លោក​គីម ជុង​អ៊ុន​និយាយ​ពី​​ផែនការ​​ជួប​ជាមួយ​​លោក​ដូណាល់ ត្រាំ​​ក្នុង​កិច្ចប្រជុំ​បក្ស​

10-04-2018 4:13 pm 434
  ស្តាប់
លោកគីម ជុងអ៊ុន(ឆ្វេង)​និងលោកដូណាល់ ត្រាំ
ស្តាប់ជាសំឡេង

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ពិភាក្សា​ពី​ផែនការ​គ្រោង​ជួបចរចា​ជាមួយ​អាមេរិក នៅក្នុង​កិច្ចប្រជុំ​បក្ស​មួយ​កាលពី​ថ្ងៃ​០៩​មេសា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១០​មេសា​។ វា​ក៏​ជា​ការលើកឡើង​លើកដំបូង​របស់លោក​គីម ជុង​អ៊ុន​ផងដែរ ទាក់ទង​នឹង​កិច្ច​ជំនួប​ជាមួយ​លោក​ដូណាល់ ត្រាំ​។​

​ក្នុង​កិច្ចប្រជុំ​បក្ស​លោក​គីម​បានផ្ដល់​របាយការណ​ស្ដីពី ស្ថានភាព​នៅលើ​ឧបទ្វីប​កូរ៉េ​បច្ចុប្បន្ន រួមទាំង​កិច្ច​ជំនួប​ដាច់ដោយឡែក​របស់​មន្ដ្រី​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង ដើម្បី​ត្រៀម​រៀបចំ​សម្រាប់​កិច្ច​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២៧​មេសា​។ លោក​គីម​បាន​វិភាគ​យ៉ាង​ស៊ីជម្រៅ ព្រមទាំង​វាយតម្លៃ​ពី​ការតម្រង់​ទិសដៅ​អភិវឌ្ឍ​ទំនាក់ទំនង​អន្ដរ​កូរ៉េ​នា​ពេលបច្ចុប្បន្ន ក៏ដូចជា​លទ្ធផល​រំពឹងទុក​នៃ​កិច្ច​ជំនួប​កូរ៉េខាងជើង​-​អាមេរិក​។​

​កិច្ច​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ​ជាមួយ​លោក​គីម ជុង​អ៊ុន នឹងធ្វើ​ឡើងជា​ប្រវត្ដិសាស្ដ្រ​នៅ​ចុង​ខែឧសភា​។ វា​ជា​លើកដំបូង​ដែល​អាមេរិក​យល់ព្រម​ជួប​ជាមួយ​កូរ៉េខាងជើង ហើយក៏​ជា​លើកដំបូង​ដែល​កូរ៉េខាងជើង​ប្រកាស​អញ្ជើញ​អាមេរិក​ជា​សាធារណៈ ឲ្យចូល​រួម​កិច្ចប្រជុំ​ស្ដីពី​ការរំលាយចោល​កម្មវិធី​នុយក្លេអ៊ែ​រ​។

​កិច្ច​ជំនួប​លើកដំបូង​នេះ​ទៀតសោត កំពុង​ត្រូវបាន​គេ​តាមដាន​យ៉ាង​យកចិត្ដទុកដាក់ និង​មាន​សំណួរ​ចោទ​សួរថា កិច្ច​ចរចា​៦​ភាគី​ស្ដីពី​ការរំលាយចោល​នុយក្លេអ៊ែរ​អាច​ចាប់ផ្ដើម​ឡើងវិញ​ទេ ក្រោយ​ផ្អាក​ដំណើរការ​ជាច្រើន​ឆ្នាំ​។ ក៏មាន​ការរំពឹង​ខ្ពស់​ថា​នឹង​ទទួលបាន​លទ្ធផល​វិជ្ជមាន ក្រោយ​លោក​ដូណាល់ ត្រាំ​ជួប​លោក​គីម ជុង​អ៊ុន​៕

ព័ត៌មានផ្សេងទៀត