ចាប់ពី​ថ្ងៃនេះ រាល់​ការប្រើ​ថង់ប្លាស្ទិក​នៅ​ផ្សារ​ទំនើប​អ៊ីអន​នឹង​ត្រូវ​គិត​លុយ​បន្ថែ​ម

10-04-2018 4:27 pm 1321
  ស្តាប់
ស្តាប់ជាសំឡេង

​បើ​លោក​អ្នក​មិន​ចង់​អស់​លុយ​បន្ថែម លើ​ការប្រើប្រាស់​ថ្លង់​ប្លា​ស្ទិក ពេល​ទៅ​ទិញ​របស់​ប្រើប្រាស់ ឬ​ទំនិញ​ផ្សេងៗ នៅ​ផ្សារ​ទំនើប អ៊ី​អន​ទេ លោកអ្នក​គួរតែ​យក​ក​ន្ទ្រក ទៅ​ជាមួយ​ផង​។ ​ចាប់ពី​ថ្ងៃ​ទី​១០ ខែ​មេសា​នេះ​តទៅ រាល់​ការទិញ​ទំនិញ​ផ្សេងៗ នៅ​ផ្សារ​ទំនើប​អ៊ី​អន ដែល​ត្រូវ ប្រើប្រាស់​ថង់ប្លាស្ទិក គឺ​នឹង​គិត​តម្លៃ​បន្ថែម ពោល​គឺ​ថង់ប្លាស្ទិក​១ មានតម្លៃ​៤០០​រៀល (១០​សេន​)​។ 

​ការប្រកាស​ដាក់​ចេញ​គោលការណ៍​នេះ ធ្វើឡើង​បន្ទាប់​ពី មានការ​ប្រកាស​ពី ក្រសួង​បរិស្ថាន ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ហិរញ្ញវត្ថុ ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព លើ​ការកាត់បន្ថយ ការ​នាំចូល ការផលិត និង​ការប្រើប្រាស់​ថង់​ផ្លា​ស្ទិក ក៏ដូចជា​សំដៅ​កាត់បន្ថយ​ផលប៉ះពាល់​សុខភាព និង​បរិស្ថាន​។​

​បើ​តាម​ការបញ្ជាក់​ពី មន្ត្រី​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន បានបញ្ជាក់​ថា ការតម្រូវ​ឲ្យ​ហាង​ទំនិញ គិត​កម្រៃ​បន្ថែម​ពី​អតិថិជន លើ​ការប្រើប្រាស់​ថង់ប្លាស្ទិក​នេះ មិនមែន​ជា​ការធ្វើ​អាជីវកម្ម ដើម្បី​រក​ចំណូល​បន្ថែម​នោះទេ ប៉ុន្តែ​ជា​ការ​ពញ្ញាក់​ស្មារតី ក៏​ដូចជា​ការអប់រំ​ដល់​ប្រជាពលរដ្ឋ ឲ្យ​គិតគូ​ពី​បញ្ហា​បរិស្ថាន តាមរយៈ​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក​។​

លោក អ៊ាង សុផល្លែត មន្ត្រី​ក្រសួង​បរិស្ថាន ធ្លាប់​បាន​បញ្ជាក់ថា បច្ចុប្បន្ន នៅ​កម្ពុជា ថង់ប្លាស្ទិក​បានក្លាយជា​សម្ភា​រវេច​ខ្ចប់ ពេញ​និយម​របស់​ប្រជាពលរដ្ឋ ដែល​បង្កើត​ជា​សំណល់​ថង់ប្លាស្ទិក ប្រមាណ​ជា​២០% នៃ​សំរាម​សំណល់​រឹង ដែល​ត្រូវបាន​បោះបង់ចោល នៅ​ទីលាន​ចាក់​សំរាម​។ លោក​ថា សំណល់​ថង់ប្លាស្ទិក បាន​បង្ក ផង​ប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់ សោភ័ណភាព​ទីក្រុង ការកកស្ទះ​ប្រព័ន្ធ​លូ  អាយុជីវិត​សត្វ​គ្រប់​ប្រភេទ សុខភាព​សាធារណៈ និង​បរិស្ថាន ដោយសារ​តែ​សំណល់​នេះ ជា​ប្រភេទ​សំណល់​ដែល​មិន​ងាយ​ពុកផុយ​។ លោក អ៊ាង សុផល្លែត បាន​ហៅ​ថង់ប្លាស្ទិក​ថា​«​ជា​ឃាត​តុ​ក​មុខស្រស់​»…

សំឡេង​

​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​សំណើ​របស់​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ បាន​ចេញ​អនុក្រឹត្យ​ស្តីពី ការគ្រប់គ្រង​ថង់ប្លាស្ទិក ដែល​មាន​គោលដៅ​៥​សំខាន់​៖

​ទី​១. ការ​កំណត់​តួនាទី និង​ពង្រឹង​ការទទួលខុសត្រូវ របស់​ក្រសួង ស្ថាប័ន អង្គភាព​ជំនាញ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ លើ​ការ​នាំចូល ការផលិត ការ​ចែកចាយ និង​ការប្រើប្រាស់​ថង់ប្លាស្ទិក និង​ការកែច្នៃ​សំណល់​ថង់ប្លាស្ទិក 

​ទី​២. កំណត់​អំពី​វិធានការ​ទូទៅ​លើ​ការគ្រប់គ្រង​ថង់ប្លាស្ទិក 

​ទី​៣. កំណត់​វិធានការ​គិត​កម្រៃ​បន្ថែម​លើ​ការប្រើប្រាស់​ថង់ប្លាស្ទិក​របស់​អតិថិជន 

​ទី​៤. អប់រំ និង​លើកកម្ពស់​ការយល់ដឹង​សាធារណៈ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការអនុវត្ត​កម្មវិធី​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា 

​និង​ទី​៥ ជម្រុញ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន ក្នុង​ការកែច្នៃ​សំណល់​ថង់ប្លាស្ទិក នៅក្នុង​ស្រុក និង​ការផលិត​សម្ភារ​ប្លា​ស្ទិក ដែល​ងាយ​ពុកផុយ​។​

គួរបញ្ជាក់​ថា ថង់ប្លាស្ទិក បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​សុខភាព​មនុស្ស​សត្វ​។ វា​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ប្រជាជន តាមរយៈ​ទឹកជំនន់ និង​ការបូមទឹក យកមក​ប្រើប្រាស់​នោះ​ឯង​។ ទោះបីជា​ថង់ប្លាស្ទិក បង្ក​គ្រោះថ្នាក់​យ៉ាងណាក៏ដោយ ក៏​គេ​សង្កេតឃើញថា ការប្រើប្រាស់​ថង់ប្លាស្ទិក បាន​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ទាំងនេះ ក៏​ព្រោះតែ​ប្រជាជន​ខ្មែរ នៅ​ពុំទាន់​មានការ​ស្វែង​យល់​នូវ​ផល ប៉ះពាល់ និង​គ្រោះថ្នាក់​ពី​ថង់ប្លាស្ទិក​។​

​តាម​របាយការណ៍ របស់​ធនាគារ​ពិភពលោក (World Bank) បានឲ្យដឹងថា ក្នុង​រយៈពេល ០១​នាទី ថង់ប្លាស្ទិក​ចំនួន​២​លាន​ថង់ ត្រូវបាន​ប្រើប្រាស់​ទូទាំង​ពិភពលោក ដែល​ស្មើនឹង​៣​ពាន់​លាន​ថង់​ក្នុង​មួយថ្ងៃ​។ យោងតាម​របាយការណ៍ ជា​មធ្យម​ប្រជាជន​កម្ពុជា​ម្នាក់ ប្រើប្រាស់​ថង់ប្លាស្ទិក អស់​ចំនួន​២០០​ថង់​ក្នុង​មួយខែ ដែល​ស្មើនឹង​២៧០០​ថង់​ក្នុង​មួយឆ្នាំ​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត