គ្រោះ​ថ្នាក់​​ចរាចរណ៍​​ជា​​បញ្ហា​​ដែល​​អាជ្ញា​ធរ​​អំពាវ​នាវ​​ឱ្យ​​បើក​បរ​​ប្រុង​ប្រ​យ័ត្ន​​អំឡុង​ពេល​​ចូល​ឆ្នាំ​​

14-04-2018 6:33 am 504
  ស្តាប់
ស្តាប់ជាសំឡេង

​គ្រោះថ្នាក់​ចរាចរណ៍ នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ប្រទេស​កម្ពុជា ដោយសារ​អាត្រា​អ្នកស្លាប់​ដោយសារ​គ្រោះ​ចរាច​រណ៍ បាន​កើតឡើង​ជា​រៀងរាល់ថ្ងៃ ខណៈដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច អំពាវនាវ​ឱ្យ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងអំឡុងពេល​ចូលឆ្នាំ​។ (​សេង បារាំង​)

​បើទោះបីជា​អាជ្ញាធរ​ខិតខំ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចុះ​ផាកពិន័យ​អ្នកបើកបរ​ខុសច្បាប់​យ៉ាងណាក្ដី ក៏​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​កើតមាន​ជា​រៀងរាល់ថ្ងៃ ហើយ​បាន​បណ្ដាលឱ្យ​ស្លាប់​មនុស្ស និង​ខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀតផង​។ យ៉ាងណាមិញ​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ អាជ្ញាធរ​បានធ្វើ​ការអំពាវនាវ​ឱ្យ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ត្រូវ​បើកបរ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ទាំង​ទៅ និង​ត្រឡប់មកវិញ​។ 

​ម្យ៉ាងវិញទៀត ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​គ្រោះថ្នាក់​ចរាចរណ៍ អាជ្ញាធរ​បានធ្វើ​ការណែនាំ​ដល់​អ្នកបើកបរ​ទាំងអស់ នៅពេល​បើកបរ​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ មិនត្រូវ​បើកបរ​ស្តិតនៅក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង មិនត្រូវ​បើកបរ​ស្ថិតនៅក្រោម​ស្ថានភាព​ងងុយដេក អ្នកបើកបរ​ត្រូវ​ពាក់​មួកសុវត្ថិភាព ពាក់​ខ្សែក្រវាត់ ត្រូវ​ប្រកាន់​ស្ដាំ ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច និង​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​.......​។​

​បើតាម​ប្រសាសន៍​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ពេលកន្លងមក បានឱ្យដឹងថា អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ច្រើនជាង​កាលពី​សម័យ​សង្គ្រាម​ទៅទៀត ដោយ​លោក​ទទូច​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​រឹតបន្តឹង​ច្បាប់ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​

​សូមបញ្ជាក់ថា បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឱ្យដឹងថា កាលពី​ឆ្នាំ​២០១៧​កន្លងទៅ អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ការកើនឡើង​បើទោះបី​អាត្រា​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការធ្លាក់ចុះ​យ៉ាងណាក៏ដោយ​៕

ព័ត៌មានផ្សេងទៀត