៅថ្ងៃទី១៣ ខែមេសា ។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
របាយការណ៍ដដែលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង១៥លើកនេះ កើតឡើងដោយសារ ការបើកបរល្បឿនលឿន ៤លើក, ប្រជែង ៣លើក (ស្លាប់២នាក់), មិនប្រកាន់ស្តាំ ៣លើក (ស្លាប់១នាក់), បត់គ្រោះថ្នាក់ ២លើក (ស្លាប់១នាក់), ស្រវឹង ១លើក (ស្លាប់១នាក់) និងមិនគោរពសិទ្ធិ ២លើក (ស្លាប់១នាក់) ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង១៥លើក បានបង្កឱ្យមានការខូចខាតយានយន្តសរុប ២៧គ្រឿង ក្នុងនោះមានម៉ូតូ ២០គ្រឿង, រថយន្តធុនតូច ៦គ្រឿង និងរថយន្តធំ ១គ្រឿង ៕ (ដោយ៖ គង់ ឧត្តម)