ទីបំផុត​គណបក្ស​ប្អូន​លោក​កែម​ឡី​សម្រេច​ប្តូរ​ឈ្មោះ​ទៅ​ជា​គណបក្ស​ខ្មែរ​តែមួយ​

24-03-2018 3:48 pm 1327
  ស្តាប់
រូបនិមិត្តសញ្ញាគណបក្សចាស់ (គណបក្សកែមឡី) និងរូបនិមិត្តសញ្ញាគណបក្សថ្មី (គណបក្សខ្មែរតែមួយ)
ស្តាប់ជាសំឡេង

​ស្ថាបនិក​គណបក្ស​កែម​ឡី បាន​ដាក់​ពាក្យ​ស្នើសុំ​ប្តូរ​ឈ្មោះ ទៅ​ជា​គណបក្ស​ខ្មែរ​តែមួយ នៅ​ថ្ងៃ​ទី​២៣​ខែ​មីនា ដោយ​ទទួល​បាន​ការ​បោះត្រា​ពី​នាយកដ្ឋាន​កិច្ចការ​សមាគម និង​គណបក្ស​នយោបាយ​រួចរាល់​ហើយ ។ លោក​គុជ លី អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​តែ​មួយ​បញ្ជាក់ថា គណបក្ស​លោក​បាន​រៀបចំ​ឯកសារ​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ​រួចរាល់​ហើយ ត្រង់​ថា ក្រសួង​ចេញ​ឱ្យ​ឬ​អត់ ក៏​លោក​នៅតែ​ដំណើរ​គណបក្ស​នេះ​ទៅ​មុខ​ជា​ធម្មតា ។ គណបក្ស​នេះ​គ្រោង​នឹង​ធ្វើ​សមាជ​បក្ស​នៅ​ថ្ងៃទី​០៨ ខែ​មេសា ។

​ទីបំផុត​គណបក្ស កែម ឡី ដែល​មាន​លោក កែម រិទ្ធិ​សិត ត្រូវជា​ប្អូន​ប្រុស​បង្កើត និង​ជា​ប្រធាន​គណបក្ស​មួយ​នេះ បាន​សម្រេច​ប្តូរ​ឈ្មោះ​បក្ស ពី​គណបក្ស​កែម​ឡី ទៅ​ជា​គណបក្ស​ខ្មែរ​តែមួយ មានឈ្មោះ​ជា​អក្សរ​កាត់​ថា គ​.​ខ​.​ម ក្រោយ​មាន​ការកែតម្រូវ​ពី​ក្រសួង​មហាផ្ទៃ ដើម្បី​ឱ្យស្រប​តាម​ច្បាប់​ន​យោ​បាយ​នៅ​កម្ពុជា ដែល​មិន​តម្រូវ​ឱ្យ​យក​តាម​ឈ្មោះ​រូបវ័ន្ត​បុគ្គល ។ 

​អតីត​គណបក្ស​ដែល​មានឈ្មោះ​និង​រូប​សព​លោក​កែម ឡី នេះ ក៏​បាន​ប្រកាស​ដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​គណបក្សនយោបាយ នៅ​ក្រសួង​មហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ជា​ផ្លូវការ ដោយ​មាន​បោះត្រា​ពី​នាយកដ្ឋាន​កិច្ចការ​សមាគម និង​គណបក្ស​នយោបាយ​រួចរាល់​ហើយ ។​

​គណបក្ស​ខ្មែរ​តែមួយ បានបញ្ជាក់​ថា ខ្លួន​បាន​ប្រមូល​ស្នាម​មេដៃ​ជា​សមាជិក​របស់​គណបក្ស បាន​ចំនួន ៤.០០០ នាក់ ព្រមទាំង​មាន​ឯកសារ​ដែល​ជា​បែបបទ និង​លក្ខខណ្ឌ ដែល​ត្រូវបាន​បំពេញ ដើម្បី​ទទួលបាន​នូវ​សុពលភាព ដូច​មានចែង​ក្នុង​បទ​ប្បញ្ញត្តិ​មាត្រា​៩ ត្រង់​វាក្យខណ្ឌ​ទី​២ មាត្រា​១៩​ថ្មី និង​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ។ នេះ​បើ​យោងតាម​លិខិត​សុំ​ចុះបញ្ជី​គណបក្សនយោបាយ ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ។​

​អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​តែ​មួយ លោក គុជ លី បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា គណបក្ស​ខ្មែរ​តែមួយ បាន​រៀបចំ​ឯកសារ​ជូន​ទៅ​ក្រសួង​មហាផ្ទៃ​រួចរាល់​ហើយ តែ​ត្រង់​ថា ក្រសួង​មហាផ្ទៃ​ចេញ​ឱ្យ ឬ​មិន​ឱ្យ ក៏​លោក​នៅតែ​ដំណើរការ​គណបក្ស​នេះ ដោយ​ធ្វើការ​បណ្តើរ​និង​ដោះស្រាយ​តាម​ផ្លូវច្បាប់​បណ្តើរ ។ ជាងនេះទៅទៀត លោក​ប្រាប់​ថា គណបក្ស​លោក​គ្រោង​នឹង​ធ្វើ​សមាជ​បក្ស​នៅ​ថ្ងៃទី​០៨ ខែ​មេសា ខាងមុខនេះ​…
​សំឡេង​លោក គុជ លី ៖

​វិទ្យុ​វាយោ ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ អំពី​សំណើ​ចុះបញ្ជី​ពី​ក្រសួង​មហាផ្ទៃ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​មីនា ។​

​អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​តែ​មួយ លោក គុជ លី បញ្ជាក់​ប្រាប់ថា ក្នុងចំណោម​សមាសភាព​ស្ថាបនិក​គណបក្ស​ទាំង​៧ លោក​អាច​បញ្ជាក់ប្រាប់​សមាសភាព​ជា​សហ​ស្ថាបនិក​៣​រូប​ប៉ុណ្ណោះ ក្នុងនោះ​មាន លោក កែម រិទ្ធិ​សិត ជា​ប្អូនប្រុស​សព​លោក​កែម ឡី ជា​ប្រធាន​គណបក្ស​, លោក គុជ លី ជា​អនុប្រធាន​ទី​១ និង​អ្នកស្រី ឃី ម៉េង​លីន ជា​អនុប្រធាន​ទី​២ ។​

​លោក​គុជ លី បញ្ជាក់​ដោយ​ខ្លី​អំពី​អត្ថន័យ​នៃ​រូប​និមិត្តសញ្ញា​គណបក្ស​ខ្មែរ​តែមួយ​ថា ការប្តូរ​រូប​ពី​លោក​កែម ឡី មក ជា​មនុស្ស​បីនាក់​ឱបដៃ​គ្នា គឺ​តំណាង​ឱ្យ​សាមគ្គីភាព​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ ។ មានន័យ​ថា ខ្មែរលើ ខ្មែរ​កណ្តាល ខ្មែរក្រោម គឺ​ជា​ខ្មែរ​តែមួយ គ្មាន​ការរើសអើង ។​

​បើទោះបីជា​មាន​ការផ្លាស់​ប្តូរ​ឈ្មោះ និង​រូប​និមិត្តសញ្ញា​គណបក្ស​ក្តី លោក​គុជ លី បញ្ជាក់ថា គោលការណ៍​នយោបាយរ​បស់​គណបក្ស គឺ​នៅតែ​ដដែល មានន័យ​ថា ប្តូរ​តែ​ឈ្មោះ​និង​រូប​និមិត្តសញ្ញា​ប៉ុណ្ណោះ អ្វី​គ្រប់យ៉ាង​របស់​គណបក្ស​នេះ គឺ​នៅតែ​ប្រកាន់​គោលជំហរ​ដើម​ចាស់​របស់​គណបក្ស​កែម​ឡី​ដដែល​…
​សំឡេង​លោក គុជ លី ៖

​លោក កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់​សម្លាប់​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៦ ជា​អ្វី​ដែល​គេ​ជឿ​ថា ជា​ករណី​នយោបាយ​។​

​ភរិយា​សព​លោក​កែម ឡី អ្នកស្រី ប៊ូ រចនា ធ្លាប់បាន​ប្រកាស​អះអាង​កាលពី​ថ្ងៃ​ទី​០៥ ខែ​មីនា ពី​ប្រទេស​អូស្ត្រាលី តាមរយៈ​ហ្វេ​សប៊ុក​ផ្ទាល់​ខ្លួន​ថា ក្នុងនាម​ជា​ភរិយា​របស់​លោក​កែម ឡី អ្នកស្រី​សូម​ប្រកាស​ជា​សាធារណៈ​ថា អ្នកស្រី​សូម​បដិសេធ​មិន​គាំទ្រ​ការបង្កើត​គណបក្ស​ថ្មី​នេះឡើយ ។ ដោយហេតុ​ថា តាំងពី​ដើម​រហូត​មក លោក កែម ឡី ពុំដែល​មាន​បំណង​ចង់​បង្កើត​គណបក្ស​ម្តង​ណា​ឡើយ បំណង​របស់​គាត់ គឺ​ត្រឹមតែ​ជួយ​ផ្តល់​យោបល់​គ្រប់​គណបក្ស​នយោបាយ ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ និង​ដើម្បី​ផលប្រយោជន៍ ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ និង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​ប៉ុណ្ណោះ ។​

​ស្រដៀង​គ្នា​នេះ លោក​យ៉េង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នាពេល​ថ្មីៗ​នេះ​ថា ស្ថាបនិក​គណបក្ស​ប្រជា​ធិប​មូលដ្ឋាន ដែល​ក្លាយខ្លួន​ពី​បណ្តាញ​ខ្មែរ​ដើម្បី​ខ្មែរ គឺ​បង្កើត​ដោយ​លោក កែម ឡី ។ លោក​អះអាង​ថា លោក កែម ឡី បាន​លះបង់​ជីវិត ក្នុង​បុព្វហេតុ​ស្វែងរក​យុត្តិធម៌​សង្គម សម្រាប់​ពលរដ្ឋ​ខ្មែរ និង​សង្គម​ទាំងមូល ។ លោក​បញ្ជាក់​បន្តថា កាលណា​យើង​អាច​ស្វែងរក​យុត្តិធម៌​សង្គម​បាន នោះ​មានន័យ​ថា យើង​អាច​ស្វែងរក​យុត្តិធម៌​ជូន​លោក កែម ឡី បាន​ហើយ​..
​សំឡេង​លោក យ៉េង វីរៈ ៖

​យ៉ាងណា​ក៏​ដោយ​អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​តែមួយ លោក គុជ លី បញ្ជាក់​អះអាងថា គណបក្ស​លោក​នឹង​មិន​ដើរតួ​ជា​គណបក្សប្រឆាំង​ឡើយ ។ គណបក្ស​លោក​ប្រកាន់​គោលជំហ​រតិ​ទៀន​ដើម្បី​ការស្ថាបនា​ទៅ​រដ្ឋាភិបាល​ប៉ុណ្ណោះ ដោយ​ស្របតាម​ឈ្មោះ​របស់​គណបក្ស ខ្មែរ​តែ​មួយ ។ លោក​រំពឹង​ថា ក្នុង​ការបោះឆ្នោត​នាពេល​ខាងមុខ​នេះ គណបក្ស​លោក​នឹង​អាច​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​ពី​អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត