លោក​អំ សំអាត ថា​ ការបង្កើត​ច្បាប់​​ស្តីពី​ព័ត៌មាន​មិន​ពិត​ ដើម្បី​​បង្ក្រាប​លើ​​ស្ថានភាព​​នយោបាយ​

08-04-2018 2:42 pm 1737
  ស្តាប់
លោកអំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូ
ស្តាប់ជាសំឡេង

​មន្ត្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ថ្លែង​កាលពី​ថ្ងៃទី​ថ្ងៃទី​០៦ មេសា ថា ពេលនេះ​ក្រុមប្រឹក្សា​អ្នកច្បាប់ កំពុង​ពិនិត្យ​លទ្ធភាព ដើម្បី​ឈាន​ទៅធ្វើ​សេចក្តីព្រាងច្បាប់​មួយ ជុំវិញ​ការបង្ក្រាប​ព័ត៌មាន​មិន​ពិត ក្រោយ​ការផ្តួចផ្តើម​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួប​ដាច់ដោយឡែក​មួយ ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុន​ហ្វ៊ុក នៅ​ខេត្តសៀមរាប នាឱកាស​នៃ​កិច្ចប្រជុំ​លើក​ទី​៣ របស់​គណៈកម្មាកា​រ​ទន្លេមេគង្គ កាលពី​ថ្ងៃទី​០៤ មេសា​។ 

​ជំនួយការ​ផ្ទាល់​របស់លោក ហ៊ុន សែន គឺ​លោក អ៊ាង សុផល្លែត បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ការ​ព្រមព្រៀងគ្នា​ជាមួយ​ភាគី​វៀតណាម គាំទ្រ​ឲ្យមាន​ច្បាប់​នេះ​ឡើង គឺ​ដើម្បី​ជា​ការដោះដូរ​ព័ត៌មាន​រវាង​ប្រទេស​ទាំង ២ ក្នុង​ការទប់ស្កាត់​មិន​ឲ្យមាន​ព័ត៌មាន​ក្លែងក្លាយ ដែល​អាច​បង្ក​ការយល់​ខុស​រវាង​ប្រទេស​ទាំង ២​។ 

​អ្នកជំនាញ​ផ្នែក​ច្បាប់ គឺ​លោក​មេធាវី​សុក សំអឿន លើកឡើងថា ដ្បិត​លោក​មិនទាន់បាន​ឃើញ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ​យ៉ាងណា​នៅឡើយ តែ​លោក​ថា ច្បាប់​នេះ អាចជា​អាវុធ​មុខ​ពីរ​។ បើ​ធ្វើទៅ​ល្អ វា​ជា​ការការពារ​សិទ្ធិសេរីភាព​របស់​បុគ្គ​ល​គ្រប់រូប តែបើ​ធ្វើ​មិនល្អ វា​ក្លាយទៅជា​ការបិទ​សិទ្ធិសេរីភាព​ក្រុម​ម្ខាង​ទៀត​មិន​ខាន​.... 

​សំឡេង​លោក​មេធាវី​សុក សំអឿន​៖

​ឯ​លោក​អំ សំអាត មន្ត្រី​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ អះអាងថា ស្ថិតក្នុង​កាលៈទេសៈ​សង្គម​ដូច​សព្វថ្ងៃនេះ ច្បាប់​នេះ មិនគួរ​ត្រូវបាន​បង្កើតឡើង​ទេ​។ លោក​ថា កាលៈទេសៈ​នេះ ច្បាប់​នេះ វា​ហាក់ដូចជា​ការពារ​ផលប្រយោជន៍​អ្នកនយោបាយ ច្រើន​ជា​ផលប្រយោជន៍​សាធារណៈ ហើយ​វា​នឹងរង​នូវ​ការរិះគន់​កាន់តែច្រើន ក្នុងស្ថានភាព​នយោបាយ​ពេលនេះ ................

​សំឡេង​លោក​អំ សំអាត​៖

​លោក​អំ សំអាត សម្តែង​ការព្រួយបារម្ភ​ថា ច្បាប់​នេះ អាច​នឹងមិន​ដាច់ស្រេច​ទៅនឹង​ការបញ្ចេញមតិ ក្នុងករណី​ច្បាប់​នេះ មិន​បានកំណត់​និយមន័យ​ច្បាស់លាស់​។ ពេលនោះ ប្រជាពលរដ្ឋ​ទូទៅ​នឹង​ក្លាយទៅជា​អ្នករងគ្រោះ ឯ​សិទ្ធិ​នៃ​ការបញ្ចេញមតិ នឹងត្រូវ​រួច​ខើច​។ លោក​អំ សំអាត បារម្ភ​ទៀតថា ការបញ្ចេញមតិ ឬ​ស៊ែរ នៅលើ​បណ្តាញ​សង្គម​Facebook អាច​ប្រឈម​នឹង​ទោសទណ្ឌ​មិន​ខាន​។​
​លោក​អំ សំអាត មើលឃើញថា កាលៈទេសៈ​ដែល​ស្ថានភាព​នយោបាយ​កំពុង​តានតឹង​នេះ ហើយ​ស្រាប់តែ​ច្បាប់​នេះ បង្កើតឡើង គឺ​វា​ប្រាកដ​ណាស់​ថា ធ្វើឡើង​ដើម្បី​បង្ក្រាប​ទាក់ទង​នឹង​ស្ថានភាព​នយោបាយ​......

​សំឡេង​លោក​អំ សំអាត​៖

​ប៉ុន្តែ​លោក សុខ ឥសាន អះអាងថា ច្បាប់​ថ្មី​ស្តីពី​ការបង្ក្រាប​ព័ត៌មាន​មិន​ពិត​នេះ នឹង​ចាត់ការ​រាល់​បុគ្គល និង​អង្គភាព​ព័ត៌មាន​ទាំងអស់ ដែល​ល្មើសច្បាប់​។​លោក​សុខ ឥសាន បាន​ថ្លែងថា ការឯកភាព​របស់​នា​យក​រដ្ឋមន្ត្រី​កម្ពុជា ជាមួយនឹង​ការលើកឡើង​របស់​នាយ​ក​រដ្ឋមន្ត្រី​វៀតណាម ទាក់ទង​នឹង​ច្បាប់​នេះ គឺ​ដើម្បី​ការពារ​មិនឲ្យ​ប្រជាពលរដ្ឋ​និយាយ​ខុស​៕


ព័ត៌មានផ្សេងទៀត