លោក​ស៊ី ជីន​ពីង​​បង្ហាញ​វត្ដ​មាន​​យ៉ាង​ភ្ញាក់ផ្អើល​​នៅ​សមុទ្រ​ចិន​​ខាងត្បូង​

13-04-2018 9:18 am
  ស្តាប់
ប្រធានាធិបតីចិន​លោកស៊ី ជីនពីង(ឆ្វេង)
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​កាលពី​ថ្ងៃទី​១២​មេសា​នេះ បានបង្ហាញ​វត្ដ​មាន​ដ៏​គួរឲ្យភ្ញាក់ផ្អើល​នៅក្នុងដែន​សមុទ្រចិន​ខាង​ត្បូងជា​ដែន​កំពុងមាន​ជម្លោះ​។ ការបង្ហាញ​ខ្លួន​គឺ​នៅក្នុង​សមយុទ្ធ​ជើង​ទឹក ដែលមាន​កងទ័ព​ចូលរួម​ជាង​១​ម៉ឺន​នាក់ យន្ដហោះ​ចម្បាំង​៧៦​គ្រឿង នាវាចម្បាំង​៤៨​គ្រឿង និង​នាវាមុជទឹក​ក៏​ចូលរួម​ក្នុង​សមយុទ្ធ​ដែរ​។​

​សមយុទ្ធ​នេះ​ធ្វើឡើង​មុនពេល​ចិន​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត នៅ​ច្រក​សមុទ្រ​បំបែក​ពី​តៃវ៉ាន់ នៅ​ថ្ងៃទី​១៨​មេសា​។ តាម​រូបភាព​បង្ហាញ​ដោយ​ទូរទស្សន៍​រដ្ឋ​ចិន ឃើញ​វត្ដ​មាន​លោក​ស៊ី​ឈរ​បញ្ជា​នៅលើ​នាវា​ពិឃាត​។ លោក​ស៊ី​និយាយថា លោក​ចង់បាន​កងកម្លាំង​ជើង​ទឹក​ដែល​រឹងមាំ តែ​មិនមែនជា​ការដាក់​សម្ពាធ​បន្ថែម​លើ​នរណាម្នាក់​ឡើយ​។

​ចិន​គឺជា​ប្រទេស​ដែលមាន​កម្លាំងយោធា​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក ហើយក៏​បាននិងកំពុង​ស្វែងរក​ការពង្រីក​អំណាច​កាន់តែ​ខ្លាំង​ជាង​មុន​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ជុំវិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ចិន​កំពុង​ប្រឈម​នឹង​ប្រទេស​វៀតណាម ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី និង​ព្រុយ​ណេ ព្រោះ​ប្រទេស​ទាំងនេះ​ចោទថា​ចិន បាន​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់គេ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ប៉ុន្ដែ​ចិន​អះអាងថា​ស្ទើរតែ​ទាំងស្រុង​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង គឺជា​ដែន​កម្មសិទ្ធិ​របស់​ចិន​។​

​ស្របពេល​មាន​វិវាទ​រ៉ាំរ៉ៃ​នៅ​សមុទ្រ​ចិន​ខាងត្បូង អាមេរិក​ក៏បាន​ចូលខ្លួន​មកជួយ​សម្របសម្រួល​បញ្ហា​ជា​ច្រើនលើកច្រើនសារ ប៉ុន្ដែ​មិន​ទទួលជោគជ័យ​ហើយ​បែរជា​ត្រូវ​ចិន​ថ្កោលទោស​ពេញៗ​មាត់​ថា អាមេរិក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង ទាំង​អាមេរិក​មិនមែនជា​ម្ចាស់​កម្មសិទ្ធិ​។ យ៉ាងណាក៏ដោយ​អាមេរិក​ឆ្លើយតប​ថា គេ​ធ្វើបែបនេះ​គ្រាន់​ដើម្បី​រក្សា​សេរីភាព​ក្នុង​ការធ្វើដំណើរ និង​ការរុករក​នៅ​សមុទ្រ​ចិន​ខាងត្បូង ស្របតាម​ច្បាប់​អន្ដរជាតិ​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត