លោក​ ​ហ៊ុន សែន​ថា ខ្លួន​កំពុង​​ដឹកនាំ​​លើ​ផ្លូវត្រូវ​ នឹង​​ប្តេជ្ញា​ធ្វើកំណែ​ទម្រង់​បន្ត​​

09-04-2018 2:46 pm 695
  ស្តាប់
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងវេទិកាកន្លងទៅ។
ស្តាប់ជាសំឡេង

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា រាល់​សមិទ្ធផល​នានា ដែល​រដ្ឋាភិបាល​របស់​លោក​សម្រេចបាន​កន្លង​មក គឺ​ដោយសា​ការដឹកនាំ​នយោបាយ​ត្រឹមត្រូវ និង មាន​ការចូលរួម​ពី​សមាជិក​នៃ​រដ្ឋាភិបាល​។ តែ​យ៉ាងណា លោក​ប្តេជ្ញា​ថា នឹង​នៅតែ​បន្ត ធ្វើកំណែទម្រង់​ស៊ីជម្រៅ តាម​អភិក្រម​របស់ខ្លួន​បន្ថែ​ម​ទៀត ដែល​អ្នកវិភាគ​អ្នក​ថា ដើម្បី​រក្សា អំណាច​បានយូរ​។ 

« ឆ្លុះ​កញ្ចក់ ងូតទឹក ដុះ​ក្អែល ព្យាបាល និង​វះកាត់​» ជា​សារ​ខ្លី​ដែល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែង​ដាស់តឿន​មន្ត្រី​ដែល​ធ្លាប់​ស្ពឹក​ស្រ​ពន់ ឱ្យ​ភ្ញាក់រលឹក ក្នុងន័យ​កំណែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ជួរ​គណបក្ស និង ជួរ​រាជរដ្ឋាភិបាល​។ ការប្រកាស​របស់លោក​កាលណោះ បន្ទាប់ពី​គណបក្ស​លោក​បាត់បង់ ២២​អាសនៈ កាលពី​បោះឆ្នោត​អាណាត្តិទី​៥ ឆ្នាំ​២០១៣ ទៅឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ របស់លោក សម រង្ស៊ី និង លោក កឹម សុខា​។ 

​ប៉ុន្តែ​បើទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​ក្តី ក៏​រដ្ឋាភិបាល​របស់លោក ហ៊ុន សែន នៅតែ​ប្តេជ្ញា​បន្ត​ធ្វើកំណែទម្រង់ លើ​ការងារ​មន្ត្រី​ខ្លួន​បន្តទៀត​។ មុន​ការបោះឆ្នោត​មកដល់​នៅ​ថ្ងៃទី​២៩ ខែកក្កដា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ បាន​សង្គត់ធ្ងន់ថា រដ្ឋាភិបាល​របស់លោក នឹង​បន្ត​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ តាម​អភិក្រម​បក្ស​គឺ« ឆ្លុះ​កញ្ចក់ ងូតទឹក ដុះ​ក្អែល ព្យាបាល និង វះកាត់​» ។​

​ក្នុង​«​អភិក្រម​»​នោះ គឺមាន ការពង្រឹង​អភិបាលកិច្ច​ល្អ តាមរយៈ​ពង្រឹង​ស្ថាប័ន​ជាតិ គ្រប់​ជាន់ថ្នាក់ ប្រឆាំង​អំពើពុករលួយ ការអភិវឌ្ឍ​ធនធានមនុស្ស កែលម្អ​ប្រព័ន្ធ​អប់រំ លើកកម្ពស់​ប្រព័ន្ធ​ការពារ​សង្គម សុខភិបាល ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ព្រមទាំង​បង្កើន​ប្រភព​ថាមពល​អគ្គិសនី  ដើម្បី​បន្ត​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម​ដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និង វិស័យ​កសិកម្ម​។​

​លោក​បណ្ឌិត​គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​វាយតម្លៃថា ក្នុង​អាណត្តិ​ទី​៥​នេះ គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​ហ៊ុន សែន ធ្វើកំណែទម្រង់​ច្រើន​ក្នុងនោះ​ទាំង សេដ្ឋកិច្ច នយោបាយ និង​សង្គម​។ ប៉ុន្តែ​លោក​មើលឃើញថា នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន ដែល​មិនទាន់​ដោះស្រាយ​។​

​សំឡេង​​លោក​បណ្ឌិត​គិន ភា៖

​លោក​បណ្ឌិត​គិន ភា បាន​សង្គត់ធ្ងន់ថា គណបក្ស​ប្រជាជន​កម្ពុជា បើ​ទោះ​គ្មាន​គណបក្សប្រឆាំង​ក្តី គណបក្សកាន់អំណាច​ដ៏​ចាស់វស្សា​មួយ​នេះ ត្រូវតែ​ពង្រឹង​គោលនយោបាយ​របស់ខ្លួន ឆ្ពោះទៅ​បម្រើ​ប្រជាពលរដ្ឋ​តាមរយៈ​កំណែទម្រង់​បន្ថែម ដើម្បី​រក្សា​ជីវិត​បក្ស​ឱ្យ​រស់​បានយូរ​នា​ពេលអនាគត​។​

​សំឡេង​លោក​បណ្ឌិត​គិន ភា​៖

​គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើម​អណត្តិ​ទី​៥ បានប្រកាស​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​បន្ថែម​លើ​កិច្ចការងារ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​របស់លោក​។ ចាប់តាំងពី​លោក​នាយករដ្ឋមន្ត្រី​ប្រកាស​មក គេ​កត់សម្គាល់ថា ទាំង​លោក​នាយករដ្ឋមន្ត្រី និង មន្ត្រីក្រោមឱវាទ​បាន​កែប្រែ​ឥរិយាបថ​បាន​ច្រើន​។ ប៉ុន្តែ​នៅមាន​មន្ត្រី​មួយចំនួន ហាក់​នៅ​ពុំទាន់​ភ្ញាក់រលឹក ជាហេតុ​ធ្វើឱ្យ​កំណែទម្រង់​ស៊ីជម្រៅ​នៅ​តឹង​។​

​យ៉ាងណាក្តី លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន តាមរយៈ សារលិខិត​មួយ​ជូន​ជនរួមជាតិ នៅក្នុង​ឱកាស​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ចុះផ្សាយ​នៅថ្ងៃនេះ បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​របស់លោក កំពុងតែ​ដឹកនាំ​ត្រឹមត្រូវ ប្រកបដោយ​ឆន្ទៈ​មោះមុត មាន​ការចូលរួម​ពី​សមាជិក សមាជិក​នៃ​ស្ថាប័ន នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ក្នុង​បំពេញការងារ​របស់ខ្លួន​៕

 

ព័ត៌មានផ្សេងទៀត