កាដូ​ជិះ​រថយន្ត​ឥតគិតថ្លៃ​របស់​រដ្ឋាភិបាល ប៉ះពាល់​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែរ​ទេ​?

03-04-2018 5:55 pm 1380
  ស្តាប់
ស្តាប់ជាសំឡេង

​នៅក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ខាងមុខនេះ ប្រជា​ពលរដ្ឋ​នឹង​ទទួលបាន​កាដូ​ពិសេស ពី​រដ្ឋាភិបាល តាមរយៈ​ការធ្វើដំណើរ តាម​រថយន្តក្រុង​សាធារណៈ ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​នានា ដោយ​ឥតគិតថ្លៃ​។ ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល ក៏​បាន​ប្រកាស​ជា​ថ្មី ពី​ការបន្ថែម​ផ្លូវ​រត់ បន្ថែមទៀត ខណៈ​កាលពី​ដំបូង​រត់​ត្រឹមតែ​ផ្លូវជាតិ​លេខ​១ និង​លេខ​៥​តែប៉ុណ្ណោះ​។ តើ​ការដាក់ចេញ​យន្តការ ដែល​ជា​កាដូ​ពិសេស សម្រាប់​ប្រជាពលរដ្ឋ មិន​អស់ថ្លៃ នៃ​ការធ្វើ​ដំណើរ​ទៅ​កាន់​ស្រុកកំណើត​នេះ ប៉ះពាល់​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែរឬទេ​?

​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា នា​ថ្ងៃ​ទី​០៣ ខែ​មេសា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល​នឹង​ឲ្យ​រថយន្តក្រុង​សាធារណៈ របស់​សាលា​រាជធានី​ភ្នំពេញ រត់​នៅលើ​ផ្លូវជាតិ​លេខ​១, ៣, ៤, ៥ និង​លេខ​៦ ដើម្បី​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​នៅ​មុន និង​បុណ្យចូលឆ្នាំថ្មី ដោយ​ឥតគិតថ្លៃ​។ ការដឹក​ជញ្ជូន​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១២-១៨ ខែ​មេសា​។​

​ការដាក់ចេញ​យន្តការ ដែល​ជា​កាដូ​ពិសេស សម្រាប់​ប្រជាពលរដ្ឋ​នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បញ្ជាក់ថា ធ្វើឡើង​បន្ទាប់​ពី រដ្ឋាភិបាល​ធ្លាប់បាន​អំពាវនាវ ជារឿយៗ​ថា សូម​កុំ​ដំឡើងថ្លៃ​សំបុត្រ​រថយន្ត នៅក្នុង​ឱកាស​ពិធី​បុណ្យ​ជាតិ​នានា ប៉ុន្តែ​នៅតែ​គ្មាន​ប្រសិទ្ធភាព ដូច្នេះហើយ​ទើប​ពិភាក្សា​ជាមួយ សាលា​រាជធានី​ភ្នំពេញ ក្នុង​ការ​ផ្តល់​ជូន​សេវា​ដឹកជញ្ជូន ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​តែម្តង​។ ជាមួយគ្នានេះ លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​ព្រលយ​ថា នឹង​ពិចារណា​ផ្តល់​សេវា​នេះ ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ផងដែរ​។

សំឡេង​

​លោក​តាន់ គឹម​ហួរ ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ ក្រុមហ៊ុន​ដឹកជញ្ជូន ភ្នំពេញ សូរិយា បាន​ប្រាប់​វិទ្យុ​វាយោ​ថា មូលហេតុ នៃ​ការដំឡើងថ្លៃ​រថយន្ត ពេល​មាន​បុណ្យទាន នា​ពេលកន្លងមក ព្រោះ​ដោយសារ​តែ រថយន្ត​ក្រុមហ៊ុនរ​ត់ទៅ និង​មក ពី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត គិត​ថ្លៃ​ឈ្នួល​តែ​១​លើក​ប៉ុណ្ណោះ (​គ្មាន​អ្នក​ជិះ​ពី​ខេត្ត​មក​ភ្នំពេញ​វិញ​) ដែល​ធ្វើឲ្យ​ការចំណាយ​របស់​ក្រុមហ៊ុន​គុណ​នឹង​២​។

សំឡេង​

​យ៉ាងណាក៏ដោយ លោក​តាន់ គឹម​ហួរ បាន​អះអាង​ថា សម្រាប់​ការដាក់ចេញ​យន្តការ របស់​រដ្ឋាភិបាល ផ្តល់ជូន​សេវា​ដឹកជញ្ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នេះ គឺ​មិន​មាន​ការប៉ះពាល់ ដល់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ភ្នំពេញ សូរិយា​ឡើយ​។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន​ក៏​គាំទ្រ​ផង​ដែរ ព្រោះ​វា​យន្តការ ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​។​

​សំឡេង​

​លោករ​ស់ សាមឿន ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន រិទ្ធិ មុនី ដឹក​អ្នកដំណើរ បានបញ្ជាក់​ថា សម្រាប់​យន្តការ​របស់​រាជរដ្ឋាភិបាល ខាងលើនេះ ប៉ះពាល់​ដល់​ក្រុមហ៊ុន​តិចតួច​ខ្លះ​ដែរ ប៉ុន្តែ​មិន​ជា​បញ្ហា​សម្រាប់​ក្រុមហ៊ុន​ឡើយ ព្រោះ​ដោយសារ​តែ​លោក​ជឿជាក់ លើ​ការផ្តល់​សេវា និង​ការមិន​ឡើងថ្លៃ របស់​ក្រុមហ៊ុន ទោះបីជា នៅក្នុង​ឱកាស​បុណ្យ​ជាតិ​នានា​ក៏ដោយ​។​

សំឡេង​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ចំនួន​រថយន្ត​សម្រាប់​ការដឹក​ជញ្ជូន​នេះ គឺ​មាន​ចំនួន ៦០​គ្រឿង តែបើ​មាន​តម្រូវការ​ចាំបាច់ នឹង​មាន​ការបន្ថែម​។ ជាមួយគ្នានេះ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ​ផងដែរ ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​រថយន្តក្រុង បើ​មាន​ការទាមទារ​លុយ​ណាមួយ ត្រូវ​រាយការណ៍​បន្ទាន់​ទៅខាង​សាលា​រាជធានី​ភ្នំពេញ​។​
​សូមបញ្ជាក់​ថា ប្រជាពលរដ្ឋ អាច​ជិះ​រថយន្តក្រុង​សាធារណៈ​ទាំង​នេះ នៅ​តាម​ទីតាំង រួមមាន​៖

១. ផ្លូវជាតិ​លេខ​១៖ ឡើង​រថយន្ត​នៅ​មហា​វី​សម្តេច​តេជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ទល់មុខ​ក្រុមហ៊ុន ម៉ែ​ក​ស៊ឺ​ដេ​សបីន សម្រាប់​បងប្អូន​ដែល​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​ខេត្ត​កណ្តាល ព្រៃវែង និង​ខេត្ត​ស្វាយរៀង​។​

២. ផ្លូវជាតិ​លេខ​៣៖ ឡើង​រថយន្ត​នៅ​មុខ​ទីបញ្ជាការដ្ឋាន​កងពល​តូច​ថ្មើរជើង​ង​៧០ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​

៣. ផ្លូវជាតិ​លេខ​៤៖ ឡើង​រថយន្ត​ចំណុចប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៤ និង​មហាវិថី​ឈ្នះ​ឈ្នះ (​កប់​ស្រូវ​) សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​

៤. ផ្លូវជាតិ​លេខ​៥៖ ឡើង​រថយន្ត​ចំណត​សួនច្បារ​ឬ​ស្សី​កែវ (​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​) សម្រាប់​បងប្អូន​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ និង​ចំណុច​ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៤ និង​មហាវិថី​ឈ្នះ​ឈ្នះ (​កប់​ស្រូវ​) សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

៥. ផ្លូវជាតិ​លេខ​៦៖ ឡើង​រថយន្ត​នៅ​ម្តុំ​រង្វង់​ព្រំ​មុខ​បួន​គល់ស្ពាន​ជ្រោយចង្វារ ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​ក្រុមហ៊ុន OCIC៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត