លោក​ត្រាំ​ថា ​រុស្ស៊ី​មិនគួរ​ក្លាយជា​ដៃគូ​លោក​អាសាដដែលប្រើ​ឧស្ម័ន​ពុល​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​

12-04-2018 11:40 am 1288
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយថា រុស្ស៊ី​មិនគួរ​ក្លាយជា​ដៃគូ​ជាមួយ​អ្នកប្រើប្រាស់​ឧស្ម័ន​ពុល សម្លាប់​ពលរដ្ឋ​ខ្លួនឯង​នោះទេ​។ លោក​ត្រាំ​បាន​សរសេ​រលើ​Twitter​បែបនេះ ដោយ​សំដៅលើ​រុស្ស៊ី​និង​ប្រធានាធិបតី​ស៊ី​រី​លោក​អា​សាដ​។ នៅលើ​Twitter លោក​ត្រាំ នៅតែ​បន្ត​វោហា​សាស្រ្ត​ព្រមាន​ចាត់វិធានការ​យោធា នៅ​ស៊ី​រី​ដដែល ដើម្បី​ឆ្លើយតប​ចំពោះ​ការប្រើប្រាស់​ឧស្ម័ន​ពុល បណ្តាលឲ្យ​ស្លាប់​ជន​ស៊ីវិលជា​ច្រើននាក់​។ លោក​ថា ជម្រើស​ជាច្រើន​ត្រូវបាន​យក​ដាក់​លើ​តុ​រួចហើយ និង​កំពុង​វាយតម្លៃ​ជម្រើស​ទាំងនោះ មុន​យក​មកប្រើប្រាស់​។​

ប្រតិកម្ម​របស់លោក​ត្រាំ ធ្វើឡើង ក្រោយ​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​លី​បង់ លោក​Alexander Zasypkin និយាយថា បើសិនជា​មាន​មី​ស៊ី​ល​របស់​អាមេរិក បាញ់​លើ​ប្រទេស​ស៊ី​រី មី​ស៊ី​ល​ទាំងនោះ​នឹងត្រូវ​បាញ់​កម្ទេចចោល​។  លោក Zasypkin​បញ្ជាក់​បន្ថែមថា មិន​ត្រឹមតែ​មី​ស៊ី​ល​ទេ សូម្បី​មូលដ្ឋាន​ប្រើប្រាស់​សម្រាប់​បាញ់​មី​ស៊ី​ល ក៏​នឹងត្រូវ​កម្ទេចចោល​ផងដែរ​។ អគ្គរដ្ឋទូត​រូបនេះ តប​ទៅ​អាមេរិក​ថា មី​ស៊ី​ល​ដែល​ឆ្លាត គួរតែ​ហោះ​ឆ្ពោះទៅរក​ភេរ​វករ មិនមែន​ឆ្ពោះទៅរក​រដ្ឋាភិបាល​ស្របច្បាប់​ នៃ​ប្រទេស​ស៊ី​រី​នោះទេ​។​

​ការព្រមាន​បែបនេះ ជា​សញ្ញា​បង្ហាញថា ការប៉ះទង្គិច​គ្នា​លើ​ដីគោក រវាង​ប្រទេស​មហាអំណាច​ទាំងពីរ គឺ អា​មេរិ​ក​ដែលមិន​ពេញ​ចិត្តលោក​អាសាដ និង​ភាគី​ម្ខាង​ទៀត គឺ​រុស្ស៊ី​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់លោក​អា​សាធ អាច​នឹង​កើតឡើង នៅ​ប្រទេស​ស៊ី​រី​បន្ថែម​ពីលើ​សង្គ្រាមស៊ីវិល ដែល​ញាំញី​ក្នុងប្រទេស​ស៊ី​រី​អស់​រយៈពេល​៧​ឆ្នាំ​មកហើយ​។​

​អាមេរិក​និង​រុស្ស៊ី បាន​កើនឡើង​នូវ​តានតឹង​កាន់តែខ្លាំង ក្រោយ​ពលរដ្ឋ​៤៣​នាក់ បាន​ស្លាប់បាត់​បង់ជីវិត និង​៥០០​នាក់​កំពុង​ទទួល​ការព្យាបាល ក្រោយ​រង​ផលប៉ះពាល់​ពីសារ​ធាតុគីមី ដែល​ចេញពី​អាវុធ​នៃ​ការវាយប្រហារ វាង​កងទ័ព​ស៊ី​រី​គាំទ្រ​ដោយ​រុស្ស៊ី និង​ក្រុម​ឧទ្ទាម​នៅ​ដូ​ម៉ា​។​ ​មិនទាន់មាន​នរណា​ចេញមុខ​ទទួលខុសត្រូវ ចំពោះ​សកម្មភាព​នេះ​នៅឡើយ​ទេ តែ​គេ​បាន​ចោទទា​ហ៊ាន​ស៊ីរី ជា​អ្នក​ប្រើ​សារ​ធាតុគីមី វាយប្រហារ​លើ​តំបន់​ក្រុម​ឧទ្ទាម​កាន់កាប់​។ យ៉ាងណាក៏ដោយ ស៊ី​រី​បាន​បដិសេធ​។ សម្រាប់​អាមេរិក​ថា នឹង​ស្វែងរក​អ្នកប្រព្រឹត្ត ឲ្យទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​ដ៏​ឃោ​ឃៅ​នេះ​៕

 

 

 

ព័ត៌មានផ្សេងទៀត