លោក​ដូណាល់ ត្រាំ​​នឹង​សម្រេចចិត្ដ​ចុង​ក្រោយ​ចាត់វិធានកា​រ​​ឆ្លើយតប​​ស៊ីរី​ឆាប់ៗ​

13-04-2018 10:26 am 1128
  ស្តាប់
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ
ស្តាប់ជាសំឡេង

​ដ្បិតថា​ពេលនេះ​នៅ​មិនទាន់មាន​ចំណាត់ការ​ដាក់​លើ​ប្រទេស​ស៊ី​រី ប៉ុន្ដែ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ប្ដេជ្ញា​ថា លោក​នឹង​មិនឲ្យ​ស៊ីរី​រួចខ្លួន​ឡើយ​។ តាម​ការបញ្ជាក់​ពី​សេត​វិមាន លោក​ត្រាំ​នៅ​មិនទាន់​សម្រេចចិត្ដនៅ​ឡើយថា នឹង​ឆ្លើយតប​យ៉ាងណា​ជុំវិញ​ការចោទប្រកាន់​ស៊ី​រី បាន​ប្រើប្រាស់​អាវុធ​គីមី​សម្លាប់​និង​ធ្វើឲ្យ​របួស​ប្រជាជន​រាប់សិ​បនាក់​។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ត្រាំ​បាន​ពិភាក្សា​ពី​ស្ថានភាព​នៅ​ស៊ី​រី ជាមួយ​ក្រុមមន្ដ្រី​ផ្នែក​សន្ដិសុខ​របស់លោក​ក្នុង​សេត​វិមាន​។ តាមរយៈ​សេចក្ដីថ្លែងការណ៍​ដែល​បានចេញ​និយាយថា អាមេរិក​កំពុង​បន្ដ​វាយតម្លៃ​ការ​ស៊ើបការណ៍​សម្ងាត់ ហើយ​បាន​ចូលរួម​ជាមួយ​ដៃគូ​និង​សម្ព័ន្ធមិត្ដ​របស់ខ្លួន​។ លោក​ត្រាំ​គ្រោង​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​បារាំង​និង​នាយករដ្ឋមន្ដ្រី​អង់គ្លេស​ផងដែរ​។​

​លោក​ដូណាល់ ត្រាំ​អះអាងថា រដ្ឋាភិបាល​ប្រធានាធិបតី​ស៊ី​រី​លោក​បា​សា អាល់​អាសាដ បាន​ប្រើ​អាវុធ​គីមី ហើយ​អាមេរិក​កំពុង​ពិចារណា​ពី​វិធានការ​ឆ្លើយតប ក្នុងនោះ​មាន​ទាំង​ការវាយប្រហារ​ដោយ​យោធា​ផងដែរ​។ សូម​រម្លឹកថា កាលពី​ខែមេសា​ឆ្នាំទៅ​មិញ អាមេរិក​បាន​បាញ់​មី​ស៊ី​ល​៥៩​គ្រាប់​លើ​មូលដ្ឋានទ័ព​ស៊ី​រី បន្ទាប់ពី​មាន​ការចោទប្រកាន់ថា ស៊ី​រី​បាន​ប្រើ​អាវុធ​គីមី​សម្លាប់​ប្រជាជន​ស្លូតត្រង់​។ តែ​ស៊ី​រី​បាន​បដិសេធថា​ខ្លួន​មិនបាន​ប្រើ​អាវុធ​គីមី​ឡើយ​។​

​ថ្មីៗ​នេះ​បន្ទាប់ពី​មាន​ការប្រើ​អាវុធ​គីមី​សម្លាប់​ប្រជាជន​ម្ដងទៀត ក៏មាន​ការវាយប្រហារ​លើ​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី​ជាថ្មី ដែល​ដំបូង​ឡើយ​គេ​សង្ស័យថា​អាមេរិក​ជា​អ្នកធ្វើ ប៉ុន្ដែ​ក្រោយមក​រុស្ស៊ី​បញ្ជាក់ថា យន្ដហោះ​ចម្បាំ​ង​អ៊ីស្រាអែល​ទេជា​អ្នកបាញ់​។ យន្ដហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​ហោះ​ក្នុង​ដែនអាកាស​លី​បង់ ហើយក៏​បាញ់​មី​ស៊ី​ល​៨​គ្រាប់​មកលើ​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី ប៉ុន្ដែ​មាន​មី​ស៊ី​ល​តែ​៣​គ្រាប់​ប៉ុណ្ណោះ​ដែល​ធ្លាក់​ដល់​មូលដ្ឋាន ខណៈ​មី​ស៊ី​ល​៥​គ្រាប់​ទៀត​ត្រូវបាន​កម្ទេច​ដោយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​៕

ព័ត៌មានផ្សេងទៀត