អត្ថន័យ​និង​តួនាទី​របាំ​ត្រុដិ​ទៅ​នឹង​ជីវិត​មនុស្ស​ខ្មែរ​

06-04-2018 2:17 pm 792
  ស្តាប់
ស្តាប់ជាសំឡេង

​ជារឿយៗ របាំ​ត្រុដិ ត្រូវបាន​ក្រុម​សិល្បៈករ​យក​មក​សម្តែង​រៀង​រាល់​ចូលឆ្នាំ​ខ្មែរ ដែល​វា​មាន​អត្ថន័យ​ស្រដៀង​គ្នា​ទៅ​នឹង​របាំ​ម៉ុង​សាយ​របស់​ចិន​ដែរ ។ ជំនឿ​នេះ បាន​កើតឡើង​រាប់ពាន់​ឆ្នាំ​មកហើយ ជា​មរតក​របស់​វប្ប​ធម៌​ជនជាតិ​មន​-​ខ្មែរ និង​នៅតែ​មាន​តម្លៃ​ស្ថិតស្ថេរ​រហូតមកដល់​សព្វថ្ងៃ ...

​ពាក្យ​ថា របាំ​ត្រុដិ គឺ​កើត​ចេញពី​ការ​រួមផ្សំ​បញ្ចូល​គ្នា​រវាង​ពាក្យ​របាំ និង​ពាក្យ​ត្រុដិ ។ បើ​តាម​វចនានុក្រម​សម្តេច​ព្រះសង្ឃរាជ​ជួន ណាត បាន​សរសេរ​បញ្ជាក់ថា របាំ គឺ​មាន​ថ្នាក់​ពាក្យ​នាម មានន័យ​ថា ជា​ល្បែង​ច្រៀង​រាំ ជា​ការសម្តែង​បែប​ដូចជា​ល្ខោន​ជាដើម រីឯ​ពាក្យ​ត្រុដិ គឺ​មាន​ថ្នាក់​ពាក្យ​ជា​នាម ដូចគ្នា និង​មានន័យថា ជា​ដំណើរកាត់ ការផ្តាច់ ។ ជាងនេះទៅទៀត ត្រុដិ​គឺជា​ឈ្មោះ​ភ្លេង ចម្រៀង​មួយ​ប្រភេទ សម្រាប់​បណ្តាជន​ក្នុង​ខេត្តសៀមរាប ដែល​គេ​តែង​លេង​នៅក្នុង​ឱកាស​ចូលឆ្នាំថ្មី ។ ជារួម បើ​យើង​បូក​សរុប​ន័យ​ទាំង​ពីរ​ពាក្យ​នេះ មានន័យ​ថា របាំ​ត្រុដិ គឺជា​ល្បែង​ច្រៀង​រាំ​មួយបែប ដែល​គេ​ប្រើប្រាស់​សម្រាប់​សម្តែង​កាត់ផ្តាច់ ឆ្លង​ឆ្នាំ​ចាស់​ចូលឆ្នាំថ្មី ពី​ភាព​ឧបទ្រព្យចង្រៃ ទៅ​ភាពសប្បាយ​សម្បូរហូរហៀ​រ ។ យ៉ាងណាក៏ដោយ របាំ​ត្រុដិ មិន​មាន​ការ​កត់ចំណាំ​ថា មាន​ដើម​កំណើត​មក​ពី​ស្រុកភូមិ​ណា​នៅ​កម្ពុជា ឬ​វេលា​ណា​ឱ្យ​ប្រាកដ​ឡើយ ។​

​ជាទូទៅ តួ​សម្តែង​របាំ​ត្រុដិ ជា​មធ្យម​មាន​ចំនួន​២៥​នាក់ ដែល​ក្នុងនោះ មាន​អ្នក​កាន់​ដង​កញ្ឆា តំណាង​ឱ្យ​ដង​ក្លស់​, អ្នក​ពាក់​មុខ​ត្លុក តំណាង​ព្រានព្រៃ ឬ​ទេវតា​ក្រឡា​ខ្លួន​, ប្រើ​ស ទន្សោង តំណាង​មា ឬ​សភាវៈ​អាក្រក់​, តួ​រាំ មាន​តួឯក តួ​នាង​, ពួក​ភ្លេង តំណាង​ទេវតា និង​តួ​អ្នក​ពាក់​ក្រចក ជា​តួ​បន្ទាប់បន្សំ ។​

​ចំណែក​ឯ​សម្ភារៈ ដែល​ត្រូវបាន​គេ​យកមក​ប្រើប្រាស់​ដើម្បី​សម្តែង​រួមមាន ដង​កញ្ឆា​៖ ធ្វើ​អំពី​ពីងពង់​ប្រវែង​២​ម៉ែត្រ មាន​បន្ទះ​រនាប​តូចឆ្មារ​ភា្ជ​ប់​នៅ​ចុង ហើយ​ខ្វែងគ្នា​ព​ត់ង​ទ​ន្ទាំ មាន​សណ្ឋាន​ដូច​ស្នែង​៤ ។ នៅ​ចុង​បន្ទះ​រនាប​មាន​ចង​ខ្សែ​ខ្វែង ពី​ចុង​មួយ​ទៅ​ចុង​មួយ ហើយ​នៅ​កណ្តាល​ខ្សែ​ខ្វែង​នោះ មាន​បន្តោង​ផ្លែ​អង្គុញ​ដែលចោះ​យក​គ្រាប់ចេញ​អស់ ហើយ​ដាក់​គ្រាប់​គ្រួស ឬ​ដែក​ក្នុងនោះ ប្រយោជន៍​ឱ្យឮ​សូរ​កាលណា​គេ​បុក​ដង​វា​នឹង​ដី​តាម​ចង្វាក់​ស្គរ ។​

​ចង្ក្រង​ដំបែរ​៖ គេ​យក​ចង្ក្រង​ចង​ព្យួរ​បន្តោង​នឹង​ខ្សែទាម​គោ ភ្ជាប់​នឹង​ដង​ឫស្សី ។ កាលណា​គេ​បុក​នឹង​ដី ក៏​លាន់​សូរ​ប្រាវៗ​តាម​ចង្វាក់ភ្លេង ។​

​ចង្ក្រង​រ៉ូង​៖ ចង្ក្រង​នេះ​គេ​ចង​ព្យួរ​ជា​ចង្កោមៗ ប្រយោជន៍​ឮសូរ​ពេល​សម្តែង ។​

​មុខ​ត្លុក​៖ ធ្វើ​ពី​ឆ្អឹង​ឫស្សី​ពាស​ក្រដាស ឬ​សាច់ ឬ​ខ្មុក ។​

​មកុដ​៖ ធ្វើ​ពី​ក្រដាស​លាប​កាវ បិទ​ឱ្យ​ក្រាស់​តម្រួត​គ្នា​ទៅ​ជា​រឹង គឺ​ស្មាច់ ឬ​ខ្មុក ហើយ​ផាត់​ពណ៌ ។​

​ស្នែង​ប្រើស​, ស្នែង​ទន្សោង​, កន្ទុយ​ក្ងោក ។ ក្រចក យក​ផ្តៅ​ប្រវែង 0,២​ម៉ែត្រ បិត​ចុង​ឱ្យ​ស្រួច​រោល​ភ្លើង​ឱ្យ​ង ហើយ​យក​ខ្សែ​អំបោះ​ចង​ភ្ជាប់​នឹង​ម្រាម​៤ ឯ​មេដៃ​មិន​ពាក់​ទេ ។ ក្រៅពីនេះ ឧបករណ៍​ភ្លេង គេ​ប្រើ​ស្គរ​ដី ទ្រ​អ៊ូ និង​ទ្រសោ ។​

​ងាក​មក​និយាយ​អំពី​ការសម្តែង​វិញ​ម្តង ។ សម្រាប់​ការសម្តែង តួ​សម្តែង​ទាំងអស់ ត្រូវ​បន្ទន់កាយ​រំឭក​គុណគ្រូ ។ មនុស្ស​ព្រៃ​ទាំងអស់​ចេញមក មាន​កិរិយា​មិន​នឹងធឹង រត់​ឆ្លេឆ្លា ឆ្វេង​ស្តាំ រត់​ទៅ​រត់​មក ចេញ​ក្រៅ​ពី​រង្វង់ ហើយ​រត់​ទៅ​មុខ​គេ ។ ដងខ្លួន ងេកងោគ​តាម​ចង្វាក់​ស្គរ ហើយ​ដៃ​គ្រាន់តែ​ពន់​បន្តិច​មិន​ចេញ​ជា​រាំ​ទេ ។ តួ​ព្រានព្រៃ ស្លៀក​ស្លឹកចេក​ច្រៀក ចងព័ទ្វ​ចង្កេះ លាប​ខ្លួន​ខ្មៅ ។ 

​អ្នក​ពាក់​ស្នែង​ប្រើ​ស និង​ស្នែងទន្សោង ចាក់​ក្បាច់​ប្រហែល​ព្រានព្រៃ និង​មនុស្ស​ព្រៃ​ដែរ ។ ដៃ​ទាំង​ពីរ​ចួន​យក​ទៅ​កាន់​ស្នែង ចួន​លូក​ទៅមុខ ទំនង​ធ្វើជា​ជើង​ម្រឹគ ដោយ​ឈាន​បង្កោង​ខ្នង ។ គេ​រាំ​លោតៗ​តាម​ចង្វាក់​ស្គរ ផ្អៀងផ្អង​ដូច​ម្រឹគ​ផ្អើល​ម្តងៗ យូរៗ​ប្រើ​ស​និង​ទន្សោង ធ្វើ​ជា​រត់​ចេញ​ទៅ​ខាងក្រៅ​វង់​ម្តងៗ​ដែរ ។​

​តួឯក និង​តួ​នាង​ច្រើន​ជា​តួ​រាំ​នារី ។ តួឯក​ពីរ​នាក់​ស្លៀក​ចងក្បិន​ពណ៌ ពាក់អាវ​ពណ៌ ពាក់​មកុដ ពាក់​សង្វារ ដៃ​កាន់​កន្ទុយក្ងោក ។ តួ​នាង​ពីរ​នាក់​ទៀត ស្លៀកសំពត់​សំឡុយ​ពណ៌ ពាក់អាវ​ពណ៌ ពាក់​របៃ​គ្មាន​សង្ហា​ទេ ហើយ​ចង​កន្សែង​សំ​យ៉ុង ។ តួ​ទាំងពីរ​នេះ មាន​ក្បាច់​ទន់ភ្លន់​ជាងគេ ដោយ​មាន​ឫក​ជា​នារី​ក្រមុំ​អែន​អន ។​

​អ្នក​ពាក់​ក្រចក និង​អ្នក​កាន់​គ្រឿង​ភ្លេង​ជា​តួ​បន្ទាប់បន្សំ ។ អ្នក​ពាក់​ក្រចក​ជួយ​ច្រៀង និង​ឱ្យ​ចង្វាក់​ជាមួយ​ស្គរ​ផង ដោយ​ផ្ទាត់​ក្រចក​លឺ​ផ​ស់ៗ ហើយ​ងេកងោគ​ខ្លួន​តាម​ចង្វាក់ ។ អ្នក​កាន់​គ្រឿង​ភ្លេង​ជាពិសេស​អ្នក​បុក​ដង​កញ្ឆា និង​អ្នក​កាន់​ចង្ក្រង​ដំបែរ ជួយ​ចង្វាក់​ស្គរ និង​យោល​ខ្លួន​តាម​ចង្វាក់​ស្គរ និង​កញ្ឆា ។​

​តួអង្គ និង​ការសម្តែង​ដែល​យើង​បាន​រៀបរាប់​ខាងលើ​នោះ គឺ​មាន​ទំនាក់ទំនង​ទៅនឹង​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ថា ជារឿយៗ នៅតាម​ស្រុក​ភូមិ ទោះ​ជិត ឬ​ឆ្ងាយ យូរៗ​ម្តង រមែង​មាន​សត្វព្រៃ​ចូលមក​ក្នុង​ភូមិ​អ្នកស្រុក ។ គេ​ជឿ​ថា បើ​មាន​សត្វព្រៃ ដូចជា ត្រ​កួត ប្រើ​ស ឈ្លូស ពស់​ជាដើម ចូល​ស្រុក​ហើយ គឺ​នឹង​កើតមាន​នូវ​ឧបទ្រព្យ​ចង្រៃ​ដល់​ស្រុកភូមិ​មិន​ខាន ។ ក្នុងន័យនេះ គេ​ក៏​ធ្វើ​ពិធី​រាំ​របាំ​ត្រុដិ​ដើម្បី​ផ្តាច់ចេញ ឬ​បណ្តេញចេញ​ពី​ស្រុក​ភូមិ នូវ​រាល់​ឧបទ្រពចង្រៃ ហើយ​ពិធី​នេះ​មានឈ្មោះ​ថា ពិធី​ឡើង​ភូមិ ឬ​ពី​ធី​រាំ​ឡើង​ភូមិ ។ គេ​នាំគ្នា​ប្រោះព្រំ​ប្រេងម្សៅ​ឱ្យ​សត្វ​នោះ ហើយ​សុំ​ពរ​ជ័យ​ពី​សត្វ​នោះ​វិញ ។ ដោយ​មាន​ជំនឿ​បែបនេះហើយ ទើប​អ្នកស្រុក បង្កើតឱ្យមាន​របាំ​ត្រុដិ​នេះ​ឡើង ដែល​ត្រូវ​មាន​សត្វ​ប្រើ​ស ទន្សោង ក្ងោក សុទ្ធសឹង​ជា​សត្វព្រៃ មាន​បង្ហាញ​ឱ្យ​អ្នកស្រុក​ប្រោះព្រំ​ប្រេងម្សៅ​ចងដៃ​អំ​បោះ កម្រង​ឱ្យ​ស្រេច​តែ​ម្តង បើសិនជា​មាន​សត្វព្រៃ​ចូល​មក​លើក​ក្រោយ​ទៀត ក៏​គ្មាន​កើត​ឧបទ្រព្យ​ចង្រៃ​អ្វីដែរ ។

​ឯកសារ​ជាច្រើន​ផ្សេងទៀត​បាន​សរសេរ​បញ្ជាក់ថា របាំ​ត្រុដិ ជា​របាំ​របស់​ជនជាតិ​សំ​រ៉ែ ជនជាតិដើម​មួយ​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​តាំងពី​បុរាណកាល​មក ។ ជា​រៀង​រាល់​ពេល​ចូលឆ្នាំ ជនជាតិ​សំ​រ៉ែ តែងតែ​យក​របាំ​ត្រុដិ​ទៅលេង​ថ្វាយព្រះពរ​ព្រះរាជា​នៅ​ក្រុង​អង្គរ ។ របាំ​នេះ ជា​របាំ​ប្រជាប្រិយ​មួយបែប ដែល​គេ​និយម​យក​មក​សម្តែង​លេង​ក្នុង​ពេល​ចូលឆ្នាំថ្មី ដើម្បី​ប្រសិទ្ធិ​ពរ​ជ័យ​ដល់​អ្នកស្រុក ។ ម្យ៉ាងទៀត របាំ​ត្រុដិ ក៏​ផ្សារភ្ជាប់​នឹង​ជំនឿ​បន់ស្រន់​សុំ​ទឹកភ្លៀង​នៅពេលដែល​មាន​ការរាំងស្ងួត​ដែរ ។ ក្នុង​របាំ​នេះ គេ​និយម​ប្រើ​កន្ទុយក្ងោក ដែល​គេ​យល់ថា ក្ងោក​ជា​តំណាង​ព្រះអាទិត្យ ។ មនុស្ស​បន់ស្រន់​អង្វរ​ព្រះអាទិត្យ សុំ​ឱ្យ​ព្រះអាទិត្យ​ផ្តល់​អំណោយ​ជា​ទឹកភ្លៀង​គ្រប់គ្រាន់​ដើម្បី​ស្រែ​ចម្ការ​របស់​ពួកគេ ។ 

​ឯកសារ​ខ្លះ​ទៀត បាន​លើកឡើង​អំពី​របាំ​ត្រុដិ ដែល​ទាក់ទង​ទៅ​នឹង​ពុទ្ធសាសនា​ថា គ្រា​ដែល​ព្រះពុទ្ធ​នៅ​ជា​ពោធិសត្វ យាង​ចេញ​សាង​ភ្នូស មារ​បាន​សម្តែង​ខ្លួន​ជា​សត្វ​ប្រើស​មក​រារាំង​ស្កាត់ផ្លូវ​មិន​ឱ្យ​ព្រះអង្គ​យាង​ទៅ​បួស​បាន ។ ព្រះ​ពោធិសត្វ​តាំង​អធិដ្ឋាន​ក៏ក្តៅដ​ល់​អស់​ពួក​ទេវតា ។ ទេវតា​ក៏​ចូល​មក​តំណែង​ខ្លួន​ជា​ងោះ លប​បាញ់​ប្រើស​ក្លែងភេទ​នោះ​ស្លាប់​ទៅ ហើយក៏​បាន​នាំគ្នា​ដង្ហែ​ព្រះ​ពោធិ​សត្វ ទៅ​សាង​ភ្នូស​បាន​សម្រេច​ដូច​បំណង ។ 

​របាំ​ត្រុដិ មាន​លក្ខណៈ​ជា​ជី​វច​ល​និយម លើសពីនេះទៅទៀត តួនាទី​របស់​របាំ​ត្រុដិ​ក្នុង​សង្គម​ខ្មែរ គឺជា​ការផ្តល់​នូវ​ផលប្រយោជន៍ សុភមង្គល​របស់​មនុស្ស ក្នុង​សង្គម​ដោយ​រួមរឹត​សម្ព័ន្ធភាព សាមគ្គីភាព​របស់​ពួក​គេ​ឡើង​វិញ ។ ទស្សនៈ​បែបនេះ គឺជា​មរតក​វប្បធម៌​មន​-​ខ្មែរ ដែល​មាន​អាយុ​ច្រើន​ពាន់​ឆ្នាំ​មកហើយ មានតម្លៃ​ស្ថិតស្ថេរ​រហូតមកដល់​សព្វថ្ងៃ ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត