អាមេរិក​​ព្រម​លក់​​បច្ចេកវិទ្យា​​យោធា​​ឲ្យ​តៃ​វ៉ាន់​តែ​ចិន​ថា​​ជា​ការបំពាន​

13-04-2018 2:05 pm 2138
  ស្តាប់
រូបភាព​នាវាមុជទឹក​តៃវ៉ាន់
ស្តាប់ជាសំឡេង

​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បានប្រកាសអុ​ញ្ញាត​ឲ្យ​ក្រុមហ៊ុនអាមេរិក​លក់​បច្ចេកវិទ្យា​យោធា​ដល់​តៃវ៉ាន់​។ ការប្រកាស​នេះ​បានធ្វើឲ្យ​ចិន​រិះគន់​យ៉ាងខ្លាំង និង​ថា​អាមេរិក​កំពុង​រំលោភ​លើ​គោលការណ៍​ចិន​តែមួយ​។ ប្រធានាធិបតី​តៃវ៉ាន់​ធ្លាប់បាន​បង្ហាញ​គម្រោង​ក​សាង​កង​នាវាមុជទឹក​មួយ​នៅ​ឆ្នាំ​២០២៤ ជំនួស​នាវាមុជទឹក​ចាស់ៗ​បួន​គ្រឿង​ដែល​កំពុងដំណើរកា​រ​បច្ចុប្បន្ន​។ លោកស្រី​ត្សៃ អ៊ីង​វិន​បាន​និយាយថា សមត្ថភាព​ការពារជាតិ​តៃវ៉ាន់​ចាំបាច់​ត្រូវតែ​ពង្រឹង ក្នុង​ការប្រឈមមុខ​នឹង​ការបង្កើន​កម្លាំងយោធា​ចិន​។ ប៉ុន្ដែ​តៃវ៉ាន់​ត្រូវការ​បច្ចេកវិទ្យា​ពី​បរទេស ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ម៉ាស៊ីន​និង​អាវុធ​សម្រាប់​នាវាមុជទឹក​។​

ជាការ​បំពេញតម្រូវកា​រ​របស់​តៃវ៉ាន់ លោក​ដូណាល់ ត្រាំ​បានផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​អាមេរិក​សហការ​ជាមួយ​តៃវ៉ាន់​។ នៅ​មិនទាន់​ច្បាស់​ថា​កិច្ចសហប្រតិបត្ដិការ​នេះ តៃវ៉ាន់​នឹង​ទទួលបាន​ផលប្រយោជន៍​ទំហំ​ប៉ុណ្ណា​ទេ ខណៈ​ការលក់​បច្ចេកវិទ្យា​យោធា​កំពុង​ត្រូវបាន​ត្រួតពិនិត្យ​នៅ​អាមេរិក​។ តែ​ទោះជា​យ៉ាងនេះ​ក្ដី មន្ដ្រី​ទទួលបន្ទុក​កិច្ចការបរទេស​តៃវ៉ាន់​សាទរ​យ៉ាងខ្លាំង និង​ថា​វា​ជា​ការផ្លាស់ប្ដូរ​យ៉ាងសំខាន់​។​

ចំពោះ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ចិន​ទទួលបន្ទុក​កិច្ចការ​តៃវ៉ាន់​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​ថា ទីក្រុង​ប៉េកាំង​សូម​ជំទាស់​ដាច់ខាត​រាល់​ទំនាក់ទំនង​យោធា​រវាង​តៃវ៉ាន់​ជាមួយ​អាមេរិក និង​គ្រប់​បែបបទ​នៃ​ការទិញ​លក់​អាវុធ​។ ចិន​បាន​ទទូច​ឲ្យ​អាមេរិក​គោរព​តាម​គោលការណ៍​ចិន​តែមួយ ហើយ​ចេញ​ការព្រមាន​ដល់​អាជ្ញាធរ​តៃវ៉ាន់​។ ចិន​សង្កត់ធ្ងន់ថា​ការគាំទ្រ​របស់​អន្ដរជាតិ​ពង្រឹងសមត្ថភាព​ការពារជាតិ​របស់​តៃវ៉ាន់​នឹង​បង្កឲ្យមាន​បញ្ហា​៕

ព័ត៌មានផ្សេងទៀត