ជប៉ុន​សង្ឃឹម​​ទាំងស្រុង​​ឲ្យ​កូរ៉េខាងត្បូង​​និង​អាមេរិក​​ជួយ​ដោះស្រាយ​​បញ្ហា​​ជាមួយ​​កូរ៉េខាងជើង​

11-04-2018 9:27 am 424
  ស្តាប់
រដ្ឋមន្ដ្រីការបរទេសជប៉ុនលោក​Taro Kono
ស្តាប់ជាសំឡេង

​រដ្ឋមន្ដ្រីការបរទេស​ជប៉ុន​លោក​Taro Kono បាន​ស្ថិតក្នុង​ប្រទេស​កូរ៉េខាងត្បូង​នៃ​ដំណើរ​ទស្សនកិច្ច​ដ៏​គួរឲ្យភ្ញាក់ផ្អើល​នៅ​ថ្ងៃទី​១១​មេសា​នេះ​។  វត្ដ​មាន​រដ្ឋមន្ដ្រីការបរទេស​ជប៉ុន​នៅលើ​ទឹកដី​កូរ៉េខាងត្បូង​លើកដំបូង​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ ស្របពេល​កំពុងមាន​ស​កម្ម​ភាព​ការទូត​យ៉ាង​ក្លៀវក្លា​នៅ​តំបន់​អាស៊ី​ភាគ​ឦសាន មុនពេល​មាន​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​កូរ៉េខាងជើង​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​និង​ប្រធានាធិបតី​អាមេរិក​។​

​ជប៉ុន​កំពុង​រង់ចាំ​កិច្ច​ជំនួប​ទី​បី​បន្ទាប់ពី​បាន​ស្នើសុំ​ឲ្យមាន​ការជួបគ្នា​រវាង​លោក​នាយករដ្ឋមន្ដ្រី​ជប៉ុន​និង​លោក​គីម ជុង​អ៊ុន ក្រៅតែពី​កិច្ច​ជំនួប​ទាំងពីរ​ខាងលើ​។ តែ​យ៉ាងណាក៏ដោយ​ជប៉ុន​ក៏​មិន​ហ៊ាន​សង្ឃឹម​ច្រើន​ថា​លោក​គីម ជុង​អ៊ុន​ព្រម​ជួប​លោក​ស៊ីន​ហ្ស៊ូ អាបេ អ៊ីចឹង​ទេ​មានតែ​ពឹងផ្អែក​ទាំងស្រុង​លើ​កូរ៉េខាងត្បូង​និង​អាមេរិក ឲ្យជួយ​លើកយក​បញ្ហា​ដែល​ជប៉ុន​កំពុង​ព្រួយបារម្ភ ទៅ​ជជែក​ជាមួយ​លោក​គីម ជុង​អ៊ុន​។

​អ្វីដែល​ជប៉ុន​កំពុង​បារម្ភ​ខ្លាំង​គឺ​ទាក់ទង​នឹង​ស្ថានភាព​សន្ដិសុខ ព្រោះ​ជប៉ុន​ត្រូវ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ហោះ​រំលង​ដល់​ទៅ​ពីរលើក​កាលពី​ឆ្នាំទៅ​មិញ​។ ក្រៅពីនេះ​កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​ធ្លាក់​ក្នុង​ដែនទឹក​ជប៉ុន​កន្លងមក​ដែរ និង​នៅមាន​បញ្ហាសំខាន់ៗ​មួយចំនួនទៀត ដូចជា​ការ​ចាប់ពង្រត់​ប្រជាជន​ជប៉ុន​ធ្វើឡើង​ដោយ​កូរ៉េខាងជើង ក្នុង​ចន្លោះ​ទសវត្ស​ឆ្នាំ​១៩៧០​និង​៨០​ជាដើម​។​

​សូមបញ្ជាក់ថា កិច្ច​ជំនួប​រវាង​លោក​គីម ជុង​អ៊ុន​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៧​មេសា​។ ដោយឡែក​កិច្ច​ជំនួប​រវាង​លោក​គីម ជុង​អ៊ុន​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ គ្រោង​នឹង​ធ្វើឡើង​នៅ​ចុង​ខែឧសភា​។ កិច្ច​ជំនួប​កំពូល​ទាំងពីរ​នេះ កំពុង​ត្រូវបាន​អ្នកជំនាញ​តាមដាន​យ៉ាង​យកចិត្ដទុកដាក់ ព្រោះ​ជា​រឿង​ប្រវត្ដិសាស្ដ្រ​មិន​នឹកស្មាន​ដល់​៕

ព័ត៌មានផ្សេងទៀត