អាមេរិក​-​កូរ៉េខាងត្បូង​​ឯកភាព​ថា​​ចាំបាច់​ត្រូវតែ​​រំលាយចោល​​នុយក្លេអ៊ែរ​​កូរ៉េខាងជើង​

14-04-2018 8:26 am 388
  ស្តាប់
រូបភាព​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង
ស្តាប់ជាសំឡេង

​ក្រោយ​ត្រឡប់​មកពី​អាមេរិក មន្ដ្រី​សន្ដិសុខ​ជាន់ខ្ពស់​របស់​កូរ៉េខាងត្បូង​បាន​និយាយថា កូរ៉េខាងត្បូង​និង​អាមេរិក​កំពុង​រួបរួមគ្នា​លើ​តម្រូវការ​ចាំបាច់ នៃ​ការរំលាយចោល​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ លោក​បាន​ជួប​ជាមួយ​មន្ដ្រី​អាមេរិក ពិភាក្សាគ្នា​ពី​បញ្ហា​នេះ ហើយ​ចុងក្រោយ​បាន​ឯកភាព​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព ដើម្បីឲ្យ​កិច្ច​ជំនួប​កំពូល​អន្ដរ​កូរ៉េ និង​កិច្ចប្រជុំ​កំពូល​អាមេរិក​-​កូរ៉េខាងជើង​សម្រេច​ជោគជ័យ​។​

​មន្ដ្រី​កូរ៉េខាងត្បូង​សង្កត់ធ្ងន់ថា គ្មាន​ទស្សនៈ​ផ្ទុយគ្នា​ទេ​ព្រោះ​ប្រទេស​ទាំងពីរ​សុទ្ធតែ​មាន​គោលដៅ​រួម ចង់​បង្កើត​សន្ដិភាព​នៅលើ​ឧបទ្វីប​កូរ៉េ តាមរយៈ​ការរំលាយចោល​កម្មវិធី​នុយក្លេអ៊ែ​រ​។ ជាមួយគ្នានេះ​កាលពី​ថ្ងៃ​សុក្រ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន បាន​ជួប​ជាមួយ​គណបក្សប្រឆាំង ដើម្បី​ពិភាក្សា​ពី​កិច្ច​ជំនួប​អន្ដរ​កូរ៉េ​។

​មេដឹកនាំ​គណបក្សប្រឆាំង​មិន​ជំទាស់​កិច្ច​ជំនួប​អន្ដរ​កូរ៉េ​ឡើយ ប៉ុន្ដែ​លោក​នៅ​មិន​ពេញចិត្ដ​ដំណើរការ​រំលាយចោល​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​ត្រូវធ្វើឡើង​មួយ​ជំហានៗ​។ ផ្ទុយទៅវិញ​លោក​ចង់ឲ្យ​រដ្ឋាភិបាល​ទុកពេល​ឲ្យ​កូរ៉េខាងជើង​តែ​៦​ខែ​ឬ​យ៉ាងយូរ​១​ឆ្នាំ​ប៉ុណ្ណោះ សម្រាប់​ការលុបបំបាត់ចោល​នុយក្លេអ៊ែ​រ​។​

​លោក​ប្រធានាធិបតី​មូនបាន​អំពាវនាវ​ឲ្យ​គ្រប់​គណបក្សនយោបាយ​ទាំងអស់​នៅ​កូរ៉េខាងត្បូង គាំទ្រ​ដល់​កិច្ចប្រជុំ​អន្ដរ​កូរ៉េ​។ ចំណែក​អ្នកវិភាគ​និយាយថា លោក​មូន​ចង់​ឆ្លើយតបនឹង​ការរិះគន់​របស់អ្នក​អភិរក្ស អំពី​វិធីសាស្ដ្រ​ផ្សះផ្សារ​របស់លោក ដែល​កំពុង​ធ្វើ​ជាមួយ​កូរ៉េខាងជើង​។ សូមបញ្ជាក់ថា កិច្ច​ជំនួប​អន្ដរ​កូរ៉េ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៧​មេសា​នេះហើយ​៕

ព័ត៌មានផ្សេងទៀត