សង្គ្រាម​ពាណិជ្ជកម្ម​​រវាង​អាមេរិក​​ជាមួយ​ចិន​​កំពុង​លេច​​រូបរាង​​ហើយ​?

10-04-2018 1:05 pm
ប្រធានាធិបតីចិន(ឆ្វេង)​និងប្រធានាធិបតីអាមេរិក

​រហូត​មកដល់ពេលនេះ​នៅ​មិនទាន់មាន​ការចរចា ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កំពុង​រីក​រាលដាល​នៅឡើយ​ទេ​។ ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​នឹង​អាមេរិក កំពុង​ធ្វើឲ្យ​អន្ដរជាតិ​ព្រួយបារម្ភ ខ្លាច​ក្លាយជា​សង្គ្រាម​ពាណិជ្ជកម្ម​ទ្រង់ទ្រាយ​ធំ​។ បើ​បែបនេះ​មែន ទីផ្សារ​អន្ដរជាតិ​ទាំងមូល​នឹងត្រូវ​ប្រែប្រួល ហើយ​សេដ្ឋកិច្ចពិភពលោក​ក៏​ប្រែប្រួល​។ តើ​អាមេរិក​និង​ចិន​អាច​ដោះស្រាយ​បញ្ហា​ក្នុងពេល​ឆាប់ៗ​ទេ​? តើ​ជម្លោះ​ដែល​កំពុង​ផ្ទុះឡើង ជា​សញ្ញា​នៃ​ការចាប់ផ្ដើម​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​ឬ​?

​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

សំឡេង៖

​ជម្លោះ​ពាណិជ្ជក​កម្ម​រវាង​អាមេរិក​និង​ចិន  ធ្វើឲ្យមាន​ការសងសឹក​គ្នា​ទៅវិញទៅមក​។ ជម្លោះ​នេះ​ផ្ដើមចេញពី​ការដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន ធ្វើឡើង​ដោយ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​។ កាលពី​ថ្ងៃទី​០៣​មេសា អាមេរិក​បាន​បង្ហាញមុខ​ទំនិញ​ចិន​ចំនួន​១,៣០០​មុខ ដែល​អាមេរិក​ប្រកាស​ដំឡើង​ពន្ធ​នាំចូល​២៥%​។ មួយថ្ងៃ​ក្រោយមក​ចិន​បានបង្ហាញ​បញ្ជី​មុខទំនិញ​ចំនួន​១០៦​ប្រភេទ​ផងដែរ សម្រាប់​ដំឡើង​ពន្ធ​សងសឹក​នឹង​អាមេរិក​វិញ​។ ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​បញ្ជាក់ថា នេះ​គ្រាន់​ជា​ការឆ្លើយតប​គួរសម​មួយ​ប៉ុណ្ណោះ​។​

​ការបង្ហាញ​បញ្ជី​មុខទំនិញ​ដែល​ត្រូវ​ដំឡើង​ពន្ធ​រៀងៗ​ខ្លួន​របស់​ប្រទេស​ទាំងពីរ ពេលនេះ​បាន​ក្លាយជា​រឿង​ធ្ងន់ធ្ងរ​ជាង​ការគំរាមកំហែង​ទៅទៀត​។ ក្នុង​រយៈពេល​ពីរ​ខែ​ខាងមុខនេះ បញ្ជី​រាយ​មុខទំនិញ​នឹងត្រូវ​អាមេរិក​​ដាក់​ការពិគ្រោះ​យោបល់​ជា​សាធារណៈ ប៉ុន្ដែ​មិនទាន់មាន​កាលបរិច្ឆេទ​កំណត់​ពន្ធគយ និង​កាលបរិច្ឆេទ​ចូល​ជា​ធរមាន​នោះទេ​។ ចិន​បាន​និយាយថា​ខ្លួន​រង់ចាំ​ឲ្យ​អាមេរិក​ផ្លាស់ប្ដូរ ព្រោះថា​នៅតែ​មានឱកាស​ដែល​ភាគី​ទាំងពីរ អាច​ដោះស្រាយ​ជម្លោះ​ដែល​កំពុង​ព្រួយបារម្ភ​ក្លាយជា​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​បាន​។

ទោះបីជា​ការបង្ហាញ​បញ្ជី​ឈ្មោះ​ទំនិញ​ពី​សំណាក់​អាមេរិក ធ្វើឲ្យ​ចិន​ឆ្លើយតប​ទៅវិញ​ក៏ដោយ ក៏​លោក​ដូណាល់ ត្រាំ​បានចាត់ទុក​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន ជា​ការរើសអើង​មួយ​ដាច់ដោយឡែក​។ ពន្ធ​អាច​នឹងត្រូវ​លើកលែង​បើសិន​ចិន​ព្រម​ទិញ​ទំនិញ​បន្ថែម​ពី​អាមេរិក​។ កន្លងមក​អាមេរិក​ធ្លាប់​លើកឡើងថា ទំនិញ​នាំចូល​ពី​ចិន​និង​នាំចេញ​ទៅ​ចិន​ខុសគ្នា​ច្រើនណាស់ គ្មាន​តុល្យភាព​ទេ​។​

​ការប៉ះទង្គិច​រវាង​អាមេរិក​និង​ចិន កើតឡើង​បន្ទាប់ពី​មាន​រឿងរ៉ាវ​ផ្សេងៗ​ទៀត​។ កាលពី​ថ្ងៃទី​២៣​មីនា​អាមេរិក​បានប្រកាស​ដំឡើង​ពន្ធ​លើ​ដែកថែប​និង​អាលុយមីញ៉ូម នាំចូល​មកពី​បណ្ដា​ប្រទេស​មួយចំនួន ក្នុងនោះ​ក៏មាន​ចិន​ដែរ​។ បញ្ហា​នេះ​បានធ្វើឲ្យ​ចិន​ដំឡើងព​ន្ធ​នាំចូល​លើ​ទំនិញ​អាមេរិក​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​។ ការបន្ដ​សងសឹក​គ្នា​កាន់តែខ្លាំង​ត្រូវបាន​គេ​រំពឹង​នឹង​កើតឡើង នៅពេល​ចិន​ប្រតិកម្ម​លើ​ការដំឡើង​ពន្ធ​លើ​ផលិតផល​បន្ទះ​សូ​ឡា​និង​ម៉ាស៊ីន​បោកគក់​។ អ្នកជំនាញ​និយាយថា​ការបង្ហាញ​មុខទំនិញ​គ្នា​ទៅវិញទៅមក​នេះ វា​ជា​ភាពងាយស្រួល​មួយ​ដែល​ចិន​និង​អាមេរិក​អាច​វិភាគ​លើ​យុទ្ធសាស្ដ្រ​របស់គេ​។ តាម​អ្វីដែល​អាមេរិក​បានប្រកាស ក៏​ធ្វើឲ្យប៉ះពាល់​ដល់​គោលនយោបាយ​ឧស្សា​ហក​ម្ម​ចិន​បន្ថែមទៀត ក្នុងនោះ​មាន​ផែនការ​ឆ្នាំ​២០២៥​របស់​ចិន ដែល​ចិន​គ្រោង​គ្របដណ្ដប់​លើ​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា ឧស្សាហកម្ម​មនុស្ស​យន្ដ ម៉ូតូ រថយន្ដ​អគ្គិសនី និង​ឧបករណ៍​អេឡិចត្រូនិច​។​

​រឿងរ៉ាវ​ទាំងអស់​ហាក់​ត្រឹមត្រូវ​ក្នុង​ក្រសែភ្នែក​របស់លោក​ត្រាំ ប៉ុន្ដែ​គោលនយោបាយ​ការពារ​ពាណិជ្ជកម្ម​នេះ កំពុង​ធ្វើឲ្យមាន​បញ្ហា​ប្រឈម​កើតឡើង​។ តាំងតែ​ពីមុន​ការប្រកាស​ចុងក្រោយ​របស់​អាមេរិក មាន​ផលិតផល​មួយចំនួន​ត្រូវបាន​ដក​ចេញពី​បញ្ជី​វិញ បន្ទាប់ពី​ក្រុមអ្នកវិភាគ​កំណត់ថា ទំនងជា​បង្ក​ការរំខាន​ដល់​សេដ្ឋកិច្ច​អាមេរិក ឬ​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ផ្នែក​ច្បាប់​ឬ​រដ្ឋបាល​។ ក្រុមអ្នកវិភាគ​នៅ​ធនាគារ​Goldman Sachs ប៉ាន់ប្រមាណ​ថា​ផលិតផល​ត្រូវ​ដំឡើង​ពន្ធ នៅសល់តែ​ប្រមាណ​២០%​ប៉ុណ្ណោះ​នៃ​ទំនិញ​នាំចូល​ពី​ចិន​។​

​និយាយ​ពី​ប្រទេស​ចិន​វិញ ក្នុង​ការឆ្លើយតប​នឹង​ការដំឡើង​ពន្ធ​របស់​អាមេរិក​លើ​ដែក​ថែម​និង​អាលុយមីញ៉ូម ចិន​បាន​ដំឡើង​ពន្ធ​០,២​ពាន់​លានដុល្លារ​លើ​ដែកថែប ដែក​បំពង់ បំពង់​ជាដើម​។ ក្រៅពីនេះ​ដំឡើង​ពន្ធ​លើ​កាកសំណល់​អាលុយមីញ៉ូម​ចំនួន​១,២​ពាន់​លាន​ដុល្លារ​។ បញ្ជី​ឈ្មោះ​រាយ​មុខទំនិញ​ដែល​បង្ហាញ​កាលពី​ថ្ងៃទី​០៤​មេសា មិន​បានកំណត់​ទៅតាម​ច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទេ​។ ចិន​ផ្ដោត​សំខាន់​លើ​ចំណុច​ដាក់​សម្ពាធ​លទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក រួមទាំង​ផ្នែក​ឧស្សាហកម្ម ដូចជា​ទាក់ទង​នឹង​ឧស្សាហកម្ម​យន្ដហោះ​និង​មុខទំនិញ​ផ្សេងៗ​មួយចំនួន​។​

ជារួម​ទៅ​ការ​សងសឹក​គ្នា​នឹង​នៅតែ​បន្ដ​កាន់តែខ្លាំង ព្រោះ​លោក​ដូណាល់ ត្រាំ​បានប្រកាសថា លោក​កំពុង​ពិចារណា​ពី​ការដំឡើង​ពន្ធ​លើ​មុខទំនិញ​នាំចូល​ពី​ចិន​មានតម្លៃ​១០០​ពាន់​លាន​ដុល្លារ​បន្ថែម​។ ក្រសួងពាណិជ្ជកម្ម​របស់​ចិន​បាន​បញ្ជាក់ថា ចិន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការឆ្លើយតប​នឹង​អាមេរិក ប្រសិនបើ​អាមេរិក​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​មានតម្លៃ​១០០​ពាន់​លាន​ដុល្លារ​ដូច​ការប្រកាស​មែន​។ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថ្មីៗ​ថា ចិន​មិនបាន​ដក​ជម្រើស​ណាមួយ​ចេញពី​តុ​ឡើយ ព្រោះ​ការផ្លាស់ប្ដូរ​របស់​អាមេរិក​គ្មាន​ហេតុផល និង​ខុសឆ្គង​យ៉ាងធ្ងន់ធ្ងរ​។ អាមេរិក​វាយតម្លៃ​ខុសពី​ស្ថានភាព​បច្ចុប្បន្ន ហើយ​វា​គ្រាន់​ជា​រឿង​ឆ្កួត​លីលា​តែម្នាក់ឯង​ប៉ុណ្ណោះ​។​

​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​បន្ថែមថា គ្មាន​កិច្ចពិភាក្សា​ស្ដីពី​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​មន្ដ្រី​សេដ្ឋកិច្ច​ចិន​និង​អាមេរិក​ឡើយ ទោះបី​មាន​មន្ដ្រី​អាមេរិក​ជាច្រើន​បាន​ព្រលយ​ពាក្យ​ថា ភាគី​ទាំងពីរ​កំពុង​ចរចា​គ្នា​ក៏ដោយ ប៉ុន្ដែ​វា​ជា​រឿង​មិន​ពិត​។ លោក​សង្កត់ធ្ងន់ថា វា​គឺជា​តតាំង​គ្នា​រវាង​អ្នក​ឯកតោភាគី​និយម​និង​ពុហ​ភាគី​និយម ហើយក៏​ជាការ​តតាំង​គ្នា​រវាង​អ្នក​គាំពារ​និយម​និង​អ្នក​សេរីនិយម​។ ប្រសិនបើ​ខាង​ពហុភាគី​និយម​និង​អ្នក​ពាណិជ្ជកម្ម​សេរីនិយម​រង​ការគំរាមកំហែង នោះ​ដំណើរការ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​នឹងត្រូវ​រារាំង ហើយ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចពិភពលោក​នឹងមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។​

​ពាក់ព័ន្ធ​ករណីនេះ ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច​អាមេរិក​បាន​ព្រមាន​ថា នឹង​ជំរុញឲ្យមាន​ការសង​សឹក​គ្នា​ទៅវិញទៅមក ហើយ​នាំឲ្យ​ទំនិញ​មានតម្លៃ​ខ្ពស់​សម្រាប់​អ្នកប្រើប្រាស់​របស់​អាមេរិក​។ ក្រុម​អ្នកជំនួញ​អាមេរិក​វិញ​បាន​ទទូច​ឲ្យ​ភាគី​ទាំងពីរ​ព្យាយាម​ដោះស្រាយ​បញ្ហា​តាមរយៈ​កិច្ចចរចា ព្រោះ​ពួកគេ​បារម្ភ​ពី​ការគំរាមកំហែង​ជា​លទ្ធផល​នៃ​ការដំឡើង​ពន្ធ​។ ការដំឡើង​ពន្ធ​អាចឲ្យ​សេដ្ឋកិច្ច​អាមេរិក​រងគ្រោះ អ៊ីចឹង​ទេ​ត្រូវតែ​ចៀសវាង​ដាច់ខាត​ជម្លោះ​ពាណិជ្ជកម្ម ឈានដល់​សង្គ្រាម​ពាណិជ្ជកម្ម​៕

ព័ត៌មានផ្សេងទៀត