កន្លងមកក្រុមហ៊ុនFacebookបានប្រកាសថា មានទិន្នន័យនៅលើគណនីអ្នកប្រើប្រាស់ប្រមាណ៥០លានគណនី ត្រូវបានគេលួចយកទៅប្រើប្រាស់។ ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការចូលលួចទិន្នន័យអ្នកប្រើប្រាស់Facebook គឺក្រុមហ៊ុនCambridge Analyticaរបស់អង់គ្លេស ដែលត្រូវបានជួលឲ្យធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីដូណាល់ ត្រាំកន្លងមក។ ប៉ុន្ដែក្រុមហ៊ុននេះបានច្រានចោលការចោទប្រកាន់។
ដ្បិតបានប្រកាសថា មានទិន្នន័យសម្ងាត់នៅលើគណនីប្រមាណតែ៥០លានត្រូវបានគេលួច ប៉ុន្ដែកាលពីថ្ងៃទី០៤មេសាក្រុមហ៊ុនFacebook បានបង្ហាញចំនួនពិតប្រាកដមានរហូតដល់៨៧លានគណនីឯណោះ។ ក្នុងចំណោម៨៧លានគណនី មាន៧០លានជាគណនីនៅអាមេរិក ហ្វីលីពីន ឥណ្ឌូនេស៊ី នៅអង់គ្លេសមាន១លានគណនី និងនៅវៀតណាមមាន៤០ម៉ឺនគណនីផងដែរ។
ទន្ទឹមគ្នានេះ Facebookក៏បានបង្ហាញពីការផ្លាស់ប្ដូរមួយចំនួន សម្រាប់ទប់ស្កាត់ការលួចទិន្នន័យអ្នកប្រើប្រាស់បន្ដទៀត។ គួរបញ្ជាក់ថា ចាប់តាំងពីមានព័ត៌មានបែកធ្លាយពីការលួចយកទិន្នន័យអ្នកប្រើប្រាស់ ក្រុមហ៊ុន Facebookកំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំង ទាក់ទងនឹងសុវត្ថិភាពនៃការរក្សាទិន្នន័យសម្ងាត់របស់អ្នកប្រើប្រាស់៕