លោក​ត្រាំ​ព្រមាន​ចាត់វិធានការ​ខ្លាំង​ដើម្បីឆ្លើយតបការវាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​ស៊ី​រី​

10-04-2018 1:55 pm 888

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​ចន្ទ​បាន​ថ្កោលទោស និង​សន្យា ចាត់វិធានការ​ខ្លាំងៗ​ដើម្បី​ឆ្លើយតប ចំពោះ​ការវាយប្រហារ​ដោយ​អាវុធគីមី​នៅក្នុង​ប្រទេស​ស៊ីរី​។​លោក​ត្រាំ​ត្រូវធ្វើ​ការសម្រេច​នៅ​យប់​ថ្ងៃ​ចន្ទ​ឬក្នុងពេលឆាប់ៗនេះ ដើម្បី​រក​វិធី​ឆ្លើយតប​ចំពោះ​ការប្រើប្រាស់​អាវុធ​គីមី​វាយប្រហារ​នៅ​ស៊ី​រី​។ លោក​បន្ថែមថា អាមេរិក​មាន​ជម្រើស​យោធា​ជាច្រើន​នៅ​ប្រទេស​ស៊ី​រី​។ ការ​ថ្លែង​របស់លោក​ត្រាំ​បែបនេះ ធ្វើឡើង​នៅពេល​ប្រជុំ​ជាមួយ​មេដឹកនាំ​យោធា​និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​។​

​ការព្រមាន​ឆ្លើយតប​ធ្ងន់ៗ​របស់លោក​ដូណាល់ ត្រាំ​ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​វាយប្រហារ ដោយសារ​ធាតុគីមី លើ​តំបន់​ក្រុម​ឧទ្ទាម​កាន់កាប់​នៅ​ឌូ​ម៉ា បណ្តាលឲ្យ​ស្លាប់​មនុស្ស​យ៉ាងហោចណាស់​៦០​នាក់ និង​ជាង​១​ពាន់​នាក់​ទៀត​រងរបួស កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។ តំបន់​ជិត​ទីក្រុង​ដា​ម៉ាស​មួយ​នេះ ស្ថិតក្រោម​ការវាយលុក​ដោយ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​គាំទ្រ​ដោយ​រុស្ស៊ី ដើម្បី​បណ្តេញ​ក្រុម​ឧទ្ទាម​។​

​មិនទាន់មាន​នរណា​ចេញមុខ​ទទួលខុសត្រូវ ចំពោះ​សកម្មភាព​នេះ​នៅឡើយ​ទេ តែ​គេ​បាន​ចោទទា​ហ៊ាន​ស៊ីរី ជា​អ្នក​ប្រើ​សារ​ធាតុគីមី វាយប្រហារ​លើ​តំបន់​ក្រុម​ឧទ្ទាម​កាន់កាប់​។  យ៉ាងណាក៏ដោយ ស៊ី​រី​បាន​បដិសេធ​។ សម្រាប់​អាមេរិក​ថា នឹង​ស្វែងរក​អ្នកប្រព្រឹត្ត ឲ្យទទួល​ខុសត្រូវ​ចំពោះ​ទង្វើរ​ដ៏​ឃោ​ឃៅ​នេះ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​សារ​ធាតុគីមី​នៅ​ស៊ី​រី ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ជួបប្រជុំគ្នា​រួចហើយ​ដែរ​។ នៅក្នុង​កិច្ចប្រជុំ ទាំង​អាមេរិក បារាំង​និង​អង់គ្លេស បាន​ដឹកនាំ​ការ​ថ្កោលទោស​ជា​អន្តរជាតិ ចំពោះ​ការវាយប្រហារ​នេះ​។ លោកស្រី Nikki  Haley បេសកជន​អាមេរិក​នៅ​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ឲ្យមាន​ការបោះឆ្នោត កាលពី​ថ្ងៃ​អង្គារ​លើ​សេចក្ដីព្រាង​សេចក្តីសម្រេច​មួយ ដើម្បី​បង្កើត​ការស៊ើបអង្កេត​ថ្មី ស្តីពី ការប្រើប្រាស់​អាវុធ​គីមី​នៅក្នុង​ប្រទេស​ស៊ី​រី​។ ប៉ុន្តែ​រុស្ស៊ី​មិន​គាំទ្រ​ចំពោះ​ការស្នើ​នេះ​ទេ ពីព្រោះ​មាន​ខ្លឹមសារ​មួយចំនួន មិនអាច​ទទួលយកបាន​៕

ព័ត៌មានផ្សេងទៀត