កញ្ញា​​កឹម​ ​មនោ​វិទ្យា​​ជឿ​​ថា​ ​ជប៉ុន​​នឹង​​ត្រូវ​តែ​​ធ្វើ​​ការ​សម្រេច​ចិត្ត​​មួយ​​ចំពោះ​​កម្ពុជា

30-03-2018 11:52 am 1836
  ស្តាប់
ស្តាប់ជាសំឡេង

​កញ្ញា​កឹម មនោ​វិទ្យា អនុប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន ស្នើឱ្យ​សមាជិកសភា​ជប៉ុន អំពាវនាវ​ដល់​រដ្ឋាភិបាល​ក្រុងភ្នំពេញ ដើម្បី​ធានាថា ការបោះឆ្នោត​ទូទៅ​នៅ​ខែកក្កដា​ខាងមុខ គឺជា​យុត្តិធម៌​ដោយមាន​ការចូលរួម​ពី​បក្សប្រឆាំង​។ ហើយ​កញ្ញា ជឿថា​ជប៉ុន​នឹងធ្វើ​ការសម្រេចចិត្ត​មួយ​ចំពោះ​កម្ពុជា​។ ប៉ុន្តែ​ការជឿជាក់​នេះ ត្រូវ​ភាគី​រដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា មិន​អាចទៅរួច​ទេ ព្រោះ​រដ្ឋាភិបាល​ជប៉ុន​មាន​ជំហរ​ឯករាជ្យ​។ 

ចាប់តាំងពី​ការចាប់ខ្លួន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​រំលាយ​បក្ស​នេះ​មក រាជរដ្ឋាភិបាល​កម្ពុជា បាន​ទទួលរង​ការរិះគន់​ជា​បន្ត​បន្ទាប់ពី​អន្តរជាតិ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កញ្ញា​កឹម មនោ​វិទ្យា សមាជិក​ជាន់ខ្ពស់​នៃ​គណបក្សប្រឆាំង​ដែល​បាន​រំលាយ បានស្នើ​បន្ថែមទៀត ឱ្យ​សមាជិកសភា​ជប៉ុន អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានាថា ការបោះឆ្នោត​ទូទៅ​នៅ​ខែកក្កដា ដំណើរការ​ដោយ​យុត្តិធម៌​។​

កញ្ញា កឹម មនោ​វិទ្យា ថ្លែងថា ប្រទេស​កម្ពុជា​កំពុង​ស្ថិតនៅក្នុង​វិបត្តិ​នយោបាយ គឺ​ដោយសារតែ​ប្រជាជន​កម្ពុជា​នៃ​ប្រទេស​នេះ ត្រូវបាន​គេ​ដកសិទ្ធិ​ក្នុង​ការជ្រើសរើស​អនាគត​របស់ខ្លួន ដែល​មានន័យថា ពួកគេ​ត្រូវបាន​គេ​ដកហូត​សិទ្ធិ​បោះឆ្នោត​សេរី និង យុត្តិធម៌​។ កញ្ញា​សង្ឃឹមថា សហគមន៍​អន្តរជាតិ រួមបញ្ចូល​ទាំង​ប្រទេស​ជប៉ុន អាច​មើលឃើញ​ការបោះឆ្នោត​នៅ​កម្ពុជា​ជាការ​ក្លែងបន្លំ ឬ​ជា​ការបោះឆ្នោត​ក្លែងក្លាយ ប្រសិនបើ​ស្ថានភាព​បច្ចុប្បន្ន​នៅតែ​បន្ត​។ ដូច្នេះ កញ្ញា​ជឿថា ជប៉ុន​ត្រូវតែ​ធ្វើ​ការសម្រេចចិត្ត​មួយ​" ។​

ការលើកឡើង​របស់​កញ្ញា កឹម មនោ​វិទ្យា​នេះ ធ្វើឡើង​ក្នុងពេលដែល​កញ្ញា ជួបពិភាក្សា​ជាមួយ សភា ព្រឹទ្ធិ​សភា និង សង្គម​ស៊ីវិល នៃ​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី ២៩ ខែ​មីនា ២០១៨ ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ស្តីពី​ដំណើរ​លិទ្ធិប្រជាធិបតេ​យ្យ​នៅ​កម្ពុជា​។​នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន​។​

​កញ្ញា កឹម មនោ​វិទ្យា  គឺជា​កូនស្រី​ច្បង​របស់ លោក​កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ គណបក្ស​នេះ ត្រូវបាន​បង្ខំ​ឱ្យ​រំលាយ បន្ទាប់ពី​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន ក្រោម​បទ​ចោទប្រកាន់ថា មាន​គម្រោង ផ្តួលរំលំ​រាជរដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដោយមាន​ជំនួយ​ពី​សហរដ្ឋអាមេរិក​។​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​ការលើកឡើង​របស់ កញ្ញា កឹម មនោ​វិទ្យា ជាកា​រ​បង្ខួច​កេរ្តិ៍ឈ្មោះ​របស់​ប្រទេសជាតិ​ខ្លួនឯង​។​ប៉ុន្តែ​លោក​យល់ថា  រដ្ឋាភិបាល​ជប៉ុន​នឹងមិន​ជឿ​ការឃោសនា​នេះ​ទេ​។​
​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ដដែល បាន​អះអាង​ទៀតថា សព្វថ្ងៃ​កម្ពុជា គ្មាន​ជួប​វិបត្តិ​នយោបាយ​ដូច​ការលើកឡើង​របស់​បក្សប្រឆាំង​ទេ ផ្ទុយទៅវិញ គណបក្សប្រឆាំង​ទេ មាន​វិបត្តិ​ដោយសារតែ ល្មើស​នឹង​ច្បាប់​របស់​ប្រទេស​កម្ពុជា​។​
​គួរ​កត់សម្គាល់ថា ជំនួប​រវាង​កូនស្រី​លោក កឹម សុខា ជាមួយ សភា ព្រឹទ្ធិ​សភា និង សង្គម​ស៊ីវិល​ជប៉ុន​នេះ ធ្វើឡើង​បន្ទាប់ពី​ទីប្រឹក្សា​នាយករដ្ឋមន្ដ្រី​ជប៉ុន បាន​ចោទសួរ​ត្រង់ៗ​នៅ​ចំពោះមុខ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ពី​លទ្ធភាព​នៃ​ការចរចា ឬ​កិច្ចសន្ទនា​ផ្នែក​នយោបាយ ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​ប៉ុន្តែ​សំណួរ​នេះ​ក៏​ត្រូវបាន​បដិសេធ​ដូចគ្នា​។ 

សម្រាប់​អ្នកវិភាគ យល់ថា ការចេញមុខ​ឈឺឆ្អាល​នយោបាយ​កម្ពុជារ​បស់​ប្រទេស​ជប៉ុន ដោយសារតែ​ជប៉ុន​មិន​ចង់ឃើញ​កម្ពុជា មាន​បញ្ហា​ផ្ទៃក្នុង ខណៈដែល​អ្នកវិនិយោគ​របស់ខ្លួន​កាន់តែ​កើនឡើង​។ ម្យ៉ាងវិញទៀត​ប្រទេស​ជប៉ុន​ក៏​ធ្លាប់ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ក្នុងអំឡុង​ឆ្នាំ​១៩៩០​ផងដែរ​។​

ក្រុមអ្នកវិភាគ​មើលឃើញ​ទៀតថា ទោះបី​ជប៉ុន​បង្ហាញ​នយោបាយ​ការទូត​ទន់ភ្លន់ តែ​ជំនួយ​របស់​ពួកគេ​ក៏​ទំនង​ភ្ជាប់​ជាមួយ​លក្ខណ​ប្រជាធិបតេយ្យ​ដែរ​។ ដូច្នេះ​ការចេញមុខ​របស់​ជប៉ុន ព្រៀបបាន​នឹង​យក​ទឹក​មកចាក់​លើ​ភ្លើង​ក្តៅ​៕

ដោយ៖ គួន សំបូរ

ព័ត៌មានផ្សេងទៀត