នរណា​ជា​អ្នក​ចំណេញ​​បើ​អាមេរិក​​ឈានជើង​ដើរ​ចេញពី​​ស៊ី​រី?

03-04-2018 1:25 pm 2871
កងទ័ពអាមេរិក​នៅស៊ីរី(រូបធំ)​និងប្រធានាធិបតីអាមេរិក(រូបតូច)

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បានប្រកាស​យ៉ាង​ភ្ញាក់ផ្អើល​ក្នុងពេល​ថ្មីៗ​នេះ ដោយ​លោក​ប្រកាសថា​អាមេរិក​នឹង​ដើរ​ចេញពី​ស៊ី​រី​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ ការប្រកាស​របស់លោក​ធ្វើឲ្យ​មន្ដ្រី​ក្នុង​ជួរ​រដ្ឋាភិបាល​និង​មន្ដ្រី​នៃ​ក្រសួង​ការពារជាតិ​មួយចំនួន​ស្រឡាំងកាំង​ផងដែរ ដ្បិត​ពួកគេ​គិតថា​ពេលនេះ​អាមេរិក​មិនអាច​ដើរ​ចេញពី​ស៊ី​រី​បានឡើយ​។ មូលហេតុ​អ្វី​បានជា​មន្ដ្រី​មួយចំនួន​ថា​អាមេរិក​មិនអាច​ដើរចេញ​បាន អាមេរិក​នឹង​ខាតបង់​ឬ​? អ៊ីចឹង​តើ​នរណា​ជា​អ្នក​ចំណេញ​?

​ជា​បន្ដ​សូម​ស្ដាប់​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​រាយការណ៍​ជូន​ដោយ​ពេញ ផេង​ដូចតទៅ​៖

សំឡេង៖

​ការប្រកាស​របស់លោក​ដូណាល់ ត្រាំ គ្រោង​ដកខ្លួន​ចេញពី​ប្រទេស​ស៊ី​រី​ក្នុងពេល​ឆាប់ៗ កំពុង​បង្កើន​ការព្រួយបារម្ភ​ក្នុងចំណោម​មន្ដ្រី​សន្ដិសុខ​ជាតិ​មួយចំនួន​របស់​អាមេរិក​។ មន្ដ្រី​ទាំង​នោះបាន​ព្រមាន​ថា​ការដក​ទ័ព​ចេញពី​ស៊ី​រី មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការជឿជាក់​របស់​អាមេរិក​ក្នុង​តំបន់​នោះទេ ប៉ុន្ដែ​ក៏​អាច​រុញច្រាន​ឲ្យ​ជម្លោះ​ដែល​កំពុងមាន​ស្រាប់​កើនឡើង​កាន់តែខ្លាំង​ជាថ្មី​។ មន្ដ្រី​ក្នុង​ជួរ​រដ្ឋាភិបាល រួមទាំង​មន្ដ្រី​ក្រសួង​ការពារជាតិ​បាន​និយាយថា ពេលនេះ​មិនមែនជា​ពេល​ត្រូវ​ដកទ័ព​ចេញពី​ស៊ី​រី​ឡើយ​។​

​លោក​ដូណាល់ ត្រាំ​បាន​ប្រាប់​អ្នកគាំទ្រ​ថា អាមេរិក​បាន​បំបែក​ក្រុម​ISIS​ហើយ ដូច្នេះ​អាមេរិក​នឹង​ចាកចេញ​ពី​ស៊ី​រី​ឆាប់ៗ​។ បេសកកម្ម​របស់​អាមេរិក​បានបញ្ចប់ ទុកឲ្យ​អ្នកដ​ទៃជា​អ្ន​កយកចិត្ដទុកដាក់លើ​ស៊ីរី​បន្ដចុះ​។ មន្ដ្រី​នៃ​ក្រសួង​ការពារជាតិ​បញ្ជាក់ថា មន្ទីរ​បញ្ច​កោណ​មិនបាន​ទទួល​ព័ត៌មាន​លម្អិត​ពី​សេត​វិមាន​ទេ ចាប់តាំងពី​សុន្ទរកថា​របស់លោក​ប្រធានាធិបតី ហើយ​ពួកគេ​កំពុង​បន្ដ​ផ្ដោតលើ​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ISIS​ដដែល​។ មន្ដ្រីជាន់ខ្ពស់​មួយរូប​ទៀត​បាន​ប្រាប់​សារព័ត៌មាន​CNN​ថា ការសម្រេចចិត្ដ​របស់​លោក​ត្រាំ ក៏​ប្រឆាំងនឹង​ការវាយតម្លៃ​របស់​យោធា​នាពេល​បច្ចុប្បន្ន​ដូច​គ្នា​។​

​តើ​នរណា​នឹង​ក្លាយជា​អ្នកចាញ់​?

​អាមេរិក​បាន​រក្សាទុក​កងទ័ព​ប្រមាណ​២​ពាន់​នាក់​នៅ​ក្នុងប្រទេស​ស៊ី​រី និង​បាន​គាំទ្រ​ជា​ចម្បង​ដល់​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ក្នុង​ការប្រយុទ្ធប្រឆាំង​ក្រុម ISIS​។ មាន​ក្រុម​អារ៉ាប់​៥០​ភាគរយ​និង​ក្រុមឃឺ​ដ​៥០​ភាគរយ ដែល​ស្ថិតក្រោម​ការគាំទ្រ​របស់​អាមេរិក ប៉ុន្ដែ​ភាគច្រើន​អាមេរិក​ដឹកនាំ​ក្រុមឃឺ​ដ​។​

​ការសម្រេចចិត្ដ​របស់​លោក​ដូណាល់ ត្រាំ​ដកទ័ព​ចេញពី​ស៊ី​រី ទំនង​នឹង​ធ្វើឲ្យ​កងទ័ព​ដែល​អាមេរិក​គាំទ្រ​នៅ​ស៊ី​រី​មាន​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី ក្រុមឃឺ​ដ​ជាដើម​នោះ​ព្រួយបារម្ភ​ខ្លាំង​។ នៅពេលដែល​បាត់បង់​បង្អែក​ធំ​នៅ​ពីក្រោយ គោលជំហរ​របស់គេ​ក៏​ធ្លាក់ចុះ​ដែរ ហើយ​លទ្ធភាព​ក្នុង​ការតស៊ូ​ក៏​ចុះខ្សោយ​តាម​នោះ​។ ផ្ទុយទៅវិញ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី កងទ័ព​អ៊ីរ៉ង់ និង​កងទ័ព​តួ​ក​គី កំពុងតែ​ប្រឆាំងនឹង​កងទ័ព​សម្ព័ន្ធមិត្ដ​អាមេរិក​ទាំងអស់នេះ អាច​ពង្រឹងសមត្ថភាព​ដើម្បី​សងសឹក​។ សហរដ្ឋអាមេរិក​ក៏​កំពុង​ជួយ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ការពារ​ព្រំដែន​ស៊ី​រី​ជាមួយ​អ៊ីរ៉ាក់ ខណៈដែល​ក្រុម​ISIS​នៅមាន​វត្ដ​មាន​ក្នុង​តំបន់​នោះ​។ ប៉ុន្ដែ​ការងារ​ការពារ​ព្រំដែន​នឹង​កាន់តែ​ពិបាក​បើ​គ្មាន​ជំនួយ​របស់​អាមេរិក​។​

​រុស្ស៊ី អ៊ីរ៉ង់ តួ​ក​គី​នឹង​ទទួលបាន​ផលប្រយោជន៍​

ការចូលរួម​របស់​ក​ង​ទ័ព​អាមេរិក​និង​រុស្ស៊ី​នៅ​ស៊ី​រី បានធ្វើឲ្យ​ជម្លោះ​កាន់តែ​ស្មុគស្មាញ រហូតដល់​រុស្ស៊ី​និង​អាមេរិក​រៀបចំ​ផែនការ​វាយប្រហា​រដាច់​ដោយឡែក​ពីគ្នា​ចៀសវាង​ភាន់ច្រឡំ​គោលដៅ បង្ក​គ្រោះថ្នាក់​ដល់​កងកម្លាំង​ទាំងសងខាង ប៉ុន្ដែ​ផែនការ​នេះ​មិន​ទទួលជោគជ័យ​ទេ​។ បើតាម​ការបញ្ជាក់​កន្ល​ង​មក កងទ័ព​រុស្ស៊ី​បាន​រងគ្រោះ​ដោយសារតែ​ការវាយប្រហារ​របស់​អា​មេរិក​។ រុស្ស៊ី​អាមេរិក​បាន​ពិភាក្សា​ដោះស្រាយ​បញ្ហា ប៉ុន្ដែ​មិនអាច​ទទួលបាន​ជោគជ័យ​ទាំងស្រុង​ឡើយ​។ ការដកខ្លួន​របស់​អា​មេរិក​ចេញពី​ស៊ីរី​នឹង​បង្ក​ឲ្យ​មាន​ភាពខ្វះចន្លោះ​នៅក្នុង​តំបន់ ស្រដៀង​គ្នា​នឹង​អ្វីដែល​បាន​កើតឡើង​ក្រោយ​អាមេរិក​ដកទ័ព​ចេញពី​អ៊ីរ៉ាក់​អ៊ីចឹង​ដែរ​។

​អ្នកជំនាញ​គោលនយោបាយ​ការបរទេស​ជាច្រើន​យល់ស្រប​ថា អ​វត្ដ​មាន​អាមេរិក​ពី​ទឹកដីស៊ីរី​នឹងត្រូវ​ជំនួស​បំពេញ​ដោយ​វត្ដ​មាន​រុស្ស៊ី​វិញ​ម្ដង​។ អាមេរិក​ចាកចេញ​នោះ​រុស្ស៊ី​នឹង​រឹតតែ​មាន​សេរីភាព​នៅ​ស៊ី​រី ហើយ​កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាល​លោក​អាសាដ​ក៏ត្រូវ​ចុះខ្សោយ​។ អ្នកជំនាញ​នៅតែ​ឆ្ងល់​ពី​ការសម្រេចចិត្ដ​របស់​លោក​ដូណាល់ ត្រាំ ព្រោះ​ការចាក​ចេញពី​ស៊ី​រី​នឹង​ធ្វើឲ្យ​រុស្ស៊ី​មាន​តួនាទី​ជា​អ្នកសម្របសម្រួល​ដ៏​សំខាន់​នៅក្នុង​តំបន់​។ ចំណែក​កងទ័ព​អ៊ីរ៉ង់​ដែល​កំពុង​រួម​ដៃ​ជាមួយ​កងទ័ព​ស៊ី​រី​ក៏​រឹតតែ​មាន​ឥទ្ធិពល​។​

ប្រសិនបើ​អាមេរិក​ដកទ័ព​ចេញពី​មូលដ្ឋាន​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ស៊ី​រី អ៊ីរ៉ង់​អាច​មានលទ្ធភាព​កាន់កាប់​ផ្លូវគោក​ត​ភ្ជាប់​ពី​ទីក្រុង​ដា​ម៉ាស​ទៅ​ទីក្រុង​តេ​រ៉ង់​ដើម្បី​ពង្រីក​ឥទ្ធិពល​។ លោក​ដូណាល់ ត្រាំ​ធ្លាប់​ប្រកាស​រឹតបន្ដឹង​គោលនយោបាយ​លើ​អ៊ីរ៉ង់ មិនឲ្យ​អ៊ីរ៉ង់​ពង្រីក​ខ្លួន​នៅ​ស៊ី​រី​ឡើយ ប៉ុន្ដែ​លោក​នឹងត្រូវ​ប្រឈមមុខ​កាន់តែ​ខ្លាំង​ជាមួយ​អ៊ីរ៉ង់ បើ​ដកទ័ព​ចេញពី​ស៊ី​រី​។ រួមជាមួយ​រុស្ស៊ី អ៊ីរ៉ង់​និង​របប​លោក​អាសាដ​ក៏​អាច​ទទួល​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ដោយ​ការ​រឹបអូស​ទីតាំង​ប្រេង​ពី​កងទ័ព​ជា​សម្ព័ន្ធមិត្ដ​អាមេរិក​។ រដ្ឋាភិបាល​ស៊ី​រី​បាន​បាត់បង់​៩០​ភាគរយ​នៃ​ទីតាំង​ផលិត​ប្រេង​នៅពេល​សង្គ្រាមស៊ីវិល​ចាប់ផ្ដើម​។

​យ៉ាងណាក៏ដោយ​នៅ​មានមតិ​មួយចំនួន​លើកឡើងថា អាមេរិក​ពិតជា​មិនអាច​ដើរ​ចេញពី​ស៊ី​រី​បានឡើយ​។ អាមេរិក​ទទួល​ផលប្រយោជន៍​ជាច្រើន​ពី​ស៊ី​រី​ដូចជា​ប្រេង​ជាដើម ហើយ​ការពង្រីក​ឥទ្ធិពល​នៅ​ទីនោះ អាច​ទប់ស្កាត់​ឥទ្ធិពល​របស់​រុស្ស៊ី​និង​អ៊ីរ៉ង់​ទៀត​។ ដ្បិត​លោក​ត្រាំ​ប្រកាស​ពី​ការចាកចេញ ប៉ុន្ដែ​បើ​គិតពី​លទ្ធភាព​ចាកចេញ​ពិបាក​ទៅរួច​។ រហូត​ដល់ពេលនេះ មិនទាន់មាន​ការ​បញ្ជាក់ពី​ពេលវេលា ឬ​ផែនការ​ចាកចេញ​ច្បាស់លាស់​ទេ​៕

ព័ត៌មានផ្សេងទៀត