ផឹក«សុរា»​ស្នើនឹង​ប្រហារ​សុខភាព​?​

26-03-2018 8:45 am 1095
  ស្តាប់
រូបផ្លុកតំណាងនៃការផឹកស្រា។
ស្តាប់ជាសំឡេង

បច្ចុប្បន្នគេសង្កេតឃើញថា ប្រជាជនខ្មែរភាគច្រើនចូលចិត្តនាំគ្នាផឹកគ្រឿងស្រវឹង។ ពេលមានពិធីបុណ្យធំម្តងៗ ដូចជាពិធីបុណ្យ​ចូលឆ្នាំជា​ដើម គ្រឿងស្រវឹងបាន​ក្លាយជាទំនិញដែល​លក់ដាច់បំផុត។ ​តែយ៉ាងណាក្តី គ្រឿង​ស្រវឹង​ត្រូវគេ​រកឃើញថា​ ជាប្រភពបង្កបញ្ហាធំធេង​ណាស់ដល់សង្គម និងសុខភាព។ តើហេតុអ្វី​បានជាសង្គមខ្មែរ​ឱ្យតម្លៃលើគ្រឿង​ស្រវឹងខ្លាំងម្ល៉េះ? តើគួរដោះ​ស្រាយរបៀបណា? សូមស្តាប់​បទវិភាគ​ដោយគួនសំបូរ៖

គ្រឿងស្រវឹងគឺជាផលិតផលលេចធ្លោជាងគេមួយនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ជាពិសេស​ក្នុងពេល​មានពិធីបុណ្យធំៗ​ដូចជាបុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរជា​ដើម។ ផលិតផលគ្រឿង​ស្រវឹងត្រូវបាន​គេផ្សព្វផ្សាយ​យ៉ាងទូលំទូលាយ​អមជាមួយអត្ថន័យ​ទាក់ទាញបា្រក់រង្វាន់រូប​ស្រីស្អាតៗ​ដោយបង្ហាញ​ពីភាពរីករាយ ភាពទាន់សម័យ និងមានកិត្តិយស​នៅពេល​ដែលគេ​បានផឹកស្រា។

សព្វថ្ងៃស្រា កំពុងត្រូវបានគេប្រែក្លាយជានិមិត្តរូបនៃមោទនភាពជាតិ និងជាតំណាងឱ្យ​«បេះដូងខ្មែរ» ហើយ​អាចរកទិញ​បានគ្រប់ទិសទី ​និងអាចប្រើប្រាស់​បានដោយសេរី​សម្រាប់​មនុស្សគ្រប់វ័យ។ មនុស្ស​ជាច្រើន​កំពុងយក​ស្រាធ្វើជា​ត្រីមុខទៅ។ ពាក្យសម្តីដែល​គេធ្លាប់លឺចេញពីអ្នក​ផឹកស៊ី គឺមកធ្វើអី បើមកមិនផឹក? បើមិនផឹក តើមកធ្វើអី? ផឹក ផឹកឱ្យគេសែង ផឹកដើរខ្លួនឯង ផឹកធ្វើអ្វី?, ផឹក ផឹកឱ្យក្អួតចង្អោរ ផឹកមិនបានគេជេរបញ្ចោរ ផឹកធ្វើអី!,ព្រមទាំងមានតែងជាចម្រៀងជាច្រើនបទទៀតផង។

ចំណែកយុវវ័យ រួមទាំងមនុស្សចាស់ដែលមិនចេះផឹកស្រា ត្រូវបានគេចំអែចំអន់ឬត្រូវផាត់ចេញពីក្រុម មិនសូវមាន​គេរាប់រកដោយសារ​តែមិន​ចូលផឹកស្រា​ ឬគេបង្ខំឱ្យផឹក​ហើយតែមិន​ផឹកតាមគេ។ ​មនុស្សបែប​នេះ​ភាគច្រើនមិន​សូវមាន​មិត្តច្រើនទេ។ ​ពាក្យមួយឃ្លា​ដែលគេធ្លាប់​លឺគឺចេះ​ផឹកស្រាទើប​មានមិត្ត​ភ័ក្តិច្រើន​។​

ជាការពិត យើងមិនស្តីបន្ទោសទេចំពោះអ្នករកស៊ីជាមួយគ្រឿងស្រវឹង ព្រោះវាជាទីផ្សារសេរី។ប៉ុន្តែសូមឱ្យការផ្សព្វផ្សាយរបស់ខ្លួន ត្រូវគិតពីសុខភាព និងសង្គមផងដែរ។ ព្រោះថា​បច្ចុប្បន្នប្រជាជន​ខ្មែរមួយ​ចំនួនកំពុងដើរផ្ទុយ​ពីសីលធម៌សង្គម​របស់ខ្លួនហើយ​ការធ្លាក់ចុះសីលធម៌នេះ​អាចបណ្តាល​មកពីការសេពនូវគ្រឿងស្រវឹង បង្កជា ការប្រើប្រាស់​អំពើហិង្សាក្នុង​គ្រួសារការ​ចាប់រំលោភ​ប្រពន្ធកូនគេ​ជាដើម។ សកម្មភាពទាំងនេះហាក់កំពុងដើរផ្ទុយនឹងទ្រឹស្តីរបស់ព្រះពុទ្ធសាសនា និងច្បាប់ទូន្មានរបស់ដូចតាខ្មែរ។

នៅក្នុងសិក្ខាបទសីល៥របស់ព្រះពុទ្ធសាសនាបានចែងថា មិនឱ្យទទួលទាននូវទឹកស្រវឹង គឺសុរា ។ នៅក្នុងសង្គមខ្មែរ គ្រឿងស្រវឹងត្រូវបានដូនតាខ្មែរចាត់ទុកជា«អបាយមុខ»មួយក្នុងចំណោមអបាយមុខទាំងបីដែលគួរចៀសវាងគឺ«ស្រី ស្រា និងល្បែង»។

ចំណែកឯសុខភាពវិញ ស្រាជាភ្នាក់ងារបង្កជំងឺមហារីកច្រើនមុខ។ សរីរាង្គកាយមនុស្សផ្នែកណាដែលគ្រឿងស្រវឹងបានហូរឆ្លងកាត់ សរីរាង្គនោះសុទ្ធតែរងហានិភ័យអាចរាលដាលទៅកើតជាជំងឺមហារីក ពោលគឺ តាំងពីមាត់អណ្តាត បំពង់អាហារ ក្រពះ ថ្លើម ពោះវៀនតូច ពោះវៀនធំ គ្មានផ្នែកណាមួយបានរួចខ្លួនទេ។ ស្រាបៀអាចជាដើមហេតុបង្កជំងឺក្រិនថ្លើម ​ជំងឺថ្លើមរ៉ាំរ៉ៃ ​ដែលងាយនឹងវិវឌ្ឍន៍​ទៅជាដុំសាច់​មហារីករំខានថ្លើម​មិនឱ្យបំពេញ​តួនាទីដ៏សំខាន់​ដែលមិនអាចខ្វះបានរបស់មនុស្សគឺ តួនាទីបំផ្លាញជាតិពុលពីក្នុងខ្លួន ជួយរំលាយអាហារ រក្សាបំរុងទុកថាមពល និងការសំយោគសារធាតុចិញ្ចឹម (ចំណី​អាហារទៅ​ចិញ្ចឹមសរីរាង្គ)។​ នេះនៅមិនទាន់គិតរឿងគ្រោះថ្នាក់ចរាចរណ៍ផង។

ជារួមមកការផឹកនូវសុរាមានន័យថា អាចនឹងស្នើបំផ្លាញខ្លួនឯងនិងសង្គមជាតិ។ដូច្នេះដើម្បីលើកស្ទួយតម្លៃសីលធម៌សង្គម ការវៀរចាកអបាយមុខទាំងបីជាពិសេសគ្រឿងស្រវឹង ជាកិច្ចការត្រូវផ្តើមធ្វើមុនគេគឺផ្តើមចេញពីអ្នកទទួលទានខ្លួនឯង។ អ្នកទទួលទានគួរពិចារណាឡើងវិញថាតើការសេពនូវសុរាបានផ្តល់ផលវិជ្ជាមាននិង អវិជ្ជាមានអ្វីខ្លះដល់ខ្លួនឯង? ប្រសិនបើដឹងហើយ តែមិនអាចផ្តាច់បានគួររិះរកវិធីសាស្ត្រកាត់បន្ថយបន្ទិចម្តងៗឬតាមរយៈលេងកីឡាក៏បាន។ធ្វើបែបនេះ ដើម្បីចៀសវាងការអង្គុយផឹកស្ទើររាល់ថ្ងៃ ធ្វើឱ្យសុខភាពទ្រុឌទ្រោម ឬក៏ស្លាប់មុនអាយុ។

ដោយឡែក រដ្ឋាភិបាលគាំទ្រចំពោះវិធានការកន្លងមក ក្នុងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ ប៉ុន្តែ​ការយកឈ្នះ​គ្រឿងស្រវឹងបាន​ គឺអាស្រ័យទៅលើឆន្ទៈ​និងមនសិការ​របស់ស្ថាប័ន​ពាក់ព័ន្ធ។ ​ដូចជម្រាបខាងលើហើយថា សព្វថ្ងៃផលិតផលគ្រឿងស្រវឹង ត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ដូច្នេះស្ថាប័នដែល​ពាក់ព័ន្ធ គួរផ្តល់​គំនិតអំពីការ​បង្កើតគំនិតថ្មី​បង្ហាញ​អំពីការផ្សព្វផ្សាយ​ផលិតផលគ្រឿងស្រវឹង​ដោយមិនចំពោះព្រោះវិធាន​ការនេះអាច​កាត់បន្ថយបានខ្លះ៕ 

ព័ត៌មានផ្សេងទៀត