សារព័ត៌មាន​​នៅ​កម្ពុជា​​រីកចំរើន​ ប៉ុន្តែ​វិជ្ជាជីវៈ​​ហាក់​នៅ​មានកម្រិត

05-04-2018 4:43 pm 515
  ស្តាប់
រូបថ្លុក ស្តីពីជីវិតរបស់អ្នកសារព័ត៌មាន។
ស្តាប់ជាសំឡេង

​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​នា​ទសវត្សរ៍​ចុងក្រោយ​នេះ កំពុង​រីកចម្រើន​ទៅមុខ​គួរឱ្យកត់សម្គាល់​បើ​ប្រៀបធៀប​ទៅនឹង​ទសវត្សរ៍​មុនៗ ដែល​កម្ពុជា​ចាប់ផ្តើម​បើកចំហ​កាន់​លទ្ធិប្រជាធិបតេយ្យ​ជា​លើកដំបូង​កាលពី​ទសវត្សរ៍ ឆ្នាំ​១៩៩០​។ បើទោះជា​យ៉ាងនេះក្តី បញ្ហា​កង្វះ​វិជ្ជាជីវៈ​របស់​អ្នកកាសែត​នៅតែ​ជា​បញ្ហា​ធំធេង​នៅ​ឡើង សម្រាប់​សង្គម​ខ្មែរ​។ តើ​ហេតុអ្វី​?​សូម​ស្តាប់​បទ​វិភាគ​ដោយ​គួន សំបូរ​៖

​អ្នកសារព័ត៌មាន ជា​អ្នក​នាំយក​នូវ​រឿង​រ៉ាង​នៃ​ហេតុការណ៍ ទៅប្រាប់​សាធារណៈជន​ឱ្យបាន​យល់ដឹង​នូវ​ន័យ​សេចក្ដី​ផ្សេងៗ​ ដែល​កើតមាន តាមរយៈ​សរសេរ​អត្ថបទ ឬ​ការនិយាយ​បរិយាយ​នានា ជា​លក្ខណៈ​សង្ខេបៗ​នៃ​ប្រព្រឹត្ត​ការណ៍​ទាំងមូល​ដែល​កើតមានឡើង ដោយ​ទទួលបាន​ពី​ប្រភព​ច្បាស់លាស់ លាយឡំជាមួយនឹង​ទិន្ធ​ភាព​ផ្លូវច្បាប់ កត្តា​ប្រវិត្តិសាស្ត្រ​គោលបំណង​គ្មានអ្វី​ក្រៅពី​ចង់បង្ហាញ​ដល់មិត្ត​អ្នកអាន អ្នក​ស្តាប់ និង អ្នកមើល ជ្រាបពី​អត្ថន័យ និង ទទួលបាន​ចំណេះដឹង​។​

​តួនាទី​របស់​សារព័ត៌មាន គឺមាន​សារៈសំខាន់​ក្នុង​ការធ្វើឱ្យមាន​ការផ្លាស់​ប្តូរ​ក្នុងសង្គម​មួយ​ប្រកបដោយ សន្តិភាព ស្ថេរភាព និង ការអភិវឌ្ឍ​នា​ពេលអនាគត ស្របទៅតាម​បរិបទ​នៃ​សកលភាវូបនីយកម្ម​។ ប៉ុន្តែ​ដើម្បី​សម្រេច​នូវ​គោលដៅ​នេះ​បាន ទាមទារ​ឱ្យ​អ្នកសារព័ត៌មាន​ខ្លួនឯង មាន​ក្រមសីលធម៌​វិជ្ជាជីវៈ និង មានចំណេះដឹង​ជ្រៅជ្រះ ក្នុង​ការនាំយក​នូវ​ព័ត៌មាន​និង បង្កប់​ជាមួយ​ចំណេះដឹង​ជូន​សាធារណៈជន​។​

​សម្រាប់​កម្ពុជា បើទោះបីជា​វិស័យ​សារព័ត៌មាន មាន​សន្ទុះ​ស្ទុះ​ឡើង គួរឱ្យ​កត់សម្គាល់ក្តី ប៉ុន្តែ​គុណភាព និង ភាព​កង្វះ​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​អ្នកកាសែត នៅតែ​ជា​បញ្ហា​ធំធេង សម្រាប់​សង្គម​ខ្មែរ​បច្ចុប្បន្ន ជាពិសេស សារព័ត៌មាន​នៅតាម Online​។ 

​ជា​ការសង្កេត​សព្វថ្ងៃ​អ្នកសារព័ត៌មាន​ទាំងនេះ បាន​យក​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ចេញ​ប្រតិបត្តិការ​យ៉ាង​អនាធិបតេយ្យ​។ ប្រសិន​ត្រឹមតែ​រាយការណ៍​អំពី​ហេតុការណ៍​កើតឡើង​វា​មិនជា​អ្វី​ទេ តែ​ពេលខ្លះ​អ្នករាយការណ៍​ទាំងនោះ ធ្វើ​អត្ថាធិប្បាយ​គួបផ្សំ​លាយឡំ​វោហារ ខ្លឹមសារ​ចំអែចំអន់​ហួស ពី​ទម្រង់​អ្នកសារព័ត៌មាន និង ខុស​ក្រមសីលធម៌​វិជ្ជាជីវៈ ហើយ​ពេលខ្លះ​ហ៊ាន​ធ្វើ​ការសន្និដ្ឋាន​មុខ​ចៅក្រម​កាត់សេចក្តី​ក៏មាន​។​នេះ​នៅ​មិនទាន់​គិត​ទៅ​ការ​បង្ហោះ​រូបភាព និង វីដេអូ​ផង សកម្មភាព​បែបនេះ វាជៈ​ឥទ្ធិពល​អាក្រក់​ដល់​សារព័ត៌មា​ន​ដទៃ​។​

​ចំពោះ​អ្នកសារព័ត៌មាន​មួយចំនួនទៀត មានចំណេះដឹង​ផ្នែក​សារព័ត៌មាន​តែដោយសារ​ស្ថានភាព​ខ្សត់ខ្សោយ​ខាង​ផ្នែក​សេដ្ឋកិច្ច ទើប​រុញច្រាន​ឱ្យ​ពួកគេ​ដើរ​ឃ្លាតឆ្ងាយ​ពី​វិជ្ជាជីវៈ និង បោះបង់​ផលប្រយោជន៍​ប្រទេសជាតិ​។ ជាទូទៅ​អ្នកសារព័ត៌មាន​ខ្មែរ​ធ្វើការ​ក្នុងស្ថានភាព និង​បរិយាកាស​ខុសៗ​គ្នា ហើយ​ចំណុច​ប្រឈម​របស់​ពួកគេ​ក៏​ខុសគ្នា​ដែរ​។​

​ម្យ៉ាងវិញទៀត​និន្នាការ​នយោបាយ ក៏​ជា​ឬ​សគល់​រុញ​ច្រាន​ឱ្យ​អ្នកកាសែត បំភ្លេច វិជ្ជាជីៈ​ខ្លួន ខណៈ​លំហ​ប្រជាធិបតេយ្យ នៅមានកម្រិត​តូចចង្អៀត បង្ក​ជា​សម្ពាធ​មកលើ​អាជីព​អ្នកសារព័ត៌មាន ជាពិសេស​នៅពេល​មាន​កម្តៅ​ផ្នែក នយោបាយ​កើតឡើង ធ្វើឱ្យ​ការសរសេរ និង ការអត្ថាធិប្បាយ​របស់​ពួកគេ កាន់តែ​ប្រុងប្រយ័ត្ន​។ ប្រុងប្រយ័ត្ន ក៏​ព្រោះថា ខ្លាច​ប៉ះ​ឆ្នាំងបាយ របស់​អ្នកនយោបាយ​ដែល​ប្រជែង​គ្នា​ដណ្តើម​អំណាច​។​

​ហេតុផល​មួយទៀត ភាពខ្វះ​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន ក៏​អាច​ដោយសារ​ខ្វះ​ការបណ្តុះបណ្តាល​ផ្នែក​វិជ្ជាជីវៈ​សារព័ត៌មាន រួមទាំង​ខ្វះ​ចំណេះដឹង​ទូទៅ​ផង​។ ភាពខ្វះ​ចន្លោះ​នេះ ចង់​មិន​ចង់ ធ្វើឱ្យ​ការរាយការណ៍​របស់គេ​គ្មាន​គុណភាព និង ងាយ​រងគ្រោះ​ដោយ​ប្រឈម​នឹង​ផ្លូវច្បាប់​នៅ​ថ្ងៃ​ណាមួយ​ក៏​ថា​បាន​។​

​ជា​រូ​ម​មកវិញ ដើម្បី​ធានា​សុវត្ថិភាព​បាន ក្រុម​អ្នក​អាជីព​សារព័ត៌មាន គួរតែ​ព្យាយាម​ពង្រឹង​ខ្លួន​ឱ្យបាន​រឹងមាំ​ តាមរយៈ​ការគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ឱ្យបាន​ខ្ជាប់ខ្ជួន បូករួម​សិក្សា​ចំណេះដឹង​ទូទៅ​ពី​ខាងក្រៅ​មាន​៖ ច្បាប់ សេដ្ឋកិច្ច នយោបាយ ប្រវត្តិសាស្ត្រ ទំនាក់ទំនង​ការទូត​។​ល​។ ចូល​ចងចាំ​ថា ក្រមសីលធម៌​វិជ្ជាជីវៈ គឺជា​យ័ន​យ៉ាងសំខាន់ សម្រាប់​ការពារ​អ្នកសារព័ត៌មាន​ខ្លួនឯង​ផង និង បម្រើ​ដល់​ការផ្តល់​ព័ត៌មាន​ដល់​សាធារណជន​ឱ្យ សុក្រឹត ត្រឹមត្រូវ និង មាន​គុណភាព​ផង​។​បើ​មិន​ដូច្នោះ​ទេ ស្ថាប័ន​អាច​នឹង​រំលំ​ទៅវិញ នៅពេល​ពលរដ្ឋ​គាត់​មាន ចំណេះដឹង​ខ្ពស់​កាន់តែច្រើន​។​

​រីឯ​ម្ចាស់​ស្ថាប័ន​សារព័ត៌មាន គួរតែ​គិតគូរ​ជាបឋម​ដល់​ជីវភាព​អ្នកសារព័ត៌មាន និង ការពង្រឹង​ឯករាជភាព​នៃ​ស្ថាប័ន​របស់ខ្លួន​ជា​ចាំបាច់​តាម​សេចក្តី​ចង់បាន ពី​សាធារណៈជន និង ប្រទេសជាតិ​ខ្មែរ​ទាំងមូល​។ ការអនុញ្ញាតឱ្យ​បុគ្គលិក​ព័ត៌មាន​របស់ខ្លួន ទទួល​ការ​ការបណ្តុះបណ្តាល​បន្ថែ​ម ផ្តល់​ពេលវេលា និង​ឱកាស​ឱ្យ​ពួកគេ ជា​រឿង​សាទ​។ សាទរ ព្រោះថា ការឱ្យ​អ្នកសារព័ត៌មាន​ទទួល​ការបណ្តុះបណ្តាល​បន្ត គឺជា​រឿង​ល្អ​សម្រាប់​ក្រុមហ៊ុន ដើម្បី​បង្កើន​ផលិតភាព​ការងារ​។​

​ម្ប៉ាង​វិញ​ទៀត មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់​ពន្ធ័​ទាំងឡាយ គួរ​បើក​ចិត្ត​ឱ្យ​ទូលាយ ក្នុង​កិច្ចសហប្រតិបត្តិកា​រណ៍ និង ដើម្បី​ទទួលយក​វប្បធម៌​ពហុ​គំនិត ដែលជា​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ក្នុងន័យ​ជួយ​អភិវឌ្ឍ​សង្គមជាតិ​រួមគ្នា​។ កត្តា​ទាំងពីរ​នេះ ត្រូវ​ដើរ​ទន្ទឹមគ្នា​។ ប្រសិនបើ​ពុំ​ដូច្នោះ​ទេ អាជីព​សារព័ត៌មាន មិន​អាចបំពេញ​តួនាទី​របស់ខ្លួន​ឱ្យបាន​ពេញលេញ​ឡើយ​៕

ព័ត៌មានផ្សេងទៀត