បក្ស​កាន់អំណាច​៖​​ស្ថានភាព​​នយោបាយ​​ពេលនេះ​ មិនគួរ​​រំខាន​​ព្រះមហាក្សត្រ​​ទេ​​

05-04-2018 3:36 pm
  ស្តាប់
ពីឆ្វេងទៅស្តាំ៖ លោកសុខ ឥសាន លោកមាស នី លោកលឺ ឡាយស្រេង
ស្តាប់ជាសំឡេង

​អ្នកនយោបាយ​ជើងចាស់ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស លោក​លឺ ឡាយស្រេង បាន​អំពាវនាវ​ទៅ​អ្នកនយោបាយ​វិល​ទៅរក​តុ​ចរចា ដោយមាន​ព្រះ​ហា​ក្សត្រ​ធ្វើជា​អាជ្ញាកណ្តាល ដើម្បី​ផ្សះផ្សា​ជាតិ ខណៈ​សម្ពាធ​ពី​ប្រទេស​លោក​សេរី​កាន់តែ​កើនឡើង​ជំរុញ​ឲ្យ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ។​

​អតីត​ឧបនាយករដ្ឋមន្ត្រី​លោក លឺ ឡាយស្រេង បាន​ថ្លែង​តាម​វីដេអូ​ឃ្លីប លើ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក ថា មេដឹកនាំ​បក្ស​កាន់អំណាច លោក​ហ៊ុន សែន មិនគួរ​ទុកឲ្យ​ស្ថានការណ៍​នយោបាយ ឈានទៅ​ជាប់​ទណ្ឌកម្មសេដ្ឋកិច្ច ពី​ប្រទេស​លោក​សេរី​នោះទេ លោក​ថា​ទណ្ឌកម្ម​នោះ អាច​នឹង​ធ្វើឲ្យ​ពលរ​ដ្ឋអត់​ការងារ​ធ្វើ ប្រឈម​នឹង​ជីវភាព​រស់នៅ​។ ប៉ុន្តែ​លោក ក៏បាន​រំលឹក​ដល់ គណបក្ស​គណបក្សប្រឆាំង​វិញ​ដែរ ក៏​មិនត្រូវ​ពឹង​តែ​លោក​សេរី ហើយ​បណ្តោយឲ្យ​ប្រជាជាតិ​ធ្លាក់ក្នុង​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ចពីប្រ​ទេស​លោកសេរី​ដែរ​។ លោក​ថា មេដឹកនាំ​គួរតែ​វិល​ទៅរក​តុ​ចរចា ដោយ​យាង​ព្រះមហាក្សត្រ​មក​ធ្វើជា​អាជ្ញាកណ្តាល ស្វែងរក​ដំណោះស្រាយ ដើម្បី​បញ្ចៀស​វិបត្តិ​របស់​ជាតិ​នៅ​ពេលខាងមុខ​។​

​ប៉ុន្តែ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថា​សំណើ​នេះ ជា​ការរំខាន​ដល់​ព្រះរាជតួនាទី​របស់​ព្រះមហាក្សត្រ ខណៈ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​នយោបាយ​នៅ​កម្ពុជា មិនមាន​អ្វី​ជា​ការរាំងស្ទះ​។ លោក​ថា ក្រុមប្រឆាំង​ដើររក​អន្តរាគមន៍​ពី​បរទេស​ពេញ​មួយ​ផែនដី មិនបាន​លទ្ធផល ទើប​ងាក​មករក​អន្តរាគមន៍ ពី​ព្រះមហាក្សត្រ ដែល​នេះ ជា​រឿង​ខុស​បរិបទ ................

​សំឡេង​លោក​សុខ ឥសាន​៖

​ចំណែក​លោក​មាស នី អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា យល់ថា ជា​វេលា​គួរ​ដល់ពេល​ព្រះមហាក្សត្រ​ចេញ​ព្រះរាជអន្តរាគមន៍​ហើយ ពីព្រោះ​ស្ថានភាព​នេះ មិនអាច​បណ្តោយឲ្យ​នៅ​យូរ​តទៅទៀត​បានទេ​។ លោក​ថា ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​មួយរូប លោក​ពិតជា​ចង់ឃើញ​នូវ​ព្រះរាជតួនាទី​នៃ​អង្គ​ព្រះមហាក្សត្រ ចូលរួម​សម្របសម្រួល​ដោះស្រាយ​វិបត្តិ​នយោបាយ​ប​ច្ច​ប្បន្ន​នេះ បើទោះជា​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ក៏ដោយ ប៉ុន្តែ​សម្រាប់​ក្រុម​ប្រឆាំង និង​អ្នកគាំទ្រ កំពុង​ចាត់ទុក​ស្ថានភាព​ពេលនេះ ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បំផុត ......

​សំឡេង​លោក​មាស នី​៖

​លោក​មាស នី បន្ថែមថា បើ​ព្រះមហាក្សត្រ​ចេញមក​សម្របសម្រួល ក្នុងស្ថានភាព​បែបនេះ គឺជា​រឿង​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ ហើយ​លោក​មាស នី​យល់ថា អង្គ​ព្រះមហាក្សត្រ នៅតែមាន​ឥទ្ធិពល ក្នុងការ​ដើរតួនាទី​ក្នុង​ការសម្របសម្រួល បង្វែរ​ស្ថានការណ៍​ទៅរក​ភាពប្រក្រតី​ឡើងវិញ​។​

​ប៉ុន្តែ​បែបនេះ ក្តី​គណបក្សកាន់អំណាច មិន​បានបង្ហាញ​សញ្ញា​ភ្លើង​ខៀវ​ណាមួយ​សោះឡើយ ពី​លទ្ធភាព​សម្រាប់​ការចរចា​ជាមួយ​ក្រុមប្រឆាំង​នៅពេលនេះ បើទោះជា​មជ្ឈដ្ឋាន​អន្តរជាតិ​កាន់តែ​ច្រើនឡើង រួមទាំង​ភាគី​ជប៉ុន ដែលជា​មហា​យក្ស​សេដ្ឋកិច្ច​ដ៏​មាន​ឥទ្ធិពល​នៅ​អាស៊ី ចេញមុខ​ឈឺឆ្អាល​យ៉ាងណា​ក៏ដោយចុះ​។​

​លោក​មាស នី ក៏បាន​និយាយថា បើសិន​គ្មាន​ភាព​ស្រុះស្រួល​ណាមួយ​នៃ​ក្រុម​នយោបាយ​ទាំងពី​នៅមុន​ការបោះឆ្នោត ហើយ​រដ្ឋាភិបាល​នៅតែ​ធ្វើឲ្យមាន​ការបោះឆ្នោ​តទាំង​ក្នុងស្ថានភាព​បែបនេះ សំណួរ​សួរថា ការបោះឆ្នោត​នោះ ត្រូវបាន​ទទួលស្គាល់​ជា​សកល​ដែរឬទេ​?

​សំឡេង​លោក​មាស នី​៖

​គិត​មកដល់ពេលនេះ នៅសល់តែ​ប្រមាណ​ជា​៣​ខែ​ទៀត​ប៉ុណ្ណោះ ដល់​កាលកំណត់​នៃ​ការបោះឆ្នោត​ថា្នក់​ជាតិ​នីតិកាល​ទី​៦​។ ក្តីសង្ឃឹម​កាន់​ខើច​ទៅ​នៃ​ក្រុម​ប្រឆាំង ដែល​គិតថា បក្ស​ខ្លួន​រស់​ឡើងវិញ ដើម្បី​ប្រកួត​លើ​សង្វៀន​នយោបាយ​ជាថ្មី ជាមួយ​គណបក្សកាន់អំណាច នា​ខែកក្កដា ខាងមុខ​។ ក្នុងរ​បត់​នយោបាយ​នេះ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​នាំមុខគេ​ក្នុងការ​ផ្តាច់ជំនួយ​ដល់ គជប និង​គំរាម​ពី​លទ្ធភាព​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើឲ្យ​ស្ថានការណ៍​វិល​ទៅរក​សភា​ពដើម​វិញ ដែល​ធានា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​រំលាយ​ទៅហើយនោះ បាន​ចូលរួម​ប្រកួត​ការបោះឆ្នោត​ឡើងវិញ​។​

​ក្នុងន័យ បន្ធូរ​ស្ថាន​ការ​នេះហើយ ទើប​អ្នកនយោបាយ​ជើងចាស់​លោក​លឺ ឡាយស្រេង រួមទាំង​ក្រុមអ្នកវិភាគ​នយោបាយ គិតថា មានតែ​យន្តការ​ក្នុងស្រុក គឺ​ព្រះមហាក្សត្រ​ទេ ដែលជា តួអង្គ​សំខាន់​ក្នុង​ការបង្រួបបង្រួម​ជាតិ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ។​រដ្ឋធម្មនុញ្ញ​មាត្រា​២​ចែងថា​«​ព្រះមហាក្សត្រ​ព្រះអង្គ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ។ ព្រះមហាក្សត្រ ទ្រង់មាន​តួនាទី​ខ្ពង់ខ្ពស់ ជា​អាជ្ញាកណ្តាល ដើម្បី​ធានា​ការប្រព្រឹត្តទៅ​នៃ​អំណាច​សាធារណៈ ឲ្យមាន​ភាពទៀងទាត់​»៕(ដោយ៖ខុន ប៊ុនថុល)

 

ព័ត៌មានផ្សេងទៀត