ក្រសួង​​ការ​ងារ​​នឹង​​ប្ដឹង​​ក្រុម​ហ៊ុន​​មួយ​​ដែល​​ជ្រើស​រើស​​ពល​ករ​​ខុស​ច្បាប់​​

13-04-2018 10:26 am 913
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​ការងារ​កម្ពុជា បានរៀចំឯ​កសារប្ដឹង​ក្រុមហ៊ុនមួយ បន្ទាប់ពី​ក្រុមហ៊ុន​នេះ បានធ្វើ​ការបណ្ដុះបណ្ដាល និង​ជ្រើសរើស​ពលករ​ដោយ​ខុសច្បាប់ ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​មួយចំនួន ដែល​គ្មាន​ការសុំ​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​ក្រសួង​ឡើយ​។ (​សេង បារាំង​)

​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន បាន​បដិសេធថា ខ្លួន​មិន​បានផ្ដល់​អាជ្ញាប័ណ្ណ និង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន ស៊ី ជេ លេប័រ សឺ​បផ្លាយ (CJ LABOUR SUPPLY CO ., LTD) ដែល​ស្នាក់ការ​នៅ​ផ្លូវលេ​២៧១ ក្រុមទី​៧ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ប្រទេស​ម៉ាឡេស៊ី ប្រទេស​ថៃ ប្រទេស​គុ​វ៉ែត តំបន់​រដ្ឋបាល​ពិសេស​ហុងកុង និង​ទៅធ្វើ​កម្មសិក្សាការី​នៅ​ប្រទេស​ជប៉ុន​នោះទេ​។​

​ក្រសួង​ការងារ បាន​អះអាងថា ក្រុម​ខាងលើនេះ បាននិងកំពុង​ឆបោក​សាធារណជន ដោយ​ក្លែងបន្លំ​ប្រកាស​អនុញ្ញាត​របស់​ក្រសួង​ការងារ ដើម្បី​ធ្វើជា​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ស្របច្បាប់ ដោយ​ធ្វើ​ការជ្រើសរើស​ពលករ​ឱ្យទៅ​ធ្វើការ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​។ ករណីនេះ ក្រសួង​បាននិងកំពុង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច រៀបចំ​សំណុំ​ឯកសារ​ប្ដឹងទៅ​តុលាការ ដើម្បី​ចាត់វិធានការ​ទៅតាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

​ក្រសួង​ការងារ ក៏បាន​ក្រើន​រំ​ឮ​ក​ដល់​សាធារណជន ដែល​មានបំណង​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ មុនពេល​សម្រេចចិត្ត​ចុះឈ្មោះ​ទៅ​ធ្វើការ​តាមរយៈ​ក្រុមហ៊ុន​ណាមួយ ត្រូវ​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ស្របច្បាប់ ដែល​អនុញ្ញាត​ដោយ​ក្រសួង​ការងារ​។ 

​យ៉ាងណាក៏ដោយ ចំពោះ​បញ្ហា​ដែល​ក្រុមហ៊ុន​ធ្វើ​ការបណ្ដុះបណ្ដាល និង​ជ្រើសរើស​ពលករ​ដោយ​ខុសច្បាប់ ដោយ​គ្មាន​ការសុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង ត្រូវបាន​គេ​មើលឃើញថា មិនមែនជា​រឿង​ថ្មី​នោះទេ​។ មិនមែនជា​រឿង​ថ្មី ពីព្រោះ​កន្លងមក​មាន​ពលករ​ខ្មែរ​ជាច្រើន​អ្នក​បាន​ចាញ់បោក​ក្រុមហ៊ុន និង​មេខ្យល់ ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ដោយ​ខុសច្បាប់ ត្រូវបាន​ស្ថានទូត​កម្ពុជា​នៅ​ក្រៅប្រទេស ជួយសង្គ្រោះ និង​បញ្ជូន​ឱ្យបាន​វិល​ត្រឡប់មក​ប្រទេស​វិញ​៕


ព័ត៌មានផ្សេងទៀត