កាលពីថ្ងៃទី០៦ ខែមេសា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន នូវកាណូតដឹកអ្នកដំណើរ ពីខណ្ឌព្រែកព្នៅ ឆ្ពោះទៅកាន់ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលនេះ គឺជាលើកដំបូងដែលកម្ពុជាចាប់ផ្តើមដំណើរការ និងប្រើប្រាស់ផ្លូវទឹកឡើងវិញ ។
លោកស៊ុន ចាន់ថុល បានថ្លែងប្រាប់ក្រុមអ្នកកាសែត ក្នុងពិធីបើកសម្ពោធដំណើរការ កាណូតដឹកអ្នកដំណើរ នៅព្រឹកថ្ងៃដដែលថា កាណូតដឹកអ្នកដំណើរនេះ នឹងធ្វើដំណើរតាមបណ្តោយទន្លេសាប និងទន្លេបាសាក់ ។ កំពង់ផែចំនួន៦ទីតាំង និងកាណូតចំនួន២គ្រឿង នាំចូលពីប្រទេសវៀតណាម រួមជាមួយនឹងកាណូតចាស់ៗ ចំនួន២គ្រឿងទៀត សរុបទាំងអស់៤គ្រឿង ដែលកាណូតមួយគ្រឿង អាចផ្ទុកអ្នកដំណើរបានចំនួនជាង៥០ទៅ៦០នាក់ ។
កាណូតនីមួយៗ ត្រូវបានបំពាក់ម៉ាស៊ីនត្រជាក់ និងពោងសុវត្ថិភាព ដោយចាប់ផ្ដើមផ្ដល់សេវា ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ៥:៣០នាទីល្ងាច ។ រាល់ការចតដឹកអ្នកដំណើរ សម្រាប់ចំណតនីមួយៗមិនលើសពី១០នាទីនោះទេ ។
ចំពោះកំពង់ផែសម្រាប់ចំណតទាំង៦ទីតាំងនោះ រួមមាន កំពង់ផែព្រែកព្នៅ, កំពង់ផែមុខឃ្លាំងសាំងឫស្សីកែវ ឬហៅថាទីលានប្រជាធិបតេយ្យថ្មី, កំពង់ផែផែបណ្តែតទល់មុខផ្សារាត្រី, កំពង់ផែណាហ្គាក្បែរកោះពេជ្រ, កំពង់ផែភូមិដើមចាន់ច្បារអំពៅ និងកំពង់ផែសួនច្បារតាខ្មៅ ។ ដោយឡែក កំពង់ផែទាំង៦នេះ ត្រូវបានដាក់ឱ្យដំណើរការតែ៤សិនប៉ុណ្ណោះ ចំពោះកំពង់ផែព្រែកព្នៅ និងកំពង់ផែភូមិដើមចាន់ច្បារអំពៅ មិនទាន់ត្រូវបានដាក់ឱ្យដំណើរការនៅឡើយ ព្រោះមិនទាន់សាងសង់រួចរាល់ ។
កាណូតដឹកអ្នកដំណើរនេះ នឹងផ្តល់ឱ្យពលរដ្ឋធ្វើដំណើរតាមផ្លូវទឹក ដោយមិនគិតប្រាក់ ចាប់ពីថ្ងៃទី០៦ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ។ យ៉ាងណាក៏ដោយ ចាប់ពីខែសីហា ឆ្នាំ២០១៨តទៅ ការធ្វើដំណើរតាមកាណូតទាំងនេះ នឹងតម្រូវឱ្យបង់ប្រាក់ចំនួន ៣២០រៀល ក្នុង១គីឡូម៉ែត្រ ។ ជារួម បើគេធ្វើដំណើរពីឫស្សីកែវ ដល់ក្រុងតាខ្មៅ ក្នុងចម្ងាយជិត២០គីឡូម៉ែត្រ នោះ គឺត្រូវចំណាយប្រាក់ ៥.៩០០រៀល និងប្រើរយៈពេលធ្វើដំណើរប្រមាណ ៤៥នាទី ។
យ៉ាងណាម៉ិញ ក្រៅពីដាក់ឱ្យដំណើរការផ្លូវទឹក រដ្ឋាភិបាលកម្ពុជាក៏បានប្រកាសដាក់ឱ្យដំណើរការនូវ សេវាឡានក្រុងជូនពលរដ្ឋ ដោយឥតគិតថ្លៃក្នុងឱកាសចូលឆ្នាំថ្មីដែរ ។ តាមរយៈរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងចំនួន៦០គ្រឿង ត្រូវបានរៀបចំសម្រាប់ដឹកជញ្ជូនពលរដ្ឋពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ។
គោលដៅចេញដំណើររបស់រថយន្តក្រុងទាំង៦០គ្រឿងនោះ រួមមាន ផ្លូវជាតិលេខ១ មានចំនួន២ខ្សែ ។ ខ្សែរត់ទី១ ពីភ្នំពេញ - កណ្តាល - ព្រៃវែង ចំនួន៥គ្រឿង គោលដៅចំណតបញ្ចប់នៅទីរួមខេត្តព្រៃវែង និងខ្សែរត់ទី២ ពីភ្នំពេញ - កណ្តាល - ស្វាយរៀង ចំនួន៥គ្រឿង ដោយគោលដៅចំណតបញ្ចប់នៅទីរួមខេត្តស្វាយរៀង ។ ប្រជាពលរដ្ឋត្រូវរង់ចាំនៅផ្លូវ៦០ម៉ែត្រ ទល់មុខក្រុមហ៊ុនម៉ែកស៊ីដែស បិន ដោយចូលតាមផ្លូវមុខវត្តចាក់អង្រែក្រោម ចម្ងាយប្រមាណ ៧០០ម៉ែត្រ ។
ផ្លូវជាតិលេខ៣ មាន២ខ្សែ ខ្សែរត់ទី១ ពីភ្នំពេញ - តាកែវ - កំពត ចំនួន៥គ្រឿង គោលដៅចំណតបញ្ចប់នៅទីរួមខេត្តកំពត និងខ្សែរត់ទី២ ពីភ្នំពេញ - តាកែវ - កែប ចំនួន៥គ្រឿង គោលដៅចំណតបញ្ចប់នៅទីរួមខេត្តកែប ។ ប្រជាពលរដ្ឋត្រូវរង់ចាំនៅចំណុចផ្លូវជាតិលេខ៣ ហួសរង្វង់មូលចោមចៅ នៅជិតបញ្ជាការដ្ឋានកងពលតូចលេខ៧០ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ផ្លូវជាតិលេខ៤ មាន២ខ្សែ ខ្សែរត់ទី១ ពីភ្នំពេញ - កំពង់ស្ពឺ ចំនួន៣គ្រឿង គោលដៅចំណតបញ្ចប់នៅទីរួមខេត្តកំពង់ស្ពឺ និងខ្សែរត់ទី២ ពីភ្នំពេញ - ព្រះសីហនុ ចំនួន៧គ្រឿង គោលដៅចំណតបញ្ចប់នៅទីរួមខេត្តព្រះសីហនុ ។ ប្រជាពលរដ្ឋត្រូវរង់ចាំនៅចំណុចប្រសព្វផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ផ្លូវជាតិលេខ៥ មាន៤ខ្សែ ខ្សែរត់ទី១ ពីភ្នំពេញ - កំពង់ឆ្នាំង ចំនួន៣គ្រឿង គោលដៅចំណតបញ្ចប់នៅទីរួមខេត្តកំពង់ឆ្នាំង, ខ្សែរត់ទី២ ពីភ្នំពេញ - ពោធិ៍សាត់ ចំនួន៥គ្រឿង គោលដៅចំណតបញ្ចប់នៅទីរួមខេត្តពោធិ៍សាត់, ខ្សែរត់ទី៣ ពីភ្នំពេញ - បាត់ដំបង ចំនួន៦គ្រឿង គោលដៅចំណតបញ្ចប់នៅទីរួមខេត្តបាត់ដំបង និងខ្សែរត់ទី៤ ពីភ្នំពេញ - បន្ទាយមានជ័យ ចំនួន៦គ្រឿង គោលដៅចំណតបញ្ចប់នៅទីរួមខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋត្រូវទៅរង់ចាំនៅចំណតសួនឫស្សីកែវ ឬហៅថា ទីលានប្រជាធិបតេយ្យថ្មី ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ផ្លូវជាតិលេខ៦ មាន២ខ្សែ ខ្សែរត់ទី១ ពីភ្នំពេញ - កំពង់ធំ ចំនួន៥គ្រឿង គោលដៅចំណតបញ្ចប់នៅទីរួមខេត្តកំពង់ធំ និងខ្សែរត់ទី២ ពីភ្នំពេញ - សៀមរាប ចំនួន៥គ្រឿង គោលដៅចំណតបញ្ចប់នៅទីរួមខេត្តសៀមរាប ។ ប្រជាពលរដ្ឋត្រូវទៅរង់ចាំនៅចំណុចផ្លូវបេតុង ក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ របស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ ខ្សែរត់នីមួយៗ ចាប់ផ្តើមចេញដំណើរនៅម៉ោង ៥:០០ព្រឹក ហើយអ្នកមកដល់មុន នឹងបានចេញដំណើរមុន ។
ជាមួយគ្នានេះ ក្រៅពីដាក់ដំណើរការកាណូតដឹកអ្នកដំណើរ និងរថយន្តក្រុងដោយមិនយកប្រាក់ រដ្ឋាភិបាលកម្ពុជាក៏បានប្រកាសដាក់ឱ្យដំណើរការសាកល្បង ខ្សែរថភ្លើងមួយខ្សែពី ប៉ោយប៉ែត ទៅសិរីសោភ័ណ ចាប់ពីថ្ងៃទី០៤ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ដោយឥតគិតថ្លៃដែរ ។
ដំណើរការសាកល្បងនេះ មាន៣ជើង ចេញពីប៉ោយប៉ែត ទៅសិរីសោភ័ណ និង៣ជើងពីសិរីសោភ័ណ ត្រឡប់ទៅប៉ោយប៉ែតវិញ ដោយចាប់ផ្តើមពីម៉ោង៧ព្រឹក និងចប់នៅម៉ោង៥និង១៥នាទីល្ងាច ។ ក្នុងដំណើរការដំបូងនេះ ខ្សែរថភ្លើងមានទូអ្នកដំណើរបំពាក់កៅអីពូក និងម៉ាស៊ីនត្រជាក់ ១ទូ និងទូដឹកអីវ៉ាន់១៕ (ដោយ៖ គង់ ឧត្តម)