មក​ស្គាល់​ល្ខោនស្បែក​មួយ​ប្រភេទ​ដែល​កូន​ខ្មែរ​មិន​សូវ​បានឮ​និងឃើញ

31-03-2018 10:23 am 1665
  ស្តាប់
ស្បែកពណ៌ដែលត្រូវបានរកឃើញដោយចៃដន្យ ក្នុងព្រះបរមរាជរាំង ក្រុងភ្នំពេញ ក្រោយរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ ។
ស្តាប់ជាសំឡេង

​សិល្បៈ​ល្ខោនស្បែក​របស់​ខ្មែរ​មាន​៣​ប្រភេទ​ធំៗ គឺ​ស្បែក​ធំ ស្បែក​តូច និង​ស្បែក​ពណ៌ ។ ល្ខោន​ស្បែក​ធំ គឺ​គេ​ប្រើប្រាស់​សំរាប់​សំដែង​រឿង រាម​កេរ្តិ៍​, ល្ខោនស្បែក​តូច គឺជា​ល្ខោន​ដែល​លេង​ចេញពី​តថភាព​សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​តាម​ស្រុកភូមិ និង​ចំណែកឯ​ល្ខោនស្បែក​ពណ៌ ឬ​ស្បែក​មធ្យម គឺ​គេ​សំដែង​តែ​នៅ​ពេល​ថ្ងៃ​ប៉ុណ្ណោះ និង​ប្រើប្រាស់​សំរាប់​សំដែង​អបអរសាទរ​ក្នុង​ពិធី​ចម្រើន​ព្រះជន្ម​ព្រះវស្សា​ព្រះរាជា​ក្នុង​ព្រះបរមរាជវាំង ។ ល្ខោនស្បែក​ពណ៌​នេះ ត្រូវបាន​បាត់បង់​ស្ទើរតែ​ទាំងស្រុង រហូត​ក៏​កើតឡើង​វិញ​និង​យក​មក​សំដែង​ជា​លើកដំបូង​ក្នុង​អំឡុង​ឆ្នាំ​២០០០ តែ​ក្រោយៗ​មក យើង​ហាក់​ពុំ​សូវ​បានឃើញ​ការសំដែង​ល្ខោន​នេះ​ទៀត​ទេ ។

​សិល្បៈ​ល្ខោនស្បែក​ពណ៌ ជា​ប្រភេទ​សិល្បៈ​ចម្លាក់​ដាប់​ទម្លុះ លើ​ស្បែក​គោ​ដែរ ប៉ុន្តែ មិនមែន​ជា​សិល្បៈ​ល្ខោន​ស្រមោល​ដូច​ស្បែក​ធំ និង​ស្បែក​តូច ឬ​អាយ៉ង​ឡើយ ។ វា​ជា​រូបចម្លាក់​ស្បែក​លាប​ពណ៌ ដូច​គំនូរ​លាប​ពណ៌​បែប​បុរាណ​របស់​ខ្មែរ ហើយ​ប្រើប្រាស់​សំរាប់​សំដែង​តែ​ក្នុងពេល​ថ្ងៃ​ប៉ុណ្ណោះ និង​មិន​ត្រូវ​ការប្រើ​ភ្លើង​ជំនួយ​ឡើយ ដោយ​ប្រើ​ផ្ទាំង​សំពត់​ពណ៌​ខ្មៅ ឬ​ពណ៌​ស្រ​គាំ ជា​ផ្ទាំង​សំពត់​សំរាប់​ជើ​ត ប្រៀប​ដូច​យក​រូបគំនូរ លាប​ពណ៌​មក​និទាន​រឿង រួមផ្សំ​និង​សិល្បករ​សំដែង​ផង ។​

​ល្ខោនស្បែក​ពណ៌ ឬ​ល្ខោន​កណ្តាល​នេះ ត្រូវបាន​បង្កើតឡើង​នៅ​សម័យ​ចតុមុខ​រវាង​ឆ្នាំ ១៨៥៩ - ១៩០៤ ដោយ​មាន​ការប្រទាន​ព្រះរាជហឫទ័យ​ទុកដាក់​ពី​ម្ចាស់​ក្សត្រី​ស៊ីសុវត្ថិ កុសុ​មៈ នារី​រ័ត្ន ។ ក៏ប៉ុន្តែ រហូតមក​ដល់​ខ្ទង់​ពី​ឆ្នាំ ១៩៣០ ឬ​១៩៤០​មក សិល្បៈ​ប្រភេទ​នេះ បាន​បាត់បង់​អាក់ខាន​លែង​បាន​សំដែង ។​

​សិល្បៈ​ល្ខោនស្បែក​ពណ៌​បាន​ងើប​ឡើងវិញ ក្រោយ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ដួលរលំ​ទៅ​ក្នុង​ឆ្នាំ​១៩៧៩ ដោយ​អ្នកជំនាញ​បាន​រកឃើញ​ដោយ​ចៃដន្យ នូវ​ផ្ទាំងគំនូរ​ស្បែក​លាប​ពណ៌​ចំនួន​២៣​សន្លឹក ដែល​ត្រូវបាន​គេ​គរ​ទុក​ចោល​នៅ​ជ្រុង​ជញ្ជាំង​នៃ​អគារ​ដ៏​ធំ​មួយ ក្នុង​ព្រះបរមរាជវាំង​ក្រុងភ្នំពេញ ។ ស្បែក​ពណ៌​ទាំងនោះ មាន​តួអង្គ​ខុសៗ​គ្នា​ជា​ច្រើន ទៅតាម​ចលនា​ផ្សេងៗ​គ្នា ដូចជា ដើរ ជិះ​ជំនិះ អង្គុយ​ពិភាក្សា ឬ​ចរចារ​គ្នា​ប្រកបដោយ​ការតុបតែង​លម្អ ដែល​បញ្ជាក់​ពី​ទីកន្លែង និង​ពេលវេលា​ខុសៗ​គ្នា ។ ក្នុងនោះ​ចលនា​ដើរ​តួអង្គ​ស្រី​មាន​ចំនួន​៧​សន្លឹក តួអង្គ​ប្រុស​មាន​ចំនួន​៦​សន្លឹក រូប​ជិះសេះ​ចំនួន​៦​សន្លឹក ជិះ​រាជរថ​មាន​ចំនួន​២​សន្លឹក រូប​អង្គុយ​ពិភាក្សា​១​សន្លឹក និង​រូប​អណ្តាតភ្លើង​១​សន្លឹក ។​

​គំនូរ​នៅលើ​ស្បែក​ទាំងអស់ ផ្ទាំង​ខ្លះ មួយ​ផ្ទាំង​មាន​តួអង្គ​តែមួយ សកម្មភាព​តែមួយ មានន័យ​ថា​សងខាង​នៃ​ផ្ទាំង​ស្បែក​នោះ ឃើញ​មាន​គំនូរ​ដូចគ្នា​តែ​មួយ​តែម្តង ។ ឯ​ផ្ទាំង​ខ្លះទៀត មួយ​ផ្ទាំង​ហាក់ដូចជា​មាន​តួអង្គ​២​ខុសគ្នា ត្បិត​គំនូរ​លាប​ពណ៌​នោះ មិន​ដូចគ្នា​ទាំងសងខាង​ឡើយ ។​

​វា​មាន​ទំហំ​មធ្យម បើ​ធៀប​ទៅ​នឹង​ស្បែក​ធំ និង​ស្បែក​តូច ឬ​អាយ៉ង ។ ក្នុងចំណោម​ស្បែក​ទាំង​២៣​សន្លឹក ដែល​យើង​កំពុង​មាន​ក្នុង​ដៃ​សព្វថ្ងៃ សន្លឹក​ដែល​ធំជាងគេ មាន​កម្ពស់ ៩០​ស​.​ម និង​ទទឹង ៧៨​ស​.​ម ។ ផ្ទាំង​នោះ គឺជា​រូបគំនូរ​រាជរថ​ដែលមាន​តួ​នាង​ម្នាក់​អង្គុយ​ចំ​កណ្តាល និង​២​នាក់​ជា​អ្នកជិះ​ពីក្រោយ​ថ្នាក់ក្រោម ហើយ​បរ​ដោយ​តួអង្គ​ប្រុស​ម្នាក់​ក្នុង​សំលៀក​បំពាក់​ពណ៌​បៃតង ទំនង​ជា​តួអង្គ​ព្រះ​ឥន្ទ្រា ព្រមទាំង​មាន​ពួក​ទេវតា​២​អង្គ ទ្រ​កង់​រាជរថ​ហោះ​នោះ​ផង ។ ឯ​រូប​តូច​ជាងគេ គឺ​រូប​តួអង្គ​ប្រុស​ម្នាក់ ក្នុង​ចលនា​ដើរ​ដែល​មាន​កម្ពស់ ៥០​ស​.​ម និង​ទទឹង ២២​ស​.​ម ។​

​ក្រោយ​ត្រួតពិនិត្យ​ដោយ​ហ្មត់ចត់ នូវ​រូបចម្លាក់​ស្បែក​ដ៏​ល្អ​ប្រណីត​ទាំងនេះ ដោយ​អ្នកជំនាញ​សំខាន់ៗ រួមមាន​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ នាំឱ្យ​យើង​ប៉ាន់ស្មាន​បាន​ថា ស្បែក​ដែល​សេសសល់​ទាំងនេះ គឺ​ប្រហែលជា​ស្នាដៃ​របស់​សិល្បករ​ជំនាញៗ នៃ​រោង​ជាង​ព្រះបរមរាជវាំង​ជាក់​ជាមិនខាន ។ ម្យ៉ាងទៀត ថ្វី​ត្បិត​តែ​ស្បែក​ទាំងនោះ នៅ​សេសសល់​តែ​ចំនួន​តិច​តួចក្តី ក៏​គង់​អាច​ធ្វើឱ្យ​យើង​ដឹង​បាន​ដែរ​ថា ស្បែក​ពណ៌​នេះ អាច​សំដែង​រឿង​រាមកេរ្តិ៍ រឿង​ឥ​ណាវ​បុស្សបា និង​រឿង​ដទៃ​ទៀត​បាន​ទៀត​ផង ។ សិល្បៈ​នេះ ត្រូវបាន​គេ​ប្រើប្រាស់​សំរាប់​សំដែង​អបអរសាទរ​ក្នុង​ពិធី​ចម្រើន​ព្រះជន្ម​ព្រះវស្សា​ព្រះរាជា គឺ​ពិធី​បុណ្យ​តាំងតុ​នោះឯង ។​

​បើ​តាម​ការបញ្ជាក់​ពី​លោក ស៊ុំ សា​ម៉ៃ សាស្ត្រាចារ្យ​ដ៏​ល្បី​ខាង​ចម្លាក់​និង​ជាងទង​នៅ​កម្ពុជា ដែល​ធ្លាប់​ទទួល​សញ្ញាបត្រ​សិល្បៈ​សូន​រូប​ពី​សាលា​រចនា​រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ឆ្នាំ​១៩៤២ កាល​ពី​ក្នុង​ឆ្នាំ​១៩៩៣ លោក​បាន​ថ្លែងថា សិល្បៈ​ស្បែក​លាប​ពណ៌​នេះ ទាំង​ចម្លាក់ ទាំង​គំនូរ​វិចិត្រកម្ម ទាំង​គំនិត​ច្នៃប្រឌិត​ក្នុង​ការតុបតែង លម្អ​កាយ​របស់​គ្រប់​តួអង្គ ជា​ស្នាដៃ​ដ៏​ល្អ​ប្រណិត​ដែល​សិល្បៈករ​ធម្មតា​ធ្វើបាន​ដោយ​កម្រ ។ លោក​សន្និដ្ឋាន​ថា ស្បែក​ទាំងនេះ ប្រាកដជា​ស្នាដៃ​របស់​សិល្បៈករ​ដ៏​ចំណានៗ​នៃ​ព្រះបរមរាជវាំង ហើយ​ការ​រចនា​ស្បែក​នេះ​ឡើង ប្រហែល​ជា​នៅក្នុង​ភាគ​ខាងចុង​សតវត្សរ៍​ទី​១៩ ឬ​នៅ​ដើម​សតវត្សរ៍​ទី​២០​ប៉ុណ្ណោះ ។​

​គ្រា​នោះ ដោយសារតែ​ការ​រក​ឃើញ​ដោយ​ចៃដន្យ និង​មាន​ការអះអាង​បញ្ជាក់​ពី​សិល្បៈ​គំនូរ​ដ៏​វិចិត្រ​ពី​អ្នកជំនាញ​នេះ បាន​ធ្វើឱ្យ​ក្រុម​អ្នកជំនាញ​សិល្បៈ​ខ្មែរ​បង្ហាញ​បំណង​យ៉ាង​មុតមាំ ចង់​ធ្វើឱ្យ​សិល្បៈ​ស្បែក​ពណ៌ ដែល​ជា​ប្រភេទ​សិល្បៈ​សំរាប់​សំដែង​ក្នុង​ពេល​ថ្ងៃនេះ​រស់​ឡើង​វិញ តាមរយៈ​ការធ្វើ​សកម្មភាព​សំដែង ជូន​ទស្សនិកជន​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​ឱ្យ​បាន​ឃើញ និង​ស្គាល់​ច្រើន​គ្នា​ផង ប៉ុន្តែ ជា​ប្រការ​គួរឱ្យ​សោកស្តាយ ភាពក្រីក្រ​ខ្វះខាត​ទាំង​ការយល់ដឹង ទាំង​សម្ភារៈ ព្រមទាំង​មាន​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត​ជាច្រើន​រំខាន​ផង បានធ្វើឱ្យ​បំណង​ប្រស់​សិល្បៈ​ស្បែក​ពណ៌​ឱ្យ​រស់​ឡើង​វិញ បាន​ជួប​ផលវិបាក​យ៉ាង​ខ្លាំង ។​

​យ៉ាងណាក៏ដោយ សិល្បៈ​ល្ខោនស្បែក​ពណ៌​នេះ ត្រូវបាន​គេ​រៀបចំ​សំដែង​ឡើងវិញ ដំបូង​នៅ​ឆ្នាំ​២០០០ ក្នុង​ពេល​ប្រារព្ធ​ពិធី​ទិវា​វប្បធម៌​ជាតិ​ថ្ងៃទី​៣ ខែ​មេសា នៅ​សាល​មហោស្រព​ចតុមុខ ដោយសារ​ជំនួយ​របស់​អង្គការ Slawson សហរដ្ឋអាមេរិក តាមរយៈ​លោក​បណ្ឌិត សំ សំអាង និង​គណៈកម្មាការ​ស្រាវជ្រាវ​សិល្បៈ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ទាំងមូល បាន​ធ្វើឱ្យ​រស់​ឡើង​វិញ នូវ​ទម្រង់​ស្បែក​ពណ៌​ដោយ​បាន​លើកយក​រឿង កូរ​សមុទ្រ​ទឹកដោះ ជា​ប្រភេទ​រឿង​ទេវ​កថា ដែល​មាន​ចម្លាក់​ជាច្រើន​នៅ​ប្រាសាទអង្គរវត្ត ប្រាសាទ​បាយ័ន និង​ប្រាសាទ​ឯទៀត យក​មក​សំដែង​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឱ្យ​បាន​ឃើញ​ជា​លើក​ដំបូង​ក្នុង​ឱកាស​នោះ ។​

​បើ​និយាយ​ពី​ការសំដែង ល្ខោនស្បែក​ពណ៌ ដែល​គេ​ប្រើប្រាស់​សំរាប់​សំដែង​ពេល​ថ្ងៃនេះ មាន​លក្ខណៈ​ខុស​គ្នា​ខ្លះៗ ពី​ការសំដែង​ល្ខោន​ស្រមោល​ស្បែក​ធំ ដែល​មាន​ជើត ជើត​រូប​ដើរ ជុំវិញ​ផ្ទាំង​សំពត់​ពណ៌​ស ឬក៏​ស្បែក​តូច ដែល​អ្នក​ជើត អង្គុយ​រូប​ពីក្រោយ ផ្ទាំងសំពត់ស ដោយ​ពឹង​លើ​ពន្លឺភ្លើង​ឆ្លុះ​យក​ស្រមោល ។ លោកអ្នក​អាច​នឹង​ងឿងឆ្ងល់​ពី​ពាក្យ​ថា​ជើត ជើត​នោះ​គឺ​មានន័យថា ជា​ឈ្មោះ​បទ​ភ្លេងពិណពាទ្យ​ម្យ៉ាង វាយ​តន្ថើន​ស្គរធំ​មិន​ដាច់​សូរ​នោះឯង ។​

​ចំពោះ​ការសំដែង​ស្បែក​ពណ៌​វិញ យើង​សង្កេតឃើញ​មាន​លក្ខណៈ ពាក់កណ្តាល​សំដែង​ល្ខោន ពាក់កណ្តាល​សំដែង​ស្បែក ពោល​គឺ​អ្នក​ជើត​ស្បែក​មាន​ស្រី មាន​ប្រុស ក្នុង​សំលៀកបំពាក់ និង​គ្រឿងអលង្ការ​ស្អាតៗ តាម​តួអង្គ​របស់​រូប​ស្បែក រួច​គេ​ជើត​ស្បែក​ចេញ​មក​ខាង​មុខ​ផ្ទាំង​សំពត់​ខ្មៅ ឬ​ពណ៌​ស្រ​គំ ពេល​ខ្លះ​គេ​បញ្ឈរ​ស្បែក និង​ផ្ទាំង​កំណាត់ រួច​គេ​សំដែង​ជា​ល្ខោន​ដោយមាន​ច្រៀង និយាយ​រៀបរាប់​ជជែក​ពិភាក្សា ឬ​ឆ្លងឆ្លើយ​ស្នេហា​ថែមទៀត​ផង រួច​ទើប​គេ​ចាប់​ស្បែក​របស់គេ ដើម្បី​ជើត​បន្តទៅទៀត ។ សម្រាប់​វង់​តន្ត្រី​ជូន​សិល្បៈ​ស្បែក​ពណ៌​នេះ​វិញ គឺ​វង់​ភ្លេងពិណពាទ្យ វង់​តូច​ដែល​មាន​ឧបករណ៍​ប្រាំ​មុខ​គឺ រនាត​ឯក គង​វង់​ធំ ស្រឡៃ​តូច សំភោ​រ ស្គរ​ធំ ហើយ​បទ​ភ្លេង​ភាគច្រើន គឺ​ខ្ចី​មក​ពី​វង់ភ្លេង​មហោរី ។​

​យ៉ាងណាក៏ដោយ សិល្បៈ​ល្ខោនស្បែក​ពណ៌​នេះ ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​អង្គការ​យ៉ូណេស្កូ ក្នុង​ឆ្នាំ​២០០១ ក៏ប៉ុន្តែ សព្វថ្ងៃ សិល្បៈ​ស្បែក​មួយបែប​នេះ មិនសូវ​មាន​អ្នកដឹង ឬ​ធ្លាប់​បានឃើញ​ឡើយ​នាពេល​បច្ចុប្បន្ន ៕ (​ដោយ​៖ គង់ ឧត្តម​)

​ឯកសា​រយោង​៖ 
១. សៀវភៅ​ទស្សនីយភាព​ខ្មែរ បោះពុម្ព​ដោយ​គណៈកម្មការ​ស្រាវជ្រាវ​សិល្បៈ​វប្បធម៌ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុង​ឆ្នាំ​២០០៣ ។​
២. km.wikipedia.org/wiki/
៣. សៀវភៅ ស្បែក​ពណ៌ និង​ស្បែក​តូច ដោយ ពេជ្រ ទុំ​ក្រវិល​

ព័ត៌មានផ្សេងទៀត