ករណី​ឃាត់ខ្លួន​អតីត​អភិបាល​ខេត្តតាកែវ​ជាសារ​ព្រមាន​ដល់មន្ត្រីដែលហ៊ាន​ប្រព្រឹត្ត​ឬ?

02-04-2018 3:39 pm
  ស្តាប់
អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ។
ស្តាប់ជាសំឡេង

កាលពីថ្ងៃអាទិត្យនេះ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុង​សំណុំ​រឿង​ឃាតកម្មស្ដ្រី​ម្នាក់​ឈ្មោះ ចេវ សុវឌ្ឍនា​ ដែលជាស្រីកំណាន់របស់លោក។ ក្រុមអង្គការសិទ្ធិមនុស្ស បានសាទរ​ចំពោះ​វិធានការ​នេះ​ និងចាត់ទុកឃាត់ខ្លួនលោក ឡាយ វណ្ណៈ គឺជាសារព្រមានមួយដល់សាធារណៈជន ជាពិសេស មន្ត្រីនៃរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់កុំឱ្យបទល្មើសនេះកើតឡើងតទៅទៀត។ 

លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងការអភិវឌ្ឍដើម្បីកម្ពុជា បានគូសបញ្ជាក់ថា ករណីឃាតកម្មស្ដ្រីម្នាក់ឈ្មោះ ចេវ សុវឌ្ឍនា ជាស្រីកំណាន់របស់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ គឺជាគំរូអាក្រក់មួយ ខណៈករណីបែបនេះ កំពុងតែកើតមានច្រើននៅក្នុងសង្គមខ្មែរ។ លោកស្រីសម្តែងក្តីបារម្ភថា នៅថ្ងៃអនាគតករណីបែបនេះ អាចនឹងកើតមានបន្តទៀត។ អាចកើតឡើង ដោយសារតែគំរូល្អៗសូវមិនមាន ពោលគឺមានតែគំរូអាក្រក់ដែលអាចជះឥទ្ធិពលដល់សង្គម។

សំឡេង៖

នាយិកាអង្គការយេនឌ័ររូបនេះ បានកត់សម្គាល់ឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ករណីបែបនេះ ចេះតែបន្តកើតមានជាហូរហែ ហើយជនល្មើសមិនបានយកទៅផ្តន្ទាទោសឱ្យសមនឹងការប្រព្រឹត្តទេ។ ចំណែកស្រ្តីដែលក្លាយជាស្រីកំណាន់របស់បុរសនោះ តែងតែទទួលរងនូវសម្ពាធ ផ្លូវចិត្ត ផ្លូវភេទ ជារឿយៗផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យទី០១ ខែមេសា ឆ្នាំ២០១៨ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងសំណុំរឿងឃាតកម្មស្ដ្រីម្នាក់ឈ្មោះ ចេវ សុវឌ្ឍនា ដែលជាស្រីកំណាន់របស់ខ្លួន។ការឃាត់ខ្លួននេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីលោកផ្ទេរតំណែងចេញអភិបាលខេត្តតាកែវ ដាក់ជំនួសដោយអភិបាលខេត្តថ្មី។

លោក អំ សំអាត មន្ត្រីការពារសិទ្ធិមនុស្សរបស់អង្គការលីកាដូ លោកលើកឡើងថា ប្រសិនបើ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ប្រព្រឹត្តបទល្មើសនេះមែន វាជាអំពើធ្ងន់ធ្ងរ ព្រោះថា លោកជាអ្នកមានអំណាចក្នុងតំបន់ ហើយអ្នកជាប់ពាក់ពន្ធសុទ្ធ តែជាអ្នកមានឥទ្ធិពល។ លោកបន្ថែមទៀតថា ការឃាត់ខ្លួនលោក ឡាយ វណ្ណៈនេះ អាចជាការផ្ញើរសារមួយ ដល់សាធារណៈជន ជាពិសេស មន្ត្រីអ្នកមានអំណាចកុំឱ្យប្រព្រឹត្តបទល្មើសនេះ។

សំឡេង៖

អ្នកនាំពាក្យក្រសួងកិច្ចការនារី លោកស្រី យិន សារ៉ាក់ បានថ្លែងប្រាប់វិទ្យុវាយោនៅថ្ងៃនេះថាបច្ចុប្បន្នក្រសួងកិច្ចការនារី កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ជុំវិញករណីឃាតកម្ម នាង ចេវ សុវឌ្ឍនា ប៉ុន្តែក្រសួងគ្មានវិធានការណាមួយនោះទេ ព្រោះវាជាចំណាត់ការរបស់តុលាការ ចំពោះក្រសួងបានត្រឹមតែអំពាវនាវឱ្យរកយុត្តិធម៌ដល់ជនរងគ្រោះតែប៉ុណ្ណោះ។

សំឡេង៖

សូមរម្លឹកថា នាង ចេវ សុវឌ្ឍនា វ័យ៣៦ឆ្នាំ ជាស្រីកំណាន់របស់លោក ឡាយ វណ្ណៈ ត្រូវគេប្រទះឃើញស្លាប់ដោយចងកធ្វើអត្តឃាត នៅថ្ងៃទី២៦មករាកន្លងទៅ ត្រង់ចំណុចផ្ទះជួល ក្នុងក្រុងដូនកែវ ខេត្តតាកែវ។ ប៉ុន្តែការស៊ើបអង្កេតក្រោយៗមកទៀត សមត្ថកិច្ចដាក់ការសង្ស័យជាថ្មីថា ស្ដ្រីរងគ្រោះត្រូវបានគេធ្វើឃាត មិនមែនសម្លាប់ខ្លួនឯងឡើយ ហើយ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ផ្សេងទៀត ដើម្បីធ្វើការសាកសួរដែរ ដែលក្នុងនោះ រួមមាន លោកឡាយ វណ្ណៈ និងបងប្រុងរបស់លោកដែលជាអតីតស្នងការរងខេត្តតាកែវម្នាក់ផង។

ប៉ុន្តែយ៉ាងណាក្តី មុនការចាប់ខ្លួនមួយថ្ងៃ លោកឡាយ វណ្ណៈ បានសរសេរសារភាពនៅតាមរយៈបណ្តាញសង្គមថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា ពិប្រាកដមែន។ ប៉ុន្តែក្រោយពេលភរិយាលោកបានដឹង ទំនាក់ទំនងនេះបានផ្ដាច់ទៅវិញ ធ្វើឲ្យនាងគិតខ្លីរហូតធ្វើអត្តឃាតតែម្ដង មិនមែនលោកជាអ្នកសម្លាប់ទេ៕ 

ព័ត៌មានផ្សេងទៀត