គ​.​ជ​.​ប ឲ្យ​លោកសម រង្ស៊ី​ បញ្ឈប់​​ជាបន្ទាន់​​ចំពោះ​ការ​អំពាវនាវ ​មិនឲ្យ​ពលរដ្ឋ​​ទៅ​បោះឆ្នោត​​

09-04-2018 3:25 pm 9876
  ស្តាប់
លោកស៊ិក ប៊ុនហុក ប្រធាន គជប និងលោកសម រង្ស៊ី
ស្តាប់ជាសំឡេង

​មួយថ្ងៃ​បន្ទាប់ពី​លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យធ្វើ​ពហិការ​ការបោះឆ្នោតជាតិ​នា​ខែកក្កដា​ខាងមុខ ដោយ​លោក​អះអាងថា ការបោះឆ្នោតជាតិ នាពេលខាងមុខ​នឹង​គ្មាន​ន័យ គ្មាន​តម្លៃ និង​គ្មាន​ការទទួលស្គាល់​ពី​សហគម​ន៍​អន្តរជាតិ បើ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ របស់លោក​ចូលរួម  នៅ​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ប្រាប់​ឲ្យ​បុគ្គល ដែល​ចេញមុខ​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​មិនឲ្យ​ចូលរួម​ការបោះ​ឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​ត្រូវ​បញ្ឈប់​សកម្ម​ភាព​ខុសច្បាប់ របស់ខ្លួន​ជាបន្ទាន់​។​

​បើ​ទោះ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន មិន​បញ្ជាក់​ឈ្មោះ​ក៏ដោយ ប៉ុន្តែ​គេ​ដឹងថា គឺ​សំដៅលើ​លោក​សម រង្ស៊ី​នេះឯង​។​លោក​សម រង្ស៊ី ក្រៅ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មិនឲ្យ​ចូលរួម​ការបោះ​ឆ្នោត លោក​ក៏​ស្នើឲ្យ​អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ ធ្វើ​ការពិចារណា​ឲ្យបានហ្មត់ចត់ មុននឹង​ចូលរួម​សង្កេតការណ៍​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​។ ដោយ​លោក​លើក​មូលហេតុ​ថា ការបោះឆ្នោត​ខាងមុខនេះ គ្មាន​អតីត​គណបក្សប្រឆាំង​ចូលរួម​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានចាត់ទុក​ការអំពាវនាវ​នោះ គឺ​ខុសច្បាប់របោះឆ្នោត ដែល​ត្រូវ​ទទួល​ការពិន័យ​ជា​ប្រាក់​ច្រើន​លាន​រៀល និង​ថែមទាំង​មានទោស ព្រហ្មទណ្ឌ​ផ្សេងទៀត​ផងដែរ​។ ប៉ុន្តែ យ៉ាងណា គជប មិន​បង្ហាញ​ពី​ចំណាត់កា​រ​បែបណា ​ចំពោះ​ការអំពាវនាវ​របស់លោក​សម រង្ស៊ី នេះ​ទេ​។​

​បន្ថែម​ពីលើ​នេះ គ​.​ជ​.​ប ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ​អញ្ជើញ​ចូលរួម​ការបោះឆ្នោត ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខឲ្យ​បាន​គ្រប់ៗ​គ្នា និង​អំពាវនាវ​ដល់​អ្នកសង្កេតកា​រ​ជាតិ អន្តរជាតិ មក​បំពេញបែបបទ​ឲ្យបាន​ទាន់ពេលវេលា ដើម្បី​ចូលរួម​សង្កេត​ដំណើរការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នេះ​៕

ព័ត៌មានផ្សេងទៀត