លោក​ហ៊ុន​សែន​ស្នើ​៥​ចំណុច​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រទេស​អនុតំបន់​មេគង្គ​

31-03-2018 4:39 pm
  ស្តាប់
លោកហ៊ុន សែន ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា ថ្លែងនៅព្រឹកថ្ងៃទី៣១ ខែមីនា ក្នុងកិច្ចប្រជុំ​ពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ​លើក​ទី​៦ ។ រូបថតពី fb លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ។
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើក​ជា​សំណើ​ចំនួន​៥ ទៅ​អង្គប្រជុំ​ឱ្យ​ផ្តោត​ការយកចិត្តទុកដាក់​បន្ថែម ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ប្រទេស​មហា​អនុ​តំបន់​មេគង្គ​ឱ្យ​កាន់តែ​ល្អប្រសើរ នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ​លើក​ទី​៦ ធ្វើឡើង​នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នា​ព្រឹក​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៨ ដែល​ក្នុងនោះ​មាន​ជាអាទិ៍ ៖

​ទី​១៖ ការតភ្ជាប់​របៀង​សេដ្ឋកិច្ច​សំខាន់ៗ ដូចជា របៀង​ត្បូង​-​ជើង​, របៀង​កើត​-​លិច និង​របៀង​ភាគខាងត្បូង រួម​ទាំង​គម្រោង​សាងសង់ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត លើ​ការជំរុញ​ការតភ្ជាប់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ជាពិសេស​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ថាមពល ការជំរុញ​អនុវត្ត​កិច្ចព្រមព្រៀង​សម្រួល​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ឆ្លងកាត់​ព្រំដែន និង​ការអភិវឌ្ឍ​ទីក្រុង​តាម​របៀង​សេដ្ឋកិច្ច ដើម្បី​រួមចំណែក​ដល់​ពិពិធ​កម្ម​សេដ្ឋកិច្ច​តំបន់​ឱ្យ​កាន់តែ​ទូលាយ ។​

​ទី​២៖ ប្រទេស​មហា​អនុ​តំបន់​មេគង្គ​បង្កើន​ការយកចិត្តទុកដាក់ លើ​ការតភ្ជាប់​ផ្នែក​ទន់​ផងដែរ ដើម្បី​ទាញ​អត្ថប្រយោជន៍​ឱ្យបាន​ពេញលេញ ពី​ការវិនិយោគ​លើ​ការតភ្ជាប់​រូបវន្ត រួម​ទាំង​ការតភ្ជាប់​ឌីជីថល និង​ការផ្ទេរ​បច្ចេកវិទ្យា ព្រម​ទាំង​ពី​ការធានា​ចលនា​ដោយ​សេរី និង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​លំហូរ​ពលកម្ម ពាណិជ្ជកម្ម និង​ការវិនិយោគ ដោយ​បំពេញ​គ្នា​ទៅវិញទៅមក នៅក្នុង​ខ្សែចង្វាក់​ផលិតកម្ម​តំបន់ ។  
​ដោយ​ទទួលស្គាល់​សារៈសំខាន់​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការដឹកជញ្ជូន​ក្នុង​ការលើកកម្ពស់​ទំនាក់​ទំនង​ក្នុង​វិស័យ​ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍ ។ ប្រទេស​ជា​សមាជិក​ទាំងអស់ រួម​គ្នា​ពន្លឿន​ការអនុវត្តឱ្យ​បាន​ពេ​ញ​លេញ​នូវ «​កិច្ចព្រមព្រៀង​សម្រួល​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​» តាមរយៈ​ការធ្វើ​បច្ចុប្បន្នភាព​នីតិវិធី​អនុវត្ត  និង​ជំរុញ​អនុវត្ត​គំនិត​ផ្តួចផ្តើម​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ។​

​ទី​៣៖ បន្ត​ខិតខំ​ធានា​កំណើន​សេដ្ឋកិច្ច​មហា​អនុ​តំបន់​មេគង្គ ឱ្យ​មាន​ភាពរឹងមាំ ចីរភាព និង​បរិ​យាប​ន្ន តាមរយៈ​ការធានា​នូវ​ប្រសិទ្ធភាព​ជា​អតិបរមា នៃ​ការអនុវត្ត​កម្មវិធី​មហា​អនុ​តំបន់​មេគង្គ ។​

​ទី​៤៖ លើកទឹកចិត្ត​ដល់​ប្រទេស​ជា​សមាជិក និង​ដៃគូ​អភិវឌ្ឍន៍ មេត្តា​បន្ត​ខិតខំ​កៀរគរ​ធនធាន​បន្ថែម ដើម្បី​អនុវត្ត​ផែនការ​ប្រកបដោយ​មហិច្ឆតា​របស់​យើង ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ពេល​អនាគត ដោយ​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​តំបន់​សំខាន់ៗ​ដូចជា «​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​-​ផ្លូវ​មួយ​», «​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​» និង «​គំនិត​ផ្តួចផ្តើម​របស់​ជប៉ុន ស្តី​ពី​ភាព​ជា​ដៃគូ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​» ក៏ដូចជា​ការចូលរួម​របស់​វិស័យ​ឯកជន នៅក្នុង​ការអភិវឌ្ឍ​តំបន់​របស់​យើង​។​

​ទី​៥៖ ចំពោះមុខ ការផ្លាស់ប្តូរ​ឆាប់រហ័ស​នៃ​និម្មាបនកម្ម​តំបន់ និង​ពិភពលោក​ទាំង​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និង​ការវិវត្ត​នៃ​បច្ចេកវិទ្យា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ស្នើ​ឱ្យមាន​ការគិតគូរ​អំពី​ចក្ខុវិស័យ​វែងឆ្ងាយ​សម្រាប់​កិច្ចសហប្រតិបត្តិកា​ររ​បស់​យើង​ទៅមុខ ក្រោយ​ពី​ផែនការ​ហាណូយ​២០២២ ត្រូវបាន​បញ្ចប់ ដើម្បី​ចាប់​យក​ឱកាស និង​ត្រៀម​ដោះស្រាយ​ផលវិបាក​នានា​ជាយថាហេតុ ។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងបន្តថា កិច្ចសហប្រតិបត្តិការ​មហា​អនុ​តំបន់​មេគង្គ​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ បាន​សម្រេច​នូវ​សមិទ្ធផល​ជាច្រើន ក្នុង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​ភាព​ប្រកួតប្រជែង និង​ការកសាង​នូវ​សហគមន៍​តំបន់​ដែល​មាន​សុខសន្តិភាព វិបុលភាព និង​សាមគ្គីភាព ។ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​រូបនេះ​បាន​គូសបញ្ជាក់ថា ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ ក៏​ជា​ផ្នែក​មួយ​នៃ​ការតភ្ជាប់​អាស៊ាន​ដែរ ក្នុង​គោលដៅ​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ក្នុង​តំបន់ លើកកម្ពស់​សុខុមាលភាព និង​ជីវភាព​របស់​ប្រជាជន និង​ប្រែក្លាយ​មហា​អនុ​តំបន់​មេគង្គ​ទៅ​ជា​ចំណុច​ស្នូល​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ។​

​លោក​បន្តថា កម្មវិធី​សហប្រតិបត្តិការ​មហា​អនុ​តំបន់​មេគង្គ បាន​កំពុង​ជួយ​ដល់​ប្រទេស​ជា​សមាជិក​ទាំងអស់ ក្នុង​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ ជា​ពិសេស​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិយាប័​ន្ន តាមរយៈ​ការអនុវត្ត​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​មហា​អនុ​តំបន់​មេគង្គ​នេះ ។ ទន្ទឹមនឹងនេះ បញ្ហា​ប្រឈម​ផ្សេងៗ​ក៏​បាន​កើតឡើង​ស្របគ្នា​ដែរ រួមមាន កង្វះ​ធនធាន ហេដ្ឋារចនាសម្ព័ន្ធ​ទន់ខ្សោយ បច្ច័យ​នៃ​ការវិវត្ត​ផ្នែក​បច្ចេកវិទ្យា និង​ភាពមិនច្បាស់លាស់​នៃ​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក​នា​ពេលបច្ចុប្បន្ន ។ 

​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ​លើក​ទី​៦​នេះ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «​សមិទ្ធផល​រយៈពេល​២៥​ឆ្នាំ នៃ​កិច្ចសហប្រតិបត្តិការ និង​ការកសាង​មហា​អនុ​តំបន់​មេគង្គ​ប្រកបដោយ​ចីរភាព សមាហរណកម្ម និង​វិបុលភាព​» នា​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ចំនួន​២​ថ្ងៃ គឺ​ថ្ងៃ​ទី​៣០ - ៣១ ខែ​មីនា ។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងអស់​នឹង​អនុម័ត​ជា​ផ្លូវការ​នូវ​ផែនការ​សកម្មភាព​ទីក្រុង​ហាណូយ ឆ្នាំ​២០១៨ - ២០២២ និង​ក្របខណ្ឌ​វិនិយោគ​តំបន់ ឆ្នាំ​២០២២ ។ ក្រៅពីនេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​កម្ពុជា ឡាវ វៀតណាម នឹង​អនុម័ត​ផែនការ​សកម្មភាព​សម្រាប់​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា​-​ឡាវ​-​វៀតណាម ដល់​ឆ្នាំ​២០៣០ ព្រមទាំង​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​កំពូល កម្ពុជា​-​ឡាវ​-​វៀតណាម លើក​ទី​១០ ស្តីពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ។​

​គូសបញ្ជាក់ថា មហា​អនុ​តំបន់​មេគង្គ គឺជា​តំបន់​សេដ្ឋកិច្ច​ធម្មជាតិ​មួយ​ដែល​ចង​ភ្ជាប់​ដោយ​ទន្លេមេគង្គ គ្របដណ្តប់​លើ​ផ្ទៃដី ២,៦​លាន​គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​ប្រមាណ ៣២៦​លាន​នាក់ ។ បណ្តា​ប្រទេស​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ រាប់បញ្ចូល​ប្រទេស​កម្ពុជា សាធារណរដ្ឋ​ប្រជាមានិត​ចិន សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ប្រទេស​មី​យ៉ាន់​ម៉ា ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ។ ធនធានមនុស្ស និង​ធនធានធម្មជាតិ​ដ៏​សម្បូរបែប​នៃ​តំបន់​មេគង្គ បាន​ធ្វើឱ្យ​វា​ក្លាយ​ជា​ព្រំដែន​ថ្មី នៃ​កំណើន​សេដ្ឋកិច្ច​អាស៊ី ។ តំបន់​មេគង្គ​មាន​សក្តានុពល ក្នុងការ​ក្លាយជា​តំបន់​រីកលូតលាស់​លឿន បំផុត​របស់​ពិភពលោក ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត