ស្ថាបនិក​​ក្រុមហ៊ុន​​ហ្វេ​សប៊ុក​ថា​​ពេលនេះ​​កំពុង​ធ្វើ​សង្គ្រាម​អន​ឡាញ​​ជាមួយ​រុស្ស៊ី​

11-04-2018 10:51 am 1681
  ស្តាប់
​លោកMark Zuckerberg​ពេលបង្ហាញខ្លួន​នៅសភា
ស្តាប់ជាសំឡេង

​ជា​ស្ថាបនិក​និង​ជា​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​ហ្វេ​សប៊ុក​លោកMark Zuckerberg បានបញ្ជាក់​ជាថ្មី​ម្ដងទៀត​ដោយ​ទទួលស្គាល់ថា ពិតជា​មានការ​បែកធ្លាយ​ព័ត៌មាន​សម្ងាត់​របស់​អ្នកប្រើប្រាស់​រាប់លាន​នាក់​ពិតប្រាកដ​មែន​។ ទិន្នន័យ​ទាំងនោះ​ត្រូវបាន​គេ​ចូល​លួច​យកទៅ​ប្រើប្រាស់ ដែល​ធ្វើឲ្យ​មានប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​បណ្ដា​ប្រទេស​ធំៗ និង​អ្នកប្រើប្រាស់​នៅក្នុង​ពិភពលោក​។

​តែ​យ៉ាងណាមិញ​ពេល​បង្ហាញខ្លួន​ក្នុង​សភា​អាមេរិក​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​មាន​រឿងអាស្រូវ​ថា​ក្រុមហ៊ុន​Cambridge Analytica បាន​វាយប្រហារ​លួច​ទិន្នន័យ​អ្នកប្រើប្រាស់ លោក​Zuckerberg​បាន​ប្ដេជ្ញា​ការពារ​សន្ដិសុខ​តាម​ប្រព័ន្ធ​អន​ឡា​ញ គឺ​ការពារ​មិនឲ្យ​មានកា​រលួច​ទិន្នន័យ​អ្នកប្រើប្រាស់​បាន​ទៀតឡើយ​។ លោក​បាន​សុំទោស​ដល់​អ្នកប្រើប្រាស់​ជា​សាធារណៈ​ម្ដងទៀត​។​

​ស្ថាបនិក​វ័យក្មេង​រូបនេះ​បាន​សង្កត់ធ្ងន់​ត្រង់ចំណុច​មួយ​ទៀតថា ក្រុមហ៊ុន​របស់លោក​បច្ចុប្បន្ន​កំពុង​ប្រឈមមុខ​យ៉ាង​ខ្លាំង វា​ប្រៀបដូចជា​ការប្រយុទ្ធ​គ្នា​តាម​អន​ឡាញ​ជាមួយ​ប្រទេស​រុស្ស៊ី​អ៊ីចឹង​ដែរ ខណៈ​ក្រុម​ប្រតិ​ប​ត្ដិករ​រុស្ស៊ី​កំពុង​ស្វែងរក​ការកេងប្រវ័ញ្ច​លើ​បណ្ដាញ​សង្គម​។ លោក Zuckerberg​និយាយ​បែបនេះ​ថា “​នេះ​គឺជា​ការ​ប្រណាំងប្រជែង​ដ៏​ខ្លាំងក្លា​បំផុត ពួកគេ​នឹង​បន្ដ​ធ្វើឲ្យ​ប្រសើរឡើងតា​មមហិច្ឆតា​របស់គេ​។​” លោក​ចង់​សំដៅ​ដល់​ការ​ប្រជែង​គ្នា​ជាមួយ​រុស្ស៊ី​។

​លោក​បន្ថែមថា ក្រុមហ៊ុន​ពេលនេះ​បាន​អភិវឌ្ឍ​កម្មវិធី​ថ្មី ដើម្បី​កំណត់​គណនី​ក្លែងក្លាយ​។ មាន​មនុស្ស​នៅ​រុស្ស៊ី​ដែល​ការងារ​របស់​ពួកគេ​គឺ​ព្យាយាម​បំផ្លាញ​ទិន្នន័យ​របស់​ក្រុមហ៊ុន និង​ប្រព័ន្ធ​ផ្សេងៗ​ទៀត​តាម​អ៊ី​ន​ធឺ​ណេត ហេតុនេះ​លោក​ត្រូវ​ធ្វើយ៉ាងណា​ការពារ​ឲ្យ​ល្អ​ប្រសើរជាង​មុន​។ សូមបញ្ជាក់ថា មាន​ទិន្នន័យ​អ្នកប្រើប្រាស់​ចំនួន​៨៧​លាន ត្រូវបាន​គេ​លួច​យកទៅ​ប្រើប្រាស់​កន្លងមក​៕

ព័ត៌មានផ្សេងទៀត