លោក​​ប៉ាន​ សូរ​ស័ក្កិ​​ថា​​ការ​ទិញ​​ផលិត​ផល​​ខ្មែរ​​គឺ​​ជួយ​​ខ្លួន​ឯង​​និង​​ជួយ​​ប្រទេស​ជាតិ​​

14-04-2018 7:13 am
  ស្តាប់
ប្រភពរូបភាពពីក្រសួងពាណិជ្ជកម្ម
ស្តាប់ជាសំឡេង

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​គូសបញ្ជាក់ថា ការទិញ​ផលិតផល​ខ្មែរ គឺជា​ការជួយ​ខ្លួនឯង និង​ជួយ​ប្រទេសជាតិ តាមរយៈ​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ (​សេង បារាំង​)

​ដើម្បី​លើកស្ទួយ​ផលិតផល​ខ្មែរ លោក​ប៉ាន សូរ​ស័ក្កិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​អំពាវនាវ​ឱ្យ​សាធារណជន​ងាក​មក​គាំទ្រ​ផលិតផល​ខ្មែរ និង​បាន​បញ្ជាក់ថា ការទិញ​ផលិតផល​ខ្មែរ គឺជា​ការជួយ​ខ្លួនឯង និង​ជួយ​ប្រទេសជាតិ តាមរយៈ​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ ប្រសាសន៍​របស់លោក​យ៉ាង​ដូច្នេះ បន្ទាប់ពី​បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញ​ទស្សនា​ស្តង់​លក់ទំនិញ​ផលិតផល​ខ្មែរ​ចំនួន ១៥២​ស្តង់ របស់​ក្រុមហ៊ុន​ចំនួន​៧៧ មកពី​ទូទាំង​រាជធានី​ខេត្ត នៅ​បរិវេណ​ខាងមុខ​ជណ្តើរ​ប្រាសាទអង្គរវត្ត នៅ​រសៀល​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៨​។ 

​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​រូបនេះ បាន​ពន្យល់​ទៀតថា ការទិញ​ផលិតផល​ខ្មែរ​ទោះបី​តិច ឬ​ច្រើន គឺ​ស្មើនឹង​ជួយ​បង្កើត​ការងារ និង​ប្រាក់ចំណូល​ជូន​ប្រជាជន ព្រមទាំង​ជួយ​ពង្រឹង​ស្ថិរភាព​ផលិតកម្ម​ក្នុងស្រុក ដើម្បី​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ​នៅនឹងកន្លែង ក៏ដូចជា​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​សំខាន់ៗ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​។ លើសពីនេះ ការទិញ​ផលិតផល​ខ្មែរ ក៏​នឹង​រួមចំណែក​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​ថែមទៀត​។​

​ទន្ទឹមគ្នានេះ​លោក ប៉ាន សូរ​ស័ក្តិ បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា ការរៀបចំ​ពិព័រណ៍​ផលិតផល​ខ្មែរ​នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត រយៈពេល​៤​ថ្ងៃនេះ នឹង​ធ្វើឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ស្គាល់​កាន់តែច្បាស់​អំពី​ផលិតផល​ខ្មែរ ព្រមទាំង​ជួយ​បង្កើន​វត្តមាន​ផលិតផល​ទាំងអស់នេះ នៅលើ​ទីផ្សារ​តូចធំ​ក្នុងប្រទេស​កម្ពុជា ជាពិសេស​បណ្តា​ផ្សារ​ទំនើប​ថ្មីៗ​ដែល​ទើបនឹង​សាងសង់​រួច នា​ពេលបច្ចុប្បន្ន និង​អនាគត​។​

​គួរ​រំលឹក​ដែរថា ដើម្បី​លើកស្ទួយ​ផលិតផល​ខ្មែរ និង​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ​ឲ្យបាន​អតិបរិមា ក្រសួងពាណិជ្ជកម្ម​ដែលជា​សេនាធិការ​នៃ​រាជរដ្ឋាភិបាល បាន​ចងក្រង និង​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម (CTIS) រៀងរាល់​រយ​:​ពេល​៥​ឆ្នាំ​ម្តង ដើម្បី​កំណត់​អំពី​ទំនិញ និង​ផលិតផល​អទិភាព​សំខាន់ៗ​របស់​កម្ពុជា​។​លើសពីនេះ​ក្រសួង​ក៏បាន​បើក​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ ដើម្បី​កសាង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​នានា ដើម្បី​ផ្តល់ឱកាស​ជូន​វិស័យ​ឯកជន ធ្វើការ​តាំង​បង្ហាញ​ផលិតផល និង​សេវាកម្ម​របស់ខ្លួន សំដៅ​ជំរុញ​ការអនុវត្ត​គោលនយោបាយ​នាំចេញ​នៅនឹងកន្លែង​ផងដែរ​៕

ព័ត៌មានផ្សេងទៀត