រុស្ស៊ី​៖​​យន្ដហោះ​​ចម្បាំង​​អ៊ីស្រាអែល​​ពីរ​គ្រឿង​​ជា​អ្នកបាញ់​​មូលដ្ឋាន​ទ័ព​អាកាស​ស៊ី​រី​

09-04-2018 4:17 pm 549
  ស្តាប់
រូបភាព​យន្ដហោះ​ចម្បាំង​របស់​អ៊ីស្រាអែល
ស្តាប់ជាសំឡេង

​ទោះបី​អ៊ីស្រាអែល​មិនទាន់​ចេញមុខ​មក​បកស្រាយ​ក៏ដោយ ប៉ុន្ដែ​តាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឲ្យដឹងថា យន្ដហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​ចំនួន​ពី​រគ្រឿង ជា​អ្នក​បាញ់ប្រហារ​នៅ​មូលដ្ឋាន​ទ័ពអាកាស​របស់​ស៊ីរី​នៅក្នុង​ខេត្ដ​Homs​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៩​មេសា​នេះ​។ តាម​ការចុះផ្សាយ​បានបញ្ជាក់​ថា យន្ដហោះ​ចម្បាំង​ពីរ​គ្រឿង​របស់​អ៊ីស្រាអែល​នោះ​ប្រភេទ​F-15 បានធ្វើ​សកម្មភាព​ពី​ដែនអាកាស​របស់​លី​បង់ ដោយ​មិន​ហោះចូល​ក្នុង​ដែនអាកាស​ស៊ី​រី​ទេ​។​

​តាម​ការបញ្ជាក់​ពី​យោធា​រុស្ស៊ី​ក៏​ដូចគ្នា​ដែរ គឺ​ការបាញ់ប្រហារ​នេះ​ធ្វើឡើង​ចេញពី​ដែនអាកាស​របស់​លី​បង់​។ មី​ស៊ី​ល​ចំនួន​៥​គ្រាប់​ក្នុងចំណោម​៨​គ្រាប់​ដែល​បាញ់​ចេញពី​យន្ដហោះ ត្រូវបាន​កម្ទេច​ដោយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅក្នុង​មូលដ្ឋាន​ទ័ពអាកាស​។ ដោយឡែក​មី​ស៊ី​លបី​គ្រាប់​ទៀត​បាន​ធ្លាក់​នៅ​វាល​យន្ដហោះ​ភាគ​ខាងលិច​។ នៅក្នុង​ការវាយប្រហារ​មាន​សេចក្ដីរាយការណ៍​ថា បណ្ដាលឲ្យ​មនុស្ស​ស្លាប់​និង​របួស​ផងដែរ​។​

​មុន​មានការ​បញ្ជាក់ថា យន្ដហោះ​ចម្បាំង​អ៊ីស្រាអែល​ជា​អ្នកបាញ់​មី​ស៊ី​ល ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ស៊ី​រី​SANA បាន​ចុះផ្សាយ​ថា​មី​ស៊ី​ល​ដែល​បាញ់ប្រហា​រលើ​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី​T-4 ប្រហែល​អាមេរិក​ជា​អ្នក​នៅ​ពីក្រោយ​។ ប៉ុន្ដែ​មន្ទីរ​បញ្ច​កោណ​បាន​ឆ្លើយតប​ថា ការអះអាង​នេះ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​អាមេរិក​មិនបាន​ពាក់ព័ន្ធ ហើយក៏​មិនបាន​បើក​យុទ្ធនាការ​វាយប្រហារ​តាម​ជើង​អាកាស​នៅ​ស៊ី​រី​ដែរ​។​

​សូមបញ្ជាក់ថា កាលពី​ខែមេសា​ឆ្នាំ​២០១៧ អាមេរិក​បាន​បាញ់​មី​ស៊ី​ល​៥៩​គ្រាប់​ទៅលើ​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី ក្រោយ​ចោទប្រកាន់ថា​កងទ័ព​ស៊ី​រី​បាន​ប្រើ​អាវុធ​គីមី​វាយប្រហារ​សម្លាប់​ប្រជាជន​ខ្លួនឯង​។ ចំពោះ​ការបាញ់ប្រហារ​លើក​នេះ ធ្វើឡើង​តែ​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​មាន​ការវាយប្រហារ​ដោយ​ប្រើ​សារ​ធាតុគីមី សម្លាប់​ប្រជាជន​ស៊ីវិល​ជាច្រើន​នាក់​ដែរ​។ ប៉ុន្ដែ​ស៊ី​រី​បាន​បដិសេធថា ខ្លួន​មិនបាន​ប្រើ​អាវុធ​គីមី​ដូច​ការចោទប្រកាន់​ឡើយ​៕

ព័ត៌មានផ្សេងទៀត